ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនប្រេងឥន្ធនៈ និងអាជីវកម្មលក់រាយខ្នាតយក្សរបស់ថៃPTT Oil and Retail Business (PTTOR) ដែលត្រូវបានស្គាល់ថាPTT គ្រោងបង្កើនការវិនិយោគលើការបង្កើតសាខាស្ថានីយ៍ជាច្រើនបន្ថែមនៅកម្ពុជា និងបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយកាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។
លោកស្រី Jiraphon Kawswat ប្រធាននិងនាយកប្រតិបត្តិនៃក្រុមហ៊ុន PTTOR បានថ្លែងដូច្នេះថា “ការងារបន្ទាប់នៅឆ្នាំនេះ គឺពង្រីកសាខាស្ថានីយ៍ប្រេងTPP ចំនួន១៩២សាខាប្រទេសថៃ មីយ៉ាន់ម៉ា ឡាវ កម្ពុជា និងហ្វីលីពីន”។ ទោះបីយ៉ាងណាក៏ដោយ លោកស្រីមិនបានបញ្ជាក់ថា តើក្រុមហ៊ុននឹងបង្កើតសាខាស្ថានីយ៍ចំនួនប៉ុន្មាន នៅកម្ពុជានោះទេ។
កាលពីថ្មីៗនេះ ក្រុមហ៊ុនប្រកាសថា គ្រោងចំណាយដើមទុនរហូតដល់ទៅ៧៤,៦ពាន់លានបាត (ប្រមាណ២,៥ពាន់លានដុល្លារអាមេរិក) សម្រាប់ផែនការពង្រីកអាជីវកម្មស្នូលទាំង៣ របស់ខ្លួនពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។
ក្នុងចំណោមដើមទុនសរុបយ៉ាងច្រើន សន្ធឹកសន្ធាប់នេះចំនួន៣៤,៦% នឹងត្រូវយកទៅវិនិយោគ លើអាជីវកម្មប្រេងឥន្ធនៈ២៨,៦% វិនិយោគលើអាជីវកម្មមិនមែនប្រេង និង២១,៨% វិនិយោគលើអាជីវកម្មអន្តរជាតិរបស់ខ្លួន។ ហើយសល់១៥% ទៀតនឹងត្រូវវិនិយោគលើអាជីវកម្មផ្សេងៗទៀត និងលើការស្វែងរកឱកាសអាជីវកម្មថ្មីៗ។
លោកស្រី Jiraphon Kawswat បានគូសបញ្ជាក់ថា សម្រាប់អាជីវកម្មប្រេងឥន្ធនៈរបស់ខ្លួន ក្រុមហ៊ុនមានគម្រោងបង្កើនស្ថានីយប្រេងPTT នៅក្នុងប្រទេសថៃពីចំនួន១.៩៨៦ស្ថានីយ ដល់៣.១០០ស្ថានីយត្រឹមឆ្នាំ២០២៥។
សម្រាប់អាជីវកម្មមិនមែនប្រេងឥន្ធនៈរបស់ខ្លួន ក្រុមហ៊ុនមានគម្រោងពង្រីកហាងកាហ្វេ Cafe Amazon ក្នុងប្រទេសថៃ ពីចំនួន៣.១៨៦សាខា ដល់៥.៨០០សាខា។ សម្រាប់អាជីវកម្មអន្តរជាតិរបស់ខ្លួន ក្រុមហ៊ុននឹងផ្ដោតលើការពង្រីក ស្ថានីយប្រេងឥន្ធនៈ និងសាខាហាងកាហ្វេ Cafe Amazon ក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងហ្វីលីពីន៕