ខេត្តធំមួយរបស់ប្រទេសចិនស្នើសុំបង្កើតចំណងមេត្រីភាពជាមួយខេត្ត៣របស់កម្ពុជា

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ខេត្តចំនួន៣របស់កម្ពុជា ដែលកំពុងមានសក្ដានុពលក្នុងការទាក់ទាញវិនិយោគិនក្នុងនិងប្រទេស ត្រូវបានស្នើដើម្បីបង្កើតមេត្រីភាព ជាមួយនឹងខេត្តដ៏ធំមួយរបស់ប្រទេសចិនគឺខេត្ត Hubei ( ហ៊ូប៉ី ) ដែលការចងមេត្រីភាព នឹងធ្វើឱ្យខេត្តទាំងបីរបស់កម្ពុជា និងខេត្តហ៊ូប៉ីរបស់ចិន នឹងធ្វើឱ្យទំនាក់ទំនងផ្ទាល់កាន់តែស្អិតរមួតបន្ថែមទៀត។

យោងតាមសំណើររបស់រដ្ឋមន្ត្រី ក្រសួងការបរទេស ទៅសម្ដេចក្រឡាហោម សខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីចុងសប្ដាហ៍មុននេះបានឱ្យដឹងថា មន្ទីរការបរទេសខេត្តហ៊ូប៉ីរបស់ប្រទេសចិន បានស្នើបង្កើតចំណងមេត្រីភាព ( Sister Cuty ) រវាងខេត្តហ៊ូប៉ី ជាមួយខេត្តសៀមរាប ខេត្តកំពត និងក្រុងព្រះសីហនុ ក្នុងគោលបំណងបង្កើតភាពស្និទ្ធ​ស្នាល និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ ប្រជាជនរបស់ខេត្តខាងទាំងនេះ ។

នៅក្នុងសំណើរនេះបានបញ្ជាក់ថា “ខេត្តហ៊ូប៉ីជាមជ្ឈមណ្ឌលភូមិសាស្ត្រសេដ្ឋកិច្ច និងដឹកជញ្ជូនរបស់ចិន និងជាខេត្តដែលស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍ខ្សែក្រវាត់១ និងផ្លូវ១ ។ លើសពីនេះទៀត ក្រុមហ៊ុនធំៗ នៅក្នុងខេត្តបានមកធ្វើការវិនិយោគនៅកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងធនធានថាមពលជាច្រើនផងដែរ”។

លោកជិន ណារិនភ្នាក់ងារអចលនវត្ថុមួយរូបប្រចាំខេត្តកំពតបានឱ្យដឹងថា ដំណឹងនេះចាត់ទុកជាដំណឹងល្អ មួយសម្រាប់វិស័យដីធ្លីនៅក្នុងខេត្តកំពត ហើយក្នុងនាមជាអ្នកសម្រសសម្រួល និងរកទីតាំងជូនវិនិយោគិន ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគ​មន៍វិនិយោគិនថ្មីៗមកពីប្រទេសចិន ជាពិសេសខេត្តបងប្អូនហ៊ូប៉ីតែម្ដង។

លោកបានបន្តថា “មួយរយៈនេះខេត្តកំពត ហាក់ទទួលបានសក្ដានុពល កាន់តែខ្លាំង ដោយប៉ុន្មានខែមុននេះ  រដ្ឋាភិបាលកម្ពុជាបានប្រកាសបង្កើតរដ្ឋបាលក្រុងថ្មីមួយគឺក្រុងបូកគោ ដែលធ្វើឱ្យសន្ទុះនៃតម្លៃដីធ្លីបានកម្រើកឡើងមួយកម្រិត ហើយពេលនេះក៏មានដំណឹងពីការភ្ជាប់ទំនាក់ទំនងផ្ទាល់ ជាមួយខេត្តដ៏ធំរបស់ប្រទេសចិន គឺខេត្តហ៊ូប៉ី ដែលនេះ នឹងធ្វើឲ្យកម្ពុជាកាន់តែមានឱកាសរីកចម្រើនបន្ថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here