ដោយៈសុខុម
ហ្សាការតា: ប្រទេសចិន គ្រោងបើករោងចក្រផលិតបន្ទះសូឡាដ៏ធំមួយ នៅម៉ាឡេស៊ី និងស្ថាបនាផ្លូវហាយវ៉េមួយខ្សែ ប្រវែង៥៨០គីឡូម៉ែត្រនៅប្រទេសឡាវ ក្នុងកិច្ចប្រឹងប្រែង ដើម្បីទទួលបានការគាំទ្រនៅក្នុងតំបន់អាស៊ាន ខណៈសហរដ្ឋអាមេរិកកំពុងព្យាយាមទប់ទល់ឥទ្ធិពល របស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia ចុះផ្សាយនៅថ្ងៃទី៥ កក្កដា នេះ។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិរបស់ម៉ាឡេស៊ី បានប្រកាសកាលពីថ្ងៃទី២៤ ខែមិថុនា ថា រោងចក្រខាងលើនេះ នឹងត្រូវសាងសង់ដោយក្រុមហ៊ុនយក្សចិន Risen Energy ដែលបានព្រមព្រៀងវិនិយោគ ក្នុងទឹកប្រាក់ទំហំ១០,១ពាន់លានដុល្លារក្នុងឧស្សាហកម្មបន្ទះសូឡាក្នុងប្រទេសម៉ាឡេស៊ី។
មួយថ្ងៃមុននេះ ប្រទេសចិន បានបើកកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណិត ជាមួយក្រុមរដ្ឋមន្រ្តី នៃគណៈរដ្ឋមន្រ្តីក្នុងបណ្ដាប្រទេសជាដៃគូសហការ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធមានឈ្មោះថា “គំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative)។ រដ្ឋាភិបាលក្រុងប៉េកាំង បានផ្តល់វ៉ាក់សាំងកូវីដ-១៩ និងកិច្ចសហប្រតិបត្តិការ ខណៈប្រទេសទាំងនេះ កំពុងព្យាយាមធ្វើការផ្លាស់ប្តូរ ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ច ដែលបញ្ចេញឧស្ម័នកាបូនទាប។
សេចក្ដីសម្រេចបោះទុនវិនិយោគរបស់ក្រុមហ៊ុនRisen Energy ទំនងជាឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ក្រុមអ្នកធ្វើគោលនយោបាយ នៃរដ្ឋាភិបាលក្រុងប៉េកាំង។
ការប្រណាំងប្រជែងផ្នែកវិនិយោគរបស់ចិន ដែលពាក់ព័ន្ធនឹងគម្រោងសាងសង់ធំៗ និងជំនួយផ្នែកសេដ្ឋកិច្ច ត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីវ៉ាឱ្យឈ្នះសហរដ្ឋអាមេរិក ធ្វើយ៉ាងណាដណ្ដើមឥទ្ធិពលឱ្យបានកាន់តែខ្លាំងនៅក្នុងតំបន់។ រដ្ឋាភិបាលក្រុងប៉េកាំង ក៏ព្យាយាមបញ្ចុះបញ្ចូលប្រទេសនានា ដែលអន់ចិត្តចំពោះវត្តមានយោធារបស់ខ្លួន នៅសមុទ្រចិនខាងត្បូងផងដែរ។
នៅថ្ងៃទី៧ ខែមិថុនា ប្រទេសចិន បានទទួលរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅក្រុងឆុងឈីង (Chongqing) ទល់មុខគ្នាជាលើកដំបូង ក្នុងរយៈពេលប្រមាណ១៦ខែមកនេះផងដែរ។
នៅពេលនោះ លោក វ៉ាង អ៊ី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានប្រាប់លោក Luhut Binsar Pandjaitan រដ្ឋមន្រ្តីឥណ្ឌូនេស៊ី ទទួលបន្ទុកសម្របសម្រួលកិច្ចការនាវាចរណ៍ និងការវិនិយោគថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងបង្កើនការផ្ដល់ជំនួយហេដ្ឋារចនាសម្ព័ន្ធ ដល់រដ្ឋាភិបាលក្រុងហ្សាការតា ហើយនាំចូលផលិតផលរបស់ឥណ្ឌូនេស៊ី។
ប្រទេសចិន ក៏បានយល់ព្រមជាមួយប្រទេសកម្ពុជា ផងដែរកាលពីថ្ងៃទី២២ ខែមិថុនាថា នឹងពន្លឿនកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឱ្យប្រសើរឡើងបណ្ដាញផ្លូវឆ្លងកាត់ ដោយរដ្ឋាភិបាលក្រុងប៉េកាំង បញ្ជូនក្រុមអ្នកជំនាញផ្នែកបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធមកកម្ពុជា។ នៅប្រទេសឡាវ ការស្ថាបនាផ្លូវហាយវ៉េមួយខ្សែដែលមានចិន ជួយគាំទ្រនៅពីក្រោយ កំពុងតែដំណើរការ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន Xinhua News Agency ឱ្យដឹងថា រដ្ឋាភិបាលឡាវកាលពីថ្ងៃទី៧ មិថុនា បានអនុម័តការស្ថាបនាផ្លូវហាយវ៉េមួយខ្សែ ប្រវែង៥៨០គីឡូម៉ែត្រក្នុងតម្លៃ៥,១ពាន់លានដុល្លារ។
ប្រទេសវៀតណាម ដែលមហាយក្សចិន មានជម្លោះដែនដីជាមួយនៅសមុទ្រចិនខាងត្បូង ក៏ជាគោលដៅមួយស្ថិតក្នុងផែនការវិនិយោគ របស់រដ្ឋាភិបាលក្រុងប៉េកាំងផងដែរ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាមបានឱ្យដឹងថា ប្រទេសចិនបានវិនិយោគ នៅក្នុងគម្រោងចំនួន៦១ក្នុងប្រទេសវៀតណាម គិតចាប់ពីខែមករា ដល់ខែមេសា ដើមឆ្នាំ២០២១ នេះក្នុងទំហំទឹកប្រាក់សរុបប្រមាណ១ពាន់លានដុល្លារ។
រដ្ឋាភិបាលក្រុងប៉េកាំង បានប្តេជ្ញារារាំងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលប្រឹងប្រែងទាក់ទាញបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ឱ្យឈរនៅខាងខ្លួន។ ក្រុមប្រទេសឧស្សាហកម្មរីកចម្រើនទាំង៧ ឬ G7 បានព្រមព្រៀងក្នុងកិច្ចប្រជុំកំពូល កាលពីពាក់កណ្ដាលខែមិថុនាថា នឹងបង្កើតគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយ ដោយយកម៉ូឌែលតាម “គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ” របស់ចិន។
កិច្ចប្រជុំកំពូលចិន ជាមួយក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានធ្វើឡើងមិនយូរប៉ុន្មានក្រោយពីនោះ។
រាល់ពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ព្យាយាមខិតចូលកាន់តែជិតបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រដ្ឋាភិបាលក្រុងប៉េកាំង តែងតែចាត់វិធានការទប់ទល់ទៅវិញភ្លាមៗ។
ដូចនេះការវិនិយោគធំៗរបស់មហាយក្សចិន នៅក្នុងតំបន់កំពុងឆ្លុះបញ្ចាំងថា ប្រទេសនេះ កំពុងព្យាយាមបញ្ចុះបញ្ចូលបណ្ដាប្រទេសក្នុងតំបន់ ដើម្បីឱ្យប្រទេសទាំងនោះទទួលយកវត្តមានយោធារបស់ខ្លួននៅសមុទ្រចិនខាងត្បូង៕