ដោយៈ ប៊ី
ភ្នំពេញៈ អ្នកវិនិយោគចិនបានឈរនៅលំដាប់លេខរៀងទី១ ដែលជាប្រទេសបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ហើយទឹកប្រាក់ដែលចិនបានវិនិយោគនៅកម្ពុជាមានប្រមាណ២ពាន់លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២១នេះ។ នេះបើតាមរបាយការណ៍ ស្តីពីសកម្មភាពវិនិយោគនៅកម្ពុជា ឆមាសទី១ ឆ្នាំ២០២១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
របាយការណ៍បានបញ្ជាក់ថា តួលេខវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ដោយចូលរួមចំណែកប្រមាណ៦៩% នៃការវិនិយោគសរុបក្នុងឆមាសទី១ ឆ្នាំ២០២១ ខណៈដែលការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២ ដោយចូលរួមចំណែកប្រមាណ ២១%នៃការវិនិយោគសរុប។
សម្រាប់ប្រទេសឈរលេខ៣ គឺប្រទេស Cayman Islands ចំនួន៣.៣៦ភាគរយ(ប្រមាណ៩៩លានដុល្លារ) នៃការវិនិយោគសរុប លេខ៤ប្រទេស Ritisgh Virgin Islands ចំនួន២.៣៧ភាគរយ (ប្រមាណ៧០លានដុល្លារ) នៃការវិនិយោគសរុប ប្រទេសថៃ ឈរលេខរៀងទី៥ ចំនួន១.៧៧ភាគរយ (ប្រមាណ៥២លានដុល្លារ) នៃការវិនិយោគសរុប ប្រទេសសិង្ហបុរី ឈរលេខរៀងទី៦ចំនួន០.៦៨ភាគរយ (ប្រមាណ២០លានដុល្លារ) នៃការវិនិយោគសរុប ប្រទេសកូរ៉េខាងត្បូង ឈរលេខរៀងទី៧ ចំនួន០.៦៧ភាគរយ (ប្រមាណ១៩លានដុល្លារ) នៃការវិនិយោគសរុប។
ប្រទេសម៉ាឡេស៊ី ឈរលេខរៀងទី៨ ដែលវិនិយោគមកកាន់កម្ពុជាចំនួន០.៥៦% (ប្រមាណ១៦លានដុល្លារ) នៃការវិនិយោគសរុប សហរដ្ឋអាមេរិកឈរលេខរៀងទី៩ ចំនួន០.៣២% (ប្រមាណ៩លានដុល្លារ) នៃការវិនិយោគសរុប និងប្រទេសសាម័រ ឈរលេខរៀងទី១០ ចំនួន០.១៣% (ប្រមាណ៣លានដុល្លារ) នៃការវិនិយោគសរុប។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា ការវិនិយោគរបស់ចិន មានច្រើនណាស់នៅអាស៊ីនិងពិភពលោក ហើយបើនិយាយពីការវិនិយោគអចលនទ្រព្យវិញ ការវិនិយោគជនជាតិចិន ចូលចិត្តកសាងបណ្ដុំសហគមន៍របស់គេ។
លោកបានថ្លែងបន្តថា “នៅក្នុងប្រទេសកម្ពុជា តំបន់ពីរដែលជនជាតិបានចាប់ផ្ដើមកសាងសហគមន៍របស់គេ គឺនៅក្នុងខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ រួមទាំងផ្នែកខ្លះនៃខេត្តកោះកុង (តារាសាគរ)”។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយកាលពីថ្មីៗនេះបានឱ្យដឹងថា “រដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ បានឯកភាពពន្លឿននីតិវិធីផ្ទៃក្នុង សម្រាប់ការផ្តល់សច្ចាប័ន លើកិច្ចព្រមពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាទេសចរណ៍រវាងប្រទេសទាំងពីរ”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់មានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នេះ នឹងដើរតួជាកត្តាដ៏សំខាន់ក្នុងការជួយធ្វើ ឱ្យកម្ពុជា ក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិក ដែលកំពុងរកទីតាំងថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ចំណែក អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាវិញ ក៏បានមើលឃើញដូចគ្នានេះដែរ តែបានបន្ថែមថា មិនមែនតែសម្រាប់វិនិយោគិនអាមេរិកទេ ពោលគឺកម្ពុជាអាចនឹងទាក់ទាញវិនិយោគ ដែលមានសក្តានុពលពីប្រទេសផ្សេងៗទៀត ដូចយ៉ាង ជប៉ុន និងកូរ៉េខាងត្បូងជាដើមតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិននេះ៕
គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្ម ចំនួន៨៧គម្រោង ដែលមានទុនវិនិយោគ សរុបចំនួន២ ៩៦៩ ៦២៩ ៣៣៨ ដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន៥០ ០២៩កន្លែង៕