ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋាភិបាល ដែលមានក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាសេនាធិការ សម្រេចជ្រើសរើស រោងចក្រ៥០កន្លែង ដើម្បីធ្វើជាគំរូអនុវត្តបច្ចេកវិទ្យាថ្មីកាត់បន្ថយការបញ្ចេញឧស្ម័នពុល ឬហៅកាត់ថា TEST។
បណ្តារោងចក្រ សហគ្រាសទាំងនោះមានទីតាំងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។
កម្មវិធីនេះបានចាប់ផ្ដើមតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ដោយនឹងបញ្ចប់ការអនុវត្តនៅឆ្នាំ ២០២១នេះ ប៉ុន្តែដោយសារតែវិបត្តិកូវីដ កម្មវិធីនឹងត្រូវបន្តអនុវត្តដល់ឆ្នាំ ២០២២។
គម្រោងនេះ មានឈ្មោះពេញថា “គម្រោងអភិវឌ្ឍន៍ដែលបញ្ចេញកាបូនតិច ដើម្បីផលិតភាព និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថានជំហានទី២” ឬ Transfer of Environmentally Sound Technology methodology (TEST)។
TEST មានគោលដៅប្រើវិធីសាស្ត្រចម្រុះដើម្បីរោងចក្រនីមួយៗ កាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម គ្រឿងផ្សំ ថាមពលអគ្គិសនី ទឹក ប្រេងឥន្ធនៈ និងកាកសំណល់ ទិសដៅដើម្បីបង្កើនផលិតភាព គុណភាព និងការពារបរិស្ថាន។
វិធីសាស្ត្រទាំងនោះ រួមមាន ការជ្រើសរើសបច្ចេកវិទ្យាសមស្រប ការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព ផលិតកម្មស្អាត ការគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងការទទួលខុសត្រូវសង្គមរបស់រោងចក្រពីមួយៗ។
លោកទឹង ស៊ីនី រដ្ឋលេខាធិការ និងជានាយកគម្រោង TEST នៃក្រសួងឧស្សាហកម្មបានមានប្រសាសន៍ឲ្យដឹងថា តាមផែនការ គម្រោងនឹងត្រូវអនុវត្តន៍ នៅតាមក្រុមហ៊ុនរោងចក្រសរុបទាំងអស់៥០ ដែលមានទីតាំងនៅតាមបណ្តាលខេត្ត ជុំវិញរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងបាត់ដំបង។
គិតរហូតមកដល់ពេលនេះ គម្រោងបានចុះហត្ថលេខា ជាមួយក្រុមហ៊ុនបានចំនួន ៣៥កន្លែងហើយ ដោយនឹងបន្តអនុវត្តរហូតដល់ចប់តាមគោលដៅ៕