កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជាងាកចេញពីវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដ១៩

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ កម្ពុជារំពឹងទុកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននឹងជួយឱ្យសេដ្ឋកិច្ចរបស់ខ្លួនងាកចេញវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺកូវីដ១៩ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនេះ នឹងអាចចូលជាធរមានបាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ ដែលបានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកស្រីនិន សាផុនប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងមានការចូលរួមពីសមាជិក សមាជិកា នៃគណៈកម្មការជំនាញពាក់ព័ន្ធនៃរដ្ឋសភា គឺដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីកិច្ចព្រមព្រៀងនេះអាចចូលជាធរមានបាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខ។

លោករដ្ឋមន្រ្តី បានថ្លែងពីខ្លឹមសារ និងអត្ថប្រយោជន៍សំខាន់ៗ រួមមានជាអាទិ៍៖
– ការទទួលបានការបើកទីផ្សារឱ្យបានធំជាងមុន និងប្រសើរជាងមុន សម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត ស្របពេលដែលកម្ពុជាអាចផលិតបាន និងអនុលោមតាមវិធានអនាម័យ និងស្តង់ដារ។

– ការទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្ម ដែលកម្ពុជាអាចនាំចេញ ក្នុងករណីមានការបណ្តុះបណ្តាល ជំនាញ និងមានគុណវុឌ្ឍិគ្រប់គ្រាន់ ជាពិសេសនៅពេលដែលកម្ពុជាអាចពង្រឹងខ្លួនឯងឱ្យរឹងមាំ​ ក្នុងវិស័យសេវាកម្មនាពេលអនាគត។

– ផ្តល់កាលានុវត្តភាពផ្នែកវិនិយោគដល់កម្ពុជា បានកាន់តែច្រើន ដែលនឹងផ្តល់ឱកាសដល់ធុរជនកម្ពុជា ដែលមានបំណងពង្រីកទីផ្សារសេវាកម្ម និងទំនិញនាំចេញឱ្យកាន់តែសម្បូរបែបទៅកាន់ទីផ្សារចិន។

– ការទទួលបានផលប្រយោជន៍ពីការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗ ជូនប្រជាជនកម្ពុជា ហើយក៏ជាកត្តាដ៏សំខាន់ចូលរួមពង្រឹងដល់វិស័យផលិតកម្មក្នុងស្រុក។

– ការកំណត់ឱ្យកាន់តែច្បាស់នូវរាល់ នីតិវិធីទាក់ទងនឹងវិធាន ដើមកំណើតទំនិញ គយ និងសម្រួលពាណិជ្ជកម្ម អនាម័យ និងភូតគាមអនាម័យ និងរបាំងបច្ចេកទេសលើការធ្វើពាណិជ្ជកម្ម និងការធ្វើសាមញ្ញកម្ម ដើម្បីងាយស្រួលអនុវត្ត និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម។

– ការរៀបចំ និងការបង្កើតនូវបរិយាកាសវិនិយោគ និងនយោបាយទាក់ទាញវិនិយោគទុនពីបរទេសជាដើម។
លោករដ្ឋមន្រ្តីបានបញ្ជាក់ដូច្នេះថា “ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ពិតជាបានចូលរួមអនុវត្តយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ស្របតាមចំណុចទី៤ ស្តីពីការពង្រឹង សមត្ថភាពកម្ពុជា ដើម្បីបន្តសមាហរណកម្មខ្លួន ចូលក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក ដែលបានកំណត់ក្រោម ផ្នែកទី២.២.២ ស្តីពីបរិស្ថានគ្របដណ្តប់ សម្រាប់ការអនុវត្តយុទ្ធសាស្រ្តទាំងមូល”។

ជាពិសេស ក្នុងកាលៈទេសៈវិបត្តិជំងឺឆ្លងកូវីដ-១៩នេះ កិច្ចព្រមព្រៀងនេះក៏នឹងជួយដល់យុទ្ធសាស្រ្តស្តារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ដែលបានរងការញាំញីយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ព្រមទាំងជួយឱ្យមានភាពសាំនៃសង្គម -សេដ្ឋកិច្ច ក្នុងប្រក្រតីភាពថ្មីនៃសង្គមកម្ពុជា តាមរយៈកំណើននៃការនាំចេញទៅទីផ្សារចិន និងលំហូរវិនិយោគចូលមកកម្ពុជា ដែលនឹងជួយបង្កើតការងារ និងចំណូលជូនប្រជាពលរដ្ឋយើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here