កត្តាសំខាន់ៗចំនួន៣បង្ហាញថាខេត្តព្រះសីហនុមានសក្តានុពលទាក់ទាញវិនិយោគខ្លាំងនាពេលអនាគត

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ខេត្តព្រះសីហនុ ជាខេត្តគោលដៅសម្រាប់វិនិយោគិន និងទេសចរដ៏មានសក្ដានុពលនៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយទើបរដ្ឋាភិបាលបានជំរុញការអភិវឌ្ឍ និងតភ្ជាប់ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ធ្វើយ៉ាងណាសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋវិនិយោគិន និងទេសចរ។

យោងតាមការលើកឡើងរបស់អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា មានកត្តា៣ជាហេតុផលធ្វើឱ្យខេត្តព្រះសីហនុនៅតែទាក់ទាញវិនិយោគិន និងទេសចរ នៅពេលអនាគត។

លោកឃាង ភារម្យអ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឱ្យដឹងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ថា បច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋបាលខេត្តបានខំប្រឹងទប់ស្កាត់កូវីដ១៩ផង និងដៃម្ខាងទៀតខំប្រឹង អភិវឌ្ឍន៍ប្រទេសជាក់ស្ដែងនៅក្នុងខេត្តព្រះសីហនុ បើទោះបីជាមានបញ្ហាប្រឈមនឹងកូវីដ១៩មែន តែរដ្ឋបាលនៅតែបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ក្នុងផ្លូវជាងច្រើនខ្សែនៅក្នុងខេត្តព្រះសីហនុ ក៏បានសម្រេចការសាងសង់ជាស្ថាព័រ និងត្រៀមទទួលស្វាគមន៍វិនិយោគិននិងទេសចរ មកសម្រាកនិងទស្សនាតាមរមណីយដ្ឋាននានាក្នុងខេត្តនេះ។

លោកបន្ត ក្រៅពីនេះ ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ គឺជាកត្តាទាក់ទាញមួយទៀត និងនាំទេសចរអន្តរជាតិវិនិយោគិនបរទេសចូលមកកាន់ខេត្តព្រះសីហនុដោយផ្ទាល់ ដែលធ្វើឱ្យពួកគេចំណេញពេលវេលានិងថវិកាផងដែរ។ រហូតមកដល់ពេលនេះ ព្រលានយន្តហោះអន្តរជាតិកងកេងខេត្តព្រះសីហនុក៏បាននិងកំពុងបន្តពង្រីកវិសាលភាពបន្តបន្ទាប់ទៀតផងដែរ។

លោកបានថ្លែងបន្តថា ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុក៏ជាកត្តាដ៏សំខាន់មួយក្នុងការទាក់ទាញវិនិយោគិននិងទេសចរទៅកាន់ខេត្តនេះដែរ ពីព្រោះនៅពេលផ្លូវនេះសាងសង់រួច ការធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ នឹងកាន់តែឆាប់ ពីព្រោះវាបានបង្រួញផ្លូវកាន់តែជិត។

លោកបន្ថែមថា បច្ចុប្បន្ននេះខេត្តព្រះសីហនុក៏បាននិងកំពុងពន្លឿនការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ជូនពលរដ្ឋឱ្យបានគ្រប់ៗគ្នា ហើយនៅពេលចាក់វ៉ាក់សាំងបានគ្រប់គ្នា ពេលនេះវានឹងជួយកាត់បន្ថយការឆ្លងនៃមេរោគកូវីដ១៩និងអាចឱ្យខេត្តបើកដំណើរការសេដ្ឋកិច្ច ពាណិជ្ជកមមបានទូលំទូលាយឡើងវិញផងដែរ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យជឿជាក់ថា ខេត្តព្រះសីហនុនឹងក្លាយជាខេត្តទាក់ទាញវិនិយោគិនបរទេសដ៏មានសក្ដានុពលមួយបន្ថែមទៀត ហើយជាក់ស្ដែងនេះគម្រោងអភិវឌ្ឍន៍ធំៗ នៅក្នុងខេត្តនេះ ក៏បានចាប់ផ្ដើមជាបន្តបន្ទាប់ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី ។ ជាការកត់សម្គាល់វិនិយោគិនចិននៅតែឈរលំដាប់កំពូលជាអ្នកវិនិយោគច្រើនជាងគេនៅក្នុងខេត្តព្រះសីហនុក៏ដូចជាក្នុងប្រទេសកម្ពុជា ។

លោកប៉ូ អ៊ាវគង់នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យAdvance បានឱ្យដឹងថា ខេត្តព្រះសីហនុឃើញថា ការអភិវឌ្ឍវិស័យអចលនវត្ថុនៅតែទាក់ទាញវិនិយោគិនដទៃទៀត ហើយខេត្តព្រះសីហនុក៏ជាមុខព្រួញមួយរបស់រដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគិនផងដែរ។

លោកបានបន្តថា បើយើងក្រលេកទៅមើលសក្ដានុពលវិនិយោគនៅក្នុងខេត្តព្រះសីហនុ នៅកណ្ដាលក្រុងចាប់ផ្ដើមចង្អៀតហើយការអភិវឌ្ឍក៏ចាប់ផ្ដើមរីកទៅកាន់តំបន់ផ្សេងទៀតដូចជារាម និងស្ទឹងហាវជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here