ប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋនៅក្រុងភ្នំពេញមានទំហំជាង១៣០០លានដុល្លារក្នុងមួយឆ្នាំ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ យោងតាមការសិក្សាមួយបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) នៅរាជធានីភ្នំពេញបច្ចុប្បន្នមានប្រមាណ៣០%នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា ដែលមានទំហំទឹកប្រាក់លើសពី១,៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

យោងតាមអនុក្រឹត្យស្ដីពីការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ ដែលចេញផ្សាយកាលពីថ្មីៗនេះ បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរាជធានីភ្នំពេញបច្ចុប្បន្នមានប្រហែល៣០%នៃផលិតផលក្នុង ស្រុកសរុបរបស់ប្រទេសកម្ពុជា គឺលើសពី១,៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

បច្ចុប្បន្ន មានប្រជាជនច្រើនជាង១៥០ ០០០នាក់នៃទីប្រជុំជនក្រុងភ្នំពេញ ដែលរស់នៅ ខាងក្រៅព្រំដែនរាជធានី ពោលគឺនៅក្នុងខេត្តកណ្តាល ជាពិសេសនៅតាខ្មៅដែលជាផ្លូវចូលភាគ ខាងត្បូង និងនៅច្រកចូលផ្សេងទៀតតាមបណ្តោយផ្លូវជាតិលេខ១ លេខ៣ លេខ៤ និងលេខ៥។

ចំនួនប្រជាជនដែលធ្វើបម្លាស់ទីទៅមកប្រចាំថ្ងៃចូលភ្នំពេញគឺប្រហែល២៥០ ០០០នាក់ និងពលករ ដែលមកបំពេញការងារក្នុងរាជធានីភ្នំពេញ មានប្រមាណ៤០០ ០០០នាក់។ ដូច្នេះ ចំនួន “ប្រជាជន រស់នៅជាប្រចាំ”របស់រាជធានីភ្នំពេញមានប្រមាណច្រើនជាង២ ០០០ ០០០នាក់។ ការបោះទីតាំងនៃសកម្មភាពសេដ្ឋកិច្ចនានា ក៏មិនសុទ្ធតែស្ថិតនៅក្នុងព្រំដែនរដ្ឋបាលនៃរាជធានីភ្នំពេញសព្វ ថ្ងៃនេះដែរ ពោលគឺស្ថិតនៅក្នុងទីក្រុងតាខ្មៅ និងនៅតាមបណ្ដោយផ្លូវជាតិលេខ៣និងលេខ៤។ អមផ្លូវជាតិលេខ៤ សព្វថៃ្ងទទួលរោងចក្ររោង៥០នៅក្នុងរយៈចម្ងាយ២០គីឡូម៉ែត្រដែលរាប់ពី ព្រំដែនរដ្ឋបាលនៃរាជធានី។

ព្រំដែនរដ្ឋបាលទាំងនេះបង្កបញ្ហាដល់ការគ្រប់គ្រងក្រុងរួចទៅហើយ ឧទាហរណ៍ដូចជា ការត្រូវផ្គត់ផ្គង់ទឹកស្អាតឬការគ្រប់គ្រងកាកសំណល់នៃទីប្រជុំជនក្រុង ដែលលាតសន្ធឹងរហូតដល់ ខេត្តកណ្តាល។

វិទ្យាស្ថានជាតិស្ថិតិប៉ាន់ប្រមាណថា ក្រុងភ្នំពេញ នឹងមានប្រជាជនរស់នៅផ្ទាល់ និងអចិន្ត្រៃយ៍ចំនួនប្រហែល១ ៩៨៣ ០៤០នាក់នៅពេលអនាគតឆ្នាំ២០៣៥ ដែលស្របនឹងឆ្នាំន ទិសដៅប្លង់គោលនេះ។ សាលារាជធានីភ្នំពេញបានធ្វើចំណោលប៉ាន់ស្មានថានឹងមានប្រជាជន ប្រហែល២ ២៦៦ ២៨៩នាក់ នៅក្នុងទីប្រជុំជនក្រុងភ្នំពេញ ដោយរាប់បញ្ចូលទាំងប្រជាជន នៃឃុំនានាជាប់នឹងទីក្រុងនៃទីប្រជុំជននៅក្នុងខេត្តកណ្តាលផងដែរ ហើយប៉ាន់ប្រមាណថាមាន ប្រជាជនចំនួន២ ៥៤៤ ៦៥៩នាក់ ដែលនឹងរស់នៅក្នុងទីក្រុងធំទាំងមូលនោះ។

ដូច្នេះ ប្រជាជន ពាក់កណ្តាលនៃខេត្តកណ្តាលនឹងត្រូវផ្សារភ្ជាប់ជាមួយនឹងការងារនៅក្នុងទីប្រជុំជនរាជធានីភ្នំពេញ សម្រាប់ឆ្នាំគោលដៅនគម្រោងប្លង់គោលនេះ ជាមួយនឹងការរីកឡើងនូវផ្ទៃដីទីក្រុងធំមួយ។ នេះជាបញ្ហាប្រឈមសម្រាប់ការចង់បានប្រសិទ្ធភាពនៃការគ្រប់គ្រងដែនដីមួយធំសម្រាប់ ការធ្វើគម្រោងផែនការអភិវឌ្ឍន៍ ក៏ដូចជារបៀបរបបគ្រប់គ្រងដែលសមស្របបំផុតមួយដើម្បី ឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍជារាជធានីភ្នំពេញមួយធំ(Greater Phnom Penh)៕

LEAVE A REPLY

Please enter your comment!
Please enter your name here