ដោយៈវឌ្ឈនៈ
ភ្នំពេញៈ បើទោះបីជាកម្ពុជាកំពុងជួបវិបត្តិ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសយ៉ាងណាក្ដី ការអភិវឌ្ឍមួយចំនួនមិនបានផ្អាកឬបញ្ឈប់ឡើយ ផ្ទុយទៅវិញផ្នែកខ្លះ នៃវិស័យអចលនទ្រព្យមានតែពង្រីកជាបន្តបន្ទាប់ ជាពិសេសការអភិវឌ្ឍលំនៅឋាននៅក្នុងប្រទេសកម្ពុជា។
រាជធានីភ្នំពេញត្រូវបានមើលឃើញថា កំពុងតែបន្តយ៉ាងសស្រាក់សស្រាំ ពីវិនិយោគិនក្នុងនិងក្រៅប្រទេស ។ តំបន់ផ្លូវជាតិលេខ៦ ត្រូវបានមើលឃើញថាកំពុងតែមានភាពទាក់ទាញក្នុងការអភិវឌ្ឍលំនៅឋាន ដ៏មានសក្ដានុពល។
គម្រោងវិនិយោគលំនៅឋានជាច្រើន នៅតាមបណ្ដាយផ្លូវជាតិលេខ៦ ត្រូវបានមើលឃើញថា បន្តអភិវឌ្ឍជាមួយនឹងទំនុកចិត្តខ្ពស់ ទោះស្ថិតនៅក្នុងវិបត្តិយ៉ាងនេះក្ដី។ បើតាមអ្នកវិនិយោគលើលំនៅឋានជាច្រើន នៅតំបន់ផ្លូវជាតិលេខ៦បានបញ្ជាក់ថា ទោះស្ថិតនៅក្នុងវិបត្តិបែបនេះក្ដី ក៏ខ្លួននៅតែបន្តគម្រោងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយភាពជឿជាក់ ពីព្រោះពិភពលោក មិនអាចទុកឱ្យជំងឺនេះនៅបន្តលុកលុយ និងធ្វើឱ្យរាំងខ្ទប់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងពិភពលោកនោះឡើយ។
វិនិយោគិនជនជាតិសិង្ហបុរី ដែលកំពុងអភិវឌ្ឍន៍លំនៅឋានតម្លៃខ្ពស់ នៅបណ្ដោយផ្លូវជាតិលេខ៦បានឱ្យដឹងថា សម្រាប់ក្រុមហ៊ុនរបស់លោក មិនត្រឹមតែមិនផ្អាកគម្រោងអភិវឌ្ឍន៍នោះទេ តែលោកក៏កំពុងសម្លឹងមើលពីឱកាសក្នុងការវិនិយោគ ជាបន្តបន្ទាប់ទៀត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជា ពីព្រោះបើសិនជាចប់កូវីដ១៩ពេលណា ទើបយើងចាប់ផ្ដើមគម្រោង នោះយើងនឹងចាញ់វិនិយោគិនដទៃទៀតដែលបានចាប់ផ្ដើមមុនយើង ។
លោកប៉ូ អ៊ាវគង់ ប្រធានក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថា ផ្លូវជាតិលេខ៦ពេលនេះ កំពុងតែទាក់ទាញលើគម្រោងអភិវឌ្ឍន៍លំនៅឋាន ដ៏មានសក្ដានុពល ។ ជាក់ស្ដែងបច្ចុប្បន្នលើបណ្ដោយផ្លូវជាតិលេខ៦អា យើងមើលឃើញថាមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាច្រើនបាន និងកំពុងសាងសង់យ៉ាងមមាញឹក ទាំងវិនិយោគិនក្នុងស្រុកនិងអន្តរជាតិ ។
លោកបន្តថា “អ្វីដែលពិសេសនោះ តំបន់ផ្លូវជាតិលេខ៦អាពេលនេះ វាលែងជាតំបន់ដែលនៅឆ្ងាយពីភ្នំពេញទៀតហើយ ព្រោះយើងមានស្ពានតភ្ជាប់ពីភ្នំពេញ មានហេ ដ្ឋារចនាសម្ព័ន្ធ និងមានគម្រោងរបស់រដ្ឋជាច្រើនក៏បាន និងកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់នៅតំបន់ទាំងនោះ។
ជាមួយគ្នានេះ ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានបន្ថែមថា ការមានដងទន្លេព័ទ្ឋជុំវិញ បានធ្វើឲ្យតំបន់នេះផ្តល់នូវបរិយាកាសត្រជាក់ ជាមួយសំណើមធម្មជាតិ ដែលបានធ្វើឲ្យអ្នករស់នៅតំបន់នេះមានអារម្មណ៍រីករាយ និងស្រស់ស្រាយក្រោយពេលក្រោកពីដំណេក។
លោកបន្តថា “ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋខ្វាត់ខ្វែង ជាមួយនឹងពហុកីឡាដ្ឋាន និងទីក្រុងចិននាពេលអនាគត តំបន់ផ្លូវជាតិលេខ៦អា បាននិងកំពុងក្លាយជាទីក្រុងរណបយ៉ាងស៊ីវិល័យមួយនាពេលអនាគត”៕