អ្នកជំនាញៈទីផ្សារដីឡូត៍ចាប់ផ្តើមប្រែពណ៌ជាមួយនឹងការពង្រីកទំំហំធំជាងមុន

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមអ្នកជំនាញបាននិងកំពុងមើលឃើញថា ទីផ្សារដីឡូត៍កាន់តែមានការវិវត្តល្អប្រសើរ ដោយទំហំដីឡូត៍កាន់តែត្រូវពង្រីក ដោយផ្តោតលើដីឡូត៍លំហែរកាយកាន់តែច្រើន។

ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា លោកយិន លាងគង់បានមានប្រសាស​ន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី១៣ កក្កដាកន្លងមកថា បច្ចុប្បន្នអ្នកពុះដីឡូត៍កាន់តែច្រើន បានពង្រីក ការធ្វើពិពិធកម្មផលិតផលរបស់ពួកគេ ដោយចាប់ផ្តើមសាងសង់ផ្ទះតម្លៃសមរម្យសំរាប់លក់ និងបាននិងកំពុងពុះដីឡូត៍ធំៗ ដែលផ្តោតលើគំរោងបែបលំហែរកាយ។

លោកបន្តថា “ជំងឺកូវីដ១៩បានធ្វើឲ្យប្រជាជនស្រ្តេសច្រើន ពួកគាត់រកទីកន្លែងសំរាប់់លំហែរកាយកាន់តែច្រើន ស្របពេលការធ្វើដំណើកំសាន្ត នៅក្រៅប្រទេសមិនអាចធ្វើបាន”។លោកបន្តថា “ការសាងសង់ផ្ទះលំហែរកាយជាបឹងហ្កាឡូ ការបោះតង់កាន់តែពេញនិយម នៅតាមបណ្តាខេត្តជាប់តំបន់ឆ្នេរ និងតំបន់ព្រៃភ្នំដែលមានទេសភាព និងខ្យល់អាកាសបរិសុទ្ឋ”។

លោកយិន លាងគង់បានបន្តថា បច្ចុប្បន្នមានគំរោងដីឡូត៍មូយចំនូន នៅជើងភ្នំបូកគោ កំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីប្រជាពលរដ្ឋ។ ការទិញដីឡូត៍ សំរាប់សាងសង់ផ្ទះលំហែរ ក(ចូលរួមចំណែកយ៉ាងល្អប្រសើរ ដើម្បីលើកកំពស់ទេសចរណ៍ផង និងចាក់ចូលធនធានក្នុងមូលដ្ឋានផងដែរ។

ការពង្រីកមូលដ្ឋានសេដ្ឋកិច្ច និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាគោលនយយោបាយមួយរបស់ក្រសួងទេសចរណ៍ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋអាច​ចាយវាយសាច់ប្រាក់នៅក្នុងប្រទេសច្រើន ដែលជាការរូមចំណែកកាត់បន្ថយភាពក្រីក្រផងដែរ។

លោកឆម ចំរើនអគ្គនាយកក្រុមហ៊ុនAdsolutionបានមានប្រសាសន៍ថា ការដើរកំសាន្តនៅក្នុងប្រទេស និងការទិញដីឡូត៍សំរាប់លំហែរកាយ បានកើនឡើងខ្ពស់ចាប់តាំងពីមានជំងឺកូវីដមក។ បញ្ហានេះបានជួយធ្វើឲ្យទីផ្សារដីឡូត៍លំហែរកាយ កើនឡើង ប្រជាជនមានធនធាន បានចាប់អារម្មណ៍វិនិយោគដីឡូត៍ ដើម្បីសាងសង់ផ្ទះឬទិញផ្ទះនៅក្នុងគំរោងលំហែរកាយ ដែលបានរៀបចំឡើងដោយអ្នកអភិវឌ្ឍន៍នានា។

លោកបន្តថា ចាប់ពីពេលនេះ រហូតដល់ពេលអនាគត ទីផ្សារដីឡូត៍លំហែរកាយនឹងមានទីផ្សារកាន់តែច្រើន ខណៈប្រចាពលរដ្ឋមានជីវភាពធូរធារកើនឡើង ពិសេសប្រ​ជា​ពលរដ្ឋខ្មែរ ចូលចិត្តដើរកំសាន្តច្រើនជាងពេលមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here