ដោយៈវឌ្ឈនៈ
ភ្នំពេញៈ វិបត្តិកូវីដ១៩បានអូសបន្លាយជាយូរ ចាប់តាំងពីកម្ពុជាជួបប្រទះនឹងការឆ្លងរីករាលដាលនៅក្នុងសហគមន៍២០ កុម្ភៈ ដែលធ្វើឱ្យវិបត្តិផ្សេងៗបានកើនឡើងជាបន្តបន្ទាប់ ក្នុងនោះការទិញលក់ដីធ្លីនៅក្នុងវិបត្តិនេះដែរក៏មានបញ្ហាដែរ តែរក្សាតម្លៃនៅដដែល។
ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានឱ្យដឹងនាព្រឹកថ្ងៃទី១៤ កក្កដានេះថា ដីធ្លីនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មិនមានការធ្លាក់ថ្លៃទេ សម្រាប់តម្លៃដាក់លក់ ប៉ុន្តែជាការពិតនៅពេល ដែលមានការរីករាលដាលនៃកូវីដ១៩ ជាពិសេសនៅក្នុងសហគមន៍២០កុម្ភៈ ២០២១ ធ្វើឱ្យចរន្តនៃការទិញលក់ដីធ្លី នៅក្នុងប្រទេសកម្ពុជាមានការថមថយ ធ្វើឱ្យអ្នកលក់ច្រើនជាងអ្នកទិញ ហើយអ្នកទិញកាន់តែមានជម្រើស។
លោកថា “ថ្វីតត្បិតតែតម្លៃនៃការដាក់លក់ លើទីផ្សារមិនមានការធ្លាក់ចុះ ក៏ពិតមែន តែប្រតិបត្តិការនៃការទិញលក់ក៏មានការធ្លាក់ចុះមួយកម្រិតដែរ”។លោកបន្តថា នៅក្នុងវិបត្តិនៃកូវីដ១៩នេះ ការដាក់លក់តែងតែមានអ្នកលក់ ដែលត្រូវការលក់បន្ទាន់ ត្រូវការលុយ និងអ្នកលក់ដែលលក់តាមដំណើរ ដូច្នេះអ្នកទិញគេមើលអ្នកណាដែលត្រូវការលក់បន្ទាន់ ហើយអាចចរចាតម្លៃជាមួយអ្នកលក់បាន ដូច្នេះគេអាចទិញដីធ្លីក្នុងតម្លៃមួយទាបជាងទីផ្សារ”។
ប៉ុន្តែនៅតំបន់ខ្លះទៀត បើទោះបីជាមានបញ្ហាកូវីដ១៩ក្ដី ក៏តម្លៃដីធ្លីមិនបានធ្លាក់ចុះនោះទេ ពោលគឺនៅរក្សាដដែល និងតំបន់ខ្លះទៀតបែរជាឡើងថ្លៃជាងទីផ្សារទៅវិញ។ តំបន់ដែលដីឡើងថ្លៃរួមមាន តំបន់ជុំវិញព្រលានយន្តហោះថ្មី តំបន់មួយចំនួនស្ថិតក្នុងស្រុកខ្សាច់កណ្តាល និងតំបន់ស្ថិតនៅក្នុងស្រុកល្វាឯម ខេត្តកណ្តា។
លោកសំ សុខនឿនបានបន្ថែមថា តំបន់កណ្ដាលក្រុងភ្នំពេញ តម្លៃដីធ្លីទិញលក់ពិតប្រាកដមួយចំនួន បានធ្លាក់ចុះក្រោមទីផ្សារ តែសម្រាប់តំបន់ ជាយក្រុងនៅតែមានឱកាសឡើងថ្លៃទោះបីជាមានវិបត្តិកូវីដ១៩ ក៏ដោយជាក់ស្ដែងនៅតំបន់ព្រលានយន្តហោះថ្មី ពីព្រោះតំបន់នេះកំពុងតែមានការអភិវឌ្ឍខ្លាំងពីសំណាក់វិនិយោគិន។
អ្នកជំនាញអចលនវត្ថុមួយរូបទៀតលោកសន សៀបក៏បានបញ្ជាក់ផងផដែរ ចង់វិនិយោគដីធ្លី ដែលទទួលបានប្រាក់ចំណេញគឺត្រូវរកតំបន់ ដែលនៅឆ្ងាយៗពីរាជធានីភ្នំពេញ ក្នុងនោះតំបន់ប៉ែកខាងត្បូងជាតំបន់ ដែលកំពុងមានសក្ដានុពលខ្ពស់និងអាចរកប្រាក់ចំណេញពីការវិនិយោគដីធ្លីបាន៕