អ្នកជំនាញបញ្ជាក់ថាតម្លៃដីធ្លីជុំវិញទីក្រុងភ្នំពេញ៥០គីឡូម៉ែត្រកើនឡើងដល់១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ទោះបីជាកម្ពុជាជួបវិបត្តិនឹងជំងឺកូវីដ១៩ និងបានជះឥទ្ធិពលអាក្រក់ដល់វិស័យជាច្រើនក្ដី តែសម្រាប់តម្លៃដីធ្លីនៅតែបន្តរក្សាតម្លៃមួយល្អប្រសើរ ជាក់ស្ដែងតម្លៃដីធ្លីនៅជុំវិញរាជធានីភ្នំពេញជា ពិសេសតម្លៃដីនៅតាមបណ្ដោយផ្លូវជាតិសំខាន់ៗ នៅតែរក្សាបានល្អ។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានឱ្យដឹងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ថា នៅតម្លៃដីធ្លីនៅជុំវិញរាជធានីចម្ងាយ៥០គីឡូម៉ែត្រ គឺនៅតែល្អប្រសើរ ក្នុងរង្វន់មិនក្រោម១០០ដុល្លារអាមេរិកទេក្នុងមួយម៉ែត្រការ៉េ។ ផ្លូវជាតិលេខ៤ ៥០គីឡូម៉ែត្រពីភ្នំពេញអាចនិយាយថា ហួសទីរួមខេត្តកំពង់ស្ពឺទៅទៀត តម្លៃដីធ្លីខ្ទង់១០០ដុល្លារអាមេរិកដែរ។

លោកបានបន្តថា ផ្លូវជាតិសំខាន់ៗផ្សេងទៀតដូចជាផ្លូវជាតិលេខ៦ ចេញពីក្រុង៥០គីឡូម៉ែត្រហើយក៏តម្លៃនៅជុំវិញ១០០ដុល្លារអាមេរិកដែរ ហើយផ្លូវជាតិ១ក៏ដូចគ្នា ចេញពីក្រុង៥០គីឡូម៉ែត្រក៏តម្លៃប្រហាក់ប្រហែលគ្នានេះដែរ។

លោកបន្ថែមថា បើយើងប្រៀបធៀបតម្លៃដីធ្លីនៅជុំវិញរាជធានីភ្នំពេញ៥០គីឡូម៉ែត្រដូចគ្នា គ្មានតំបន់ណាថោកជាងតំបន់អរិយក្សត្រនោះទេ។ តំបន់ 7NG បើយើងវាស់ចេញពីភ្នំពេញទៅមានចម្ងាយប្រហែលជា៣០គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែតម្លៃដីធ្លីនៅក្រោម១០០ដុល្លារអាមេរិកនៅឡើយទេ។

លោកបានថ្លែងថា នៅស្រុកល្វាឯមក្នុងតំបន់អរិយក្សត្រវិញក៏ដូចគ្នាដែរ តម្លៃដីធ្លីខ្លះមានត្រឹម២០ដុល្លារឬ៣០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយគីឡូម៉ែត្រ ដែលអាចបញ្ជាក់ថាតំបន់ទាំងនេះតម្លៃនៅទាបជាងតំបន់ផ្សេងទៀតដែលមានផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធស្អាតល្អ។

លោកបានបញ្ជាក់ដូច្នេះថា “តំបន់ទាំងនេះរង់ចាំតែស្ពានមកដល់ រង់ចាំតែរដ្ឋាភិបាលសាងសង់ស្ពានប៉ុណ្ណោះ វានឹងឡើងថ្លៃ។ តែបើទោះបីជាស្ពានមិនទាន់សាងសង់ក៏ពិតមែនក្ដី អ្នកវិនិយោគក៏គួរតែសម្លឹងមើលពីតំបន់នេះរួចជាស្រេច ព្រោះមិនយូរទេ រដ្ឋាភិបាលនឹងសាងសង់ស្ពានឆ្ពោះទៅតំបន់អរិយក្សត្រជាក់ជាមិនខាន”។

លោកសុខ នឿនបានឱ្យដឹងទៀតថា បើទោះបីជាតម្លៃដីធ្លីនៅតំបន់អរិយក្សត្រ ស្រុកខ្សាច់កណ្ដាលនិងស្រុកល្វាឯមនៅមានកម្រិតក៏ពិតមែន ប៉ុន្តែបើធៀបនឹងពីមុនតម្លៃនេះ បានឡើងជាបន្តបន្ទាប់ ហើយនៅតែបន្តការកើនឡើងបន្តទៀត ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺកុវីដ១៩ក៏ដោយ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានឱ្យដឹងផងដែរថា ការរីកសាយនៃទីក្រុងធ្វើឱ្យតម្លៃដីធ្លីនៅតំបន់ជាយៗក្រុងកាន់តែឡើងថ្លៃ ហើយវាកាន់តែរីកសាយទៅកាន់តំបន់ជាយៗក្រុងកាន់តែឆ្ងាយថែមទៀត។ ការវិនិយោគដីធ្លីនៅកម្ពុជានៅតែមានឱកាសទូលាយ ដោយសារតែក្នុងតំបន់តម្លៃដីធ្លីនៅកម្ពុជានៅមានកម្រិតនិងមានឱកាសក្នុងការឡើងថ្លៃបន្តទៀតនៅពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here