គម្រោងយក្សតម្លៃ១,៨ពាន់លានដុល្លាររបស់ម៉ាឡេស៊ី ជាមួយក្រុមហ៊ុនផ្លូវដែកចិន China Railway ត្រូវជាប់គាំង

0

ដោយ សុខុម

គូឡាឡាំពួ: កិច្ចព្រមព្រៀងសម្រាប់គម្រោងអភិវឌ្ឍន៍ដ៏ធំមួយនៅជិតទីក្រុងគូឡាឡាំពួ រវាងរដ្ឋាភិបាលម៉ាឡេស៊ី ក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក Iskandar Waterfront Holdings (IWH) និងក្រុមហ៊ុនផ្លូវដែកចិន China Railway នឹងមិនដំណើរការ តាមអ្វីដែល គូភាគីបាន ព្រម ព្រៀង គ្នា ឡើយ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី១៥ កក្កដា។

គូភាគីបានចេញសេចក្ដីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធ ទី១៤ កក្កដា ថា កិច្ចព្រមព្រៀងទំហំ១,៧៧ពាន់លានដុល្លារអាមេរិក សម្រាប់ការទិញយកភាគហ៊ុន៦០%ក្នុងគម្រោងពាណិជ្ជកម្មចម្រុះ Bandar Malaysia រវាងក្រុមហ៊ុន Iskandar Waterfront Holdings (IWH) និង ក្រុមហ៊ុនផ្លូវដែកចិន China Railway Engineering Corp (CREC) បានឈានដល់ការជាប់គាំងកាលពីថ្ងៃទី៦ ឧសភា បន្ទាប់ពីខ្វែងគំនិតគ្នាជុំវិញលក្ខខណ្ឌនានា។

គម្រោង Bandar Malaysia គឺជាគម្រោងសាងសង់ស្ថានីយសម្រាប់ការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនរវាងក្រុងគូឡាឡាំពួ និងប្រទេសសិង្ហបុរី។ គម្រោងដែលកាន់កាប់ដោយក្រុមហ៊ុនរដ្ឋ TRX City ក្រោមចំណុះក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី នេះត្រូវបានប្រកាសជាផ្លូវការក្នុងឆ្នាំ២០១១ ប៉ុន្តែ ត្រូវ បានលុបចោលវិញក្នុងឆ្នាំ២០១៧។ ទោះជា យ៉ាងណា គម្រោង នេះ ត្រូវបានព្រមព្រៀងឱ្យបន្តឡើងវិញនៅខែមេសា ឆ្នាំ២០១៩ ។

សេចក្ដីថ្លែងការណ៍ដដែលលើកឡើងថា គូភាគីបានប្រឹងប្រែងអស់លទ្ធភាពហើយ នៅក្នុង ការរិះរកដំណោះស្រាយ ដើម្បីរក្សាការចាប់ដៃគូសហការគ្នានេះ ប៉ុន្តែ “ទោះជាខិតខំប្រឹងប្រែងបែបនេះក្ដី ក៏រហូតមកទល់បច្ចុប្បន្ន គូភាគី មិនទាន់ អាចឈាន ដល់ ការ ព្រមព្រៀងគ្នាលើលក្ខខណ្ឌនៃការពន្យារពេលកិច្ចព្រមព្រៀងនេះដដែល”។

ក្រុមហ៊ុន IWH-CREC ដែលជាអ្នកអភិវឌ្ឍន៍ក្នុងគម្រោងបណ្តាក់ទុនរួមគ្នានេះបានបង់ប្រាក់តម្កល់ចំនួន២៩៥លានដុល្លារអាមេរិក ឱ្យ ទៅរដ្ឋាភិបាល ម៉ាឡេស៊ី កាលពីឆ្នាំមុនដើម្បីឱ្យខ្លួនអាចចាប់ផ្ដើមការងារលើគម្រោង Bandar Malaysia។

ការដាក់តម្កល់ប្រាក់នោះបានជំរុញឱ្យក្រុមហ៊ុន IWH ធ្វើផែនការចុះបញ្ជីនៅក្នុងឆមាសទី១ ដើមឆ្នាំ២០២១ ដើម្បី កៀរគរ ដើមទុនឱ្យបានយ៉ាងតិច១,១៩ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុន TRX City និយាយថា ខ្លួននៅតែប្តេជ្ញាចិត្តចំពោះគម្រោងនេះ ហើយថា “ផែនការអាជីវកម្ម និង ពាណិជ្ជកម្ម ណាមួយ នៅពេល អនាគតនឹងត្រូវធ្វើឱ្យល្អិតល្អន់ដោយគិតគូរ ឱ្យ បានគ្រប់ជ្រុងជ្រោយរាប់ចាប់ពីស្ថានភាពទីផ្សារ និងរបៀបវារៈសេដ្ឋកិច្ចសង្គមរបស់ជាតិ”។

សេចក្តី ថ្លែងការណ៍ដដែលលើកឡើងថា ក្រុមហ៊ុនផ្លូវដែកចិន China Railway Group នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន TRX City ក្នុង កិច្ចសហប្រតិបត្តិការនាពេលអនាគតនៅក្នុងប្រទេសនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here