ដោយ រតនៈ
ភ្នំពេញ៖ ចូលរួមជាមួយរដ្ឋាភិបាល តាមរយៈការអភិវឌ្ឍធនធានមនុស្សក្នុងសង្គម ក្រុមហ៊ុន ប៉េង ហួត ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីសប្បុរសធម៌”កាតាបនៃក្តីសង្ឃឹមលើកទី២” នេះឡើង។
កម្មវិធីនេះត្រូវបានរៀបចំឡើងកាលពីចុងសប្តាហ៍មុន ដែលបានធ្វើឡើងនៅសាលាបឋមសិក្សា ត្រពាំងថ្ម ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ឋផងដែរ។
លោកអ៊ុក វីឡា នាយកធនធានមនុស្សនៃក្រុមហ៊ុនប៉េង ហួត គ្រុប បានមានប្រសាសន៍ថា “ក្រុមហ៊ុន ប៉េង ហួត គ្រុប មានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការចូលរួមក្នុងកម្មវិធីចែករំលែកកាតាបនៃក្តីសង្ឃឹម របស់កុមារដល់សិស្សានុសិស្ស សាលាសាលាបឋមសិក្សាត្រពាំងថ្ម នាពេលនេះ។ លោកបន្តទៀថា សិស្សានុសិស្សគឺជាទំពាំងស្នងឬស្សី ជាធនធានដ៏សំខាន់ ជាក្ដីសង្ឃឹមសំរាប់ក្រុមគ្រួសារនិងប្រទេសជាតិ ខ្ញុំសំឡឹងឃើញនូវសក្តានុពលជាអ្នកដឹកនាំប្រទេសជាតិ ជាអគ្គនាយកក្រុមហ៊ុនឯកជន ជាវេជ្ជបណ្ឌិត វិស្វករឬស្ថាបត្យករ និងជាពិសេសជាសាស្ត្រាចារ្យ និង លោកគ្រូអ្នកគ្រូនាពេលអនាគត។
លោកបន្តថា ទោះបីចង់ក្លាយជាអ្នកដឹកនាំប្រទេស ឬជាសាស្ត្រាចារ្យ ប្អូនៗក្មួយៗត្រូវខិតខំប្រឹងប្រែងពីពេលនេះទៅ ពីព្រោះការខិតខំប្រឹងប្រែង តស៊ូ និង អំណត់អត់ធនជាឬសគល់នៃភាពជោគជ័យ កុំគិតថាដោយសារគ្រួសារក្រីក្រប្រហែលជាមិនអាចសម្រេចក្ដីស្រមៃដែលចង់ក្លាយជាសាស្ត្រាចារ្យឬជាវិស្វករបានទេ។
អភិបាលរងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោកវន ស៊ីថាបានថ្លែងថា កិច្ចការងាររដ្ឋមួយចំនួន ដែលអាចប្រព្រឹត្តទៅបាន ដោយមានការជួយជ្រោមជ្រែងពីវិស័យឯកជន តួយ៉ាងដូច កម្មវីធីប្រគល់សម្ភារសិក្សា ជូនដល់សិស្សានុសិស្ស នាថ្ងៃនេះអីចឹង ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំឡើងយ៉ាងដូច្នេះដែរ។ លោកបានកោត សរសើរចំពោះក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាស្ថាប័នឯកជនមួយ ជានិច្ចកាលតែងតែគាំទ្រ ជួយមកដល់សង្គមវិញ រួមមានការសាងសង់សាលារៀន ផ្លូវថ្នល់ ព្រះវិហារ ជាដើម ដែលសកម្មភាពទាំងនេះ បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍសង្គមជាតិ”។
លោកនាយកធនធានមនុស្ស នៃក្រុមហ៊ុនប៉េង ហួត គ្រុប បានជូនកាតាបនិងសម្ភារៈសិក្សាដល់តំណាងសិស្សានុសិស្សចំនួន១៥រូប។ បន្ទាប់មកក្រុមការងារក៏បានចាប់ផ្តើមចែកកាតាប និងសម្ភារៈដល់សិស្សានុសិស្សចំនួន៦២៨នាក់ ប្រកបដោយទឹកមុខរីករាយ ស្រស់ស្រាយ និងស្និទស្នាលបំផុត។ ក្រៅពីសកម្មភាពដូចបានរៀបរាប់ខាងលើ បុគ្គលិក របស់ក្រុមហ៊ុនប៉េង ហួត គ្រុបបានបង្កើតកម្មវិធីសប្បាយៗ ដល់សិស្សានុសិស្ស ដូចជាកម្មវិធីផាត់រូបភាព និងថតរូបកំសាន្តផងដែរ៕