ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ជាមួយនឹងផែនការពង្រីករាជធានីភ្នំពេញ សម្រាប់មនុស្ស៦លាននាក់នៅឆ្នាំ២០៣៥ខាងមុខ រដ្ឋាភិបាលបានចាត់ទុកថារាជធានីភ្នំពេញ គឺជាកំលាំងចលករសម្រាប់ការអភិវឌ្ឍ។
យោងតាមអនុក្រិតស្តីពី ការដាក់ឲ្យអនុវត្តន៍ប្លង់គោលប្រើប្រាស់ដី រាជធានីភ្នំពេញបានឲ្យដឹងថា ការវិនិយោគទុនដើម្បីលើកកំពស់ទីក្រុង គឺជាភាពចាំបាច់និងផ្តល់ផលប្រយោជន៍ដល់ទីក្រុង ស្របពេលរាជធានីភ្នំពេញមានមុខងារជារាជធានី ដែលប្រមូលផ្តុំនូវសកម្មភាពនយោបាយ សេដ្ឋកិច្ច ដែលផលមានផលទុនជាតិសរុបរហូតដល់ប្រហែល១៣០០លានដុល្លារអាមរិកក្នុងមួយឆ្នាំ (ឆ្នាំ២០០៣) ស្មើនឹង៣១ភាគរយនៃផលិតផលសរុបរបស់ជាតិ។
បច្ចុប្បន្នផលទុនជាតិសរុបប្រចាំឆ្នាំកើនលើស១០០០ដុល្លារអាមេរិកទៅទៀត សំរាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ គឺស្មើជិត៤ដងច្រើនជាងផលិតផលសរុបមធ្យម នៃប្រជាជនកម្ពុជាម្នាក់ក្នុងមួយឆ្នាំដែលរស់នៅតាមបណ្តាខេត្តនានា។ ដូច្នេះប្រជាជននៅរាជធានីភ្នំពេញ មានភាពធូរធារជាងប្រជាជននៅតាមខេត្តដទៃទៀត។
អនុក្រិតដដែលបានបន្តថា ប៉ុន្តែរាជធានីភ្នំពេញនៅមានភាពទន់ខ្សោយនៅឡើយ បើប្រៀបធៀបផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់ នៅក្រុងបាងកក ប្រទេសថៃ ដែលមានច្រើនជាងនេះជាង១០ដង។
តាមពិតរាជធានីភ្នំពេញ ជាប៉ូលសេវាកម្មកណ្តាលមួយក្នុងតំបន់ ដែលប្រមូលផ្តុំនូវប្រជាជនជាតិ៦លាននាក់ ក្នុងកាំរង្វង់១០០គីឡូម៉ែត្រជុំវិញ ដែលប្រហាក់ប្រហែលនឹងទីក្រុងធំៗមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាទីក្រុងបាងកកបម្រើមនុស្ស៩លាននាក់ ទីក្រុងហាណូយបម្រើប្រជាជនចំនួន៨លាននាក់ ទីក្រុងសឹង្ហបុរីបំរើមនុស្ស៨លាននាក់ជាដើម។
អនុក្រិតដដែលបានឲ្យដឹងទៀតថា ការពង្រឹងតួនាទីទីក្រុងសំខាន់ៗ តាមបណ្តាខេត្តនានា និងការជំរុញឲ្យលេចឡើង នូវហេដ្ឋារចនាសម្ព័ន្ឋនគរូបនីយកម្ម ដែលមានការអភិវឌ្ឈប្រកបដោយតុល្យភាព សុខដុមរមនីយកម្មជាមួយគ្នា គឺជាកត្តាសំខាន់មួយក្នុងការជំរុញការអភិវឌ្ឍដែនដីទាំងមូល។ ប៉ុន្តែគោលនយោបាយនេះ មិនត្រូវធ្វើឲ្យជ្រុលហួសហេតុ នាំឲ្យខូចប្រយោជន៍នៃការលើកដំកើងតម្លៃរាជធានីភ្នំពេញ ដែលជាអ្នកផ្តល់សេវាកម្ម សម្រាប់ប្រទេសជាតិទាំងមូលនោះទេ ជាពិសេសសម្រាប់ប្រជាជន៦លាននាក់ ដែលស្មើជិតពាក់កណ្តាលនៃប្រជាជនទូទាំងប្រទេស ដែលរស់នៅក្នុងតំបន់វាលទំនាប ស្ថិតនៅក្នុងកាំរង្វង់ជុំវិញ១០០គីឡូម៉ែត្រ ដែលចំនួននេះនឹងកើនទ្វេរដងនៅឆ្នាំ២០៣៥ខាងមុខ។
ដោយផ្អែកលើចតុកោណដំណាក់កាលទី៣ ផែនការយុទ្ឋសាស្រ្តអភិវឌ្ឍន៍ជាតិ និងគោលនយោបាយជាតិស្តីពីដីធ្លី ការរៀបចំដែនដូរបស់រាជរដ្ឋាភិបាលកម្ពុជា ចក្ខុវិស័យនៃការតំរង់ទិសអភិវឌ្ឍន៍រាជធានីភ្នំពេញ គឺក្រុងភ្នំពេញ ជាក្រុងរាជធានី ជាបេះដូងរបស់ប្រទេសកម្ពុជា ដែលស្ថិតនៅចំណុចពិសេសនៃប្រសព្វទន្លេ៤ ហៅថាទន្លេចតុមុខ ដែល ជាអត្តសញ្ញាណតែមួយគ្មានពីរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធ៌មប្រកបដោយសក្តានុពលប្រកួតប្រជែង ជាមួយការអភិវឌ្ឍប្រកបដោយវឌ្ឈនភាព សមធ៌ម និងចីរភាព។
ការតម្រង់ទិសអភិវឌ្ឍន៍ផ្នែកនគរូបនីយកម្ម សំដៅធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចរបស់រដ្ឋ ក្នុងដែនដីរាជធានីឲ្យមានប្រសិទ្ឋភាព និងនិរន្តរភាព ជាពិសេសដើម្បីតម្រង់ទិសការវិនិយោគសាធារណៈ និងឯកជន ក៏ដូចជាការវិនិយោគរបស់ដៃគូអភិវឌ្ឈន៍ទាំងអស់ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣៥។
អនុក្រិតដដែលបានឲ្យដឹងទៀតថា យុទ្ឋសាស្រ្តនេះនឹងជួយដល់រដ្ឋបាលរាជធានីភ្នំពេញ ប្រជាជនទាំងអស់ វិនិយោគិនជាតិ អន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍នានាឲ្យចូលរួមអភិវឌ្ឍន៍ទីក្រុងប្រកបដោយសណ្តាប់ធ្នាប់ល្អ ហើយក៏ធ្វើឲ្យមានវឌ្ឍនភាពដល់ការវិនិយោគនានា ដោយកាត់បន្ថយឬបញ្ចៀសបាននូវហានិភ័យនានាជាអតិបរិមា៕