ដោយៈគង់ សូរិយា
ភ្នំពេញៈ ការទាញយកតម្លៃបន្ថែមពីសេដ្ឋកិច្ច និងបង្កើតឲ្យមានតម្លៃបន្ថែមមានសារៈសំខាន់ណាស់សម្រាប់ប្ររទេសជាតិមួយ ក៏ដូចជាក្រុមហ៊ុនមួយ ដើម្បីជួយឲ្យប្រទេសជាតិអាចទទួលបានចំណូល និងបង្កើតការងារធ្វើបានកាន់តែច្រើន។
លោកយិន លាងគង់ដែលជាទីប្រឹក្សាសមាគមអចលនទ្រព្យសកល និងបានសិក្សាពីទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ច នយោបាយជាច្រើន បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៦ កក្កដាកន្លងមកថា ការរីកចម្រើនសេដ្ឋកិច្ចរបស់គ្រួសារមួយ ឬប្រទេសជាតិមួយអាស្រ័យលើរបៀបគិត របៀបធ្វើ ពិសេសការបង្កើត និងទាញតម្លៃបន្ថែមឲ្យបានច្រើន។
ការបង្កើតតម្លៃបន្ថែម
លោកយិន លាងគង់បានពន្យល់ថា ការបង្កើតតម្លៃបន្ថែមផ្នែកសេដ្ឋកិច្ច ជារឿងរបស់រដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុនមួយអាចធ្វើបាន ឧទាហរណ៍ រដ្ឋាភិបាលបានជំរុញឲ្យផលិតភាពកើនឡើង ក្នុងវិស័យវាយណ ភ័ណ្ឌកាត់ដេរ និងស្បែកជើង ដើម្បីឲ្យកម្មករ និយោជិត អាចផលិតទំនិញបានកាន់តែល្អជាងមុន និងមានតម្លៃខ្ពស់ជាងមុន ពិសេសបង្កើនផលិតភាពខ្ពស់ជាងមុន។
ក្នុងវិស័យអចលនទ្រព្យដូចគ្នាផងដែរ រដ្ឋាភិបាលបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋទាំងផ្លូវថ្នល់ ប្រឡាយទឹក និងព្រលានយន្តហោះជាដើម ដើម្បីកាត់បន្ថយពេលវេលា ធ្វើដំណើរ កាត់បន្ថយការចំណាយ និងសម្រួលដល់លំហូរប្រជាពលរដ្ឋ អ្វីកាន់តែពិសេសគឺធ្វើឲ្យដីធ្លីឡើងថ្លៃ ដែលបានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងប្រយោលដល់ប្រជាជននៅមូលដ្ឋាន។លោកបញ្ជាក់បន្ថែម។
ការទាញយកតម្លៃបន្ថែម
ការទាញយកតម្លៃបន្ថែម ក៏បាននិងកំពុងអនុវត្តន៍ និងជាយុទ្ឋសាស្រ្តរបស់រដ្ឋាភិបាលផងដែរ ឧទាហរហ៍ រដ្ឋាភិបាលបានបង្កើនការនាំាំចេញអង្ករ ដើម្បីយកទៅលក់នៅបរទេស ជាការធ្វើឲ្យខាតបង់តម្លៃបន្ថែម។ ការលក់ស្រូវទៅប្រទេសជិតខាង មិនផ្តល់ផលចំណេញដល់សេដ្ឋកិច្ចច្រើននោះទេ ប៉ុន្តែបើការនាំចេញអង្ករបានច្រើន ទើបអាចទាញតម្លៃបន្ថែមផ្នែកសេដ្ឋកិច្ចបានច្រើន។ លោកយិន លាងគង់បញ្ជាក់ឲ្យដឹង។
ឧទាហរណ៍ជាក់ស្តែង ការនាំចេញអង្ករ គឺបានផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរ នៅតាមរោងចក្រកិនអង្ករ អាចទាញបាននូវកន្ទក់ ទាញបាននូវអង្កាម ដែលអាចយកមកប្រើប្រាស់ក្នុងមូលដ្ឋានសេដ្ឋកិច្ចចាំបាច់នានាបាន។
លោកយិន លាងគង់បបានបន្តថា ការនាំចេញជ័រកៅស៊ូស្រស់ ទៅកាន់ប្រទេសជិតខាង ក៏ធ្វើឲ្យខាតបង់សេដ្ឋកិច្ច ប៉ុន្តែបើ់រដ្ឋាភិបាល ទាក់ទាញរោងចក្រផលិតកង់រថយន្ត មកពីក្រៅប្រទេសបាន រដ្ឋាភិបាលអាចទាញតម្លៃផ្នែកសេដ្ឋកិច្ចបន្ថែមបាន ព្រោះវាផ្តល់ការងារដល់ប្រជាពលរដ្ឋ នៅតាមរោងចក្រនានា មានការបង់ចំណូលចូលរដ្ឋកាន់តែច្រើន និងធ្វើឲ្យតម្លៃជ័រកៅស៊ូមានស្ថេរភាពផងដែរ៕