លោកខន គង្គាៈឥរិយាបទអ្នកទិញខុនដូចាប់ផ្តើមផ្លាស់ប្តូរដោយវិនិយោគកាន់តែធំ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុន ERA Cambodia លោកខន គង្គាបានថ្លែងថា បច្ចុប្បន្នអ្នកទិញខុនដូបានផ្លាស់ប្តូរគោលដៅវិនិយោគ ដោយពួកគាត់បានទិញក្នុងទំហំធំជាងមុន ខណៈការវិនិយោគបច្ចុប្បន្នផ្តល់ផលចំណេញច្រើន។

លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១៦ កក្កដាកន្លងមកថា ក្នុងរយៈពេលពេញមួយឆមាសឆ្នាំ២០២១នេះ ទីផ្សារខុនដូកំពុងផ្តល់ភាពអំ ណោយផលច្រើនដល់អ្នកវិនិយោគ ដោយសារអ្នកអភិវឌ្ឍន៍ បានបញ្ចប់គំរោងរបស់ពូកគេច្រើន ហេតុនេះអ្នកវិនិយោគបន្តមានឱកាសរកផលចំណេញ ដោយសារតម្លៃមានភាពប្រកួតប្រជែង។

លោកបន្តថា “ទីផ្សារខុនដូនៅតែមានដំណើរការ ហើយអ្នកវិនិយោគភាគច្រើន បានទិញយកទាំងជាន់តែម្តង ដោយសារតម្លៃលើទីផ្សារល្អ។ អ្នកវិនិយោគបែបនេះ ពួកគេទិញទាំងជាន់សម្រាប់ធ្វើជាសណ្ឋាគារ ឬគំរោងទិញទុកសំរាប់ជួលនាពេលអនាគត”។

លោកខន គង្គាបានបន្តថា គិតរហូតមកទល់ពេលនេះ និងសំរាប់ឆមាសទី២ លោកនៅតែមានសុទិដ្ឋិនិយមថា ការទិញលក់ខុនដូនៅតែមានដំណើរការល្អ ព្រោះអ្នកវិនិយោគ​នាពេលនេះ ដែលមានលំហូរសាច់ប្រាក់គ្រប់គ្រាន់ គឺជាឱកាសរបស់ពួកគេអាចទទួលបា​នផលចំណេញពីការវិនិយោគច្រើន ព្រោះមានការបញ្ចុះតម្លៃច្រើននីលើទីផ្សារ ដែលមានការប្រកួតប្រជែងកើនឡើង។

លោកបន្តថា ខុនដូនៅកម្ពុជាតម្លៃមធ្យមភាគច្រើន មានតម្លៃចន្លោះ១៥០០ទៅ១៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែខុនដូមានតម្លៃខ្ពស់បន្តិច មានតម្លៃចន្លោះពី២០០០ ទៅ២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia ដែលទើបបញ្ចេញរបាយកា​រណ៍កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ មាន​គម្រោង​ខុនដូ​ចំនួន ៥ ដែលមាន​បន្ទប់​ស្នាក់នៅ​សរុប១២៧៣​យូនីត​ បាន​បញ្ចប់​ការសាងសង់​ដែល​ធ្វើឱ្យ​ចំនួន​ខុនដូ​ នៅ​រាជធានី​ភ្នំពេញ​កើន​ដល់​ជាង៩០​គម្រោង និង​មាន​បន្ទប់​ជាង ២៧០០០យូនីត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here