ដោយៈ ប៊ី
ភ្នំពេញៈ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានឱ្យដឹងនៅថ្ងៃទី១៦ ខែកក្កដានេះថា ក្រុមហ៊ុន GoldFX ទទួលបានអាជ្ញាបណ្ណ ធ្វើអាជីវកម្មជាឈ្មួញជើងសាឧបករណ៍និស្សន្ទពី ន.ម.ក. ដែលតាមបទប្បញ្ញត្តិ ក្រុមហ៊ុនត្រូវបានអនុញ្ញាត ឱ្យធ្វើការជួញដូរឧបករណ៍និស្សន្ទក្នុងនាមជាភ្នាក់ងាររបស់អតិថិជនខ្លួន (ធ្វើតាមការបញ្ជាទិញ-លក់របស់អតិថិជន) និងផ្តល់ប្រឹក្សាអំពីការវិនិយោគលើឧបករណ៍និស្សន្ទ។
ក្រុមហ៊ុន GoldFX ត្រូវបានអនុញ្ញាតឱ្យភ្ជាប់ប្រព័ន្ធជួញដូរឧបករណ៍និស្សន្ទ (MT4) តែជាមួយក្រុមហ៊ុនសមភាគីកណ្តាល គឺក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក (Cambodian Derivatives Exchange Co., Ltd.-CDX) ដែលទទួលបានអាជ្ញាបណ្ណពី ន.ម.ក. ប៉ុណ្ណោះ។
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុន GoldFX ត្រូវបានសម្រេចឱ្យព្យួរប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទ តាមសំណើសុំរបស់ក្រុមហ៊ុន ប៉ុន្តែន.ម.ក. ពិនិត្យឃើញថា មានអតិថិជនរបស់ក្រុមហ៊ុន GoldFXតវ៉ាតាមបណ្តាញសង្គម និងបានចាប់ផ្តើមដាក់ពាក្យបណ្តឹងទៅស្ថាប័នផ្សេងៗ ដូចនេះ ជាវិធានការបន្ទាន់ ន.ម.ក. ក៏បានចេញសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដើម្បីឱ្យអតិថិជនរបស់ក្រុមហ៊ុន GoldFX អាចដាក់ពាក្យបណ្តឹងនៅ ន.ម.ក. តាមនីតិវិធីច្បាប់ជាធរមាន។
ទន្ទឹមនឹងនេះផងដែរ ន.ម.ក ក៏បានអញ្ជើញតំណាងក្រុមហ៊ុន GoldFX ឱ្យចូលខ្លួនមកដោះស្រាយ ដែលជាលទ្ធផលមានដូចជា ទី១.តម្រូវឱ្យក្រុមហ៊ុន GoldFX ដោះស្រាយជាបន្ទាន់ជាមួយអតិថិជនដែលបានបើកគណនីជួញដូរឧបករណ៍និស្សន្ទតាមរយៈវេទិកាជួញដូររបស់ក្រុមហ៊ុនសមភាគីកណ្តាលស្របច្បាប់ ដែលករណីនេះ ក្រុមហ៊ុន GoldFX បានទូទាត់ប្រាក់វិនិយោគទៅឱ្យអតិថិជនទាំងនេះ តាមគណនីជួញដូរនីមួយៗចប់រួចរាល់ហើយ។
ទី២ ដោយពិនិត្យឃើញថា ក្រុមហ៊ុន GoldFX មានអតិថិជនផ្សេងទៀតក្រៅពីក្រុមអតិថិជនខាងលើនេះ ក្នុងគោលដៅបន្ទាន់ នៃកិច្ចការពារផលប្រយោជន៍របស់វិនិយោគិន ន.ម.ក. បានជំរុញ និងណែនាំឱ្យក្រុមហ៊ុន GoldFX ព្យួរប្រតិបត្តិការ តែមិនឱ្យបិទក្រុមហ៊ុន និងត្រូវដោះស្រាយទូទាត់ប្រាក់ វិនិយោគឱ្យអតិថិជនទាំងនោះវិញជាបន្ទាន់ផងដែរ។
ទី៣ មកដល់ពេលបច្ចុប្បន្ននេះ ន.ម.ក. បានទទួលពាក្យបណ្តឹងជាបន្តបន្ទាប់ចំនួនជិត ៨០០ បណ្តឹងរួចហើយ ដែលបណ្តឹងខ្លះបានដាក់ដោយផ្ទាល់នៅទីស្តីការ ន.ម.ក. ខ្លះដាក់តាមរយៈអ៊ីម៉ែល និងខ្លះទៀតដាក់តាមរយៈអ្នកតំណាងរបស់ខ្លួន។ ជាចំណាត់ការលើពាក្យបណ្តឹងទាំងអស់នេះ ន.ម.ក. បានអញ្ជើញតំណាងក្រុមហ៊ុន GoldFX មកបំភ្លឺ ព្រមទាំងអ្នកតំណាងម្ចាស់បណ្តឹង និងម្ចាស់បណ្តឹងជាបន្តបន្ទាប់ ដើម្បីឱ្យចូលមកផ្តល់ព័ត៌មានបន្ថែម និងផ្តល់ឯកសារពាក់ព័ន្ធដែលចាំបាច់ ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន។
ជាមួយគ្នានេះ ន.ម.ក. ក៏បាន និងកំពុងបន្តនីតិវិធីច្បាប់លើការងារនេះ ជាមួយស្ថាប័នតុលាការផងដែរ ដោយស្នើសុំឱ្យមានការស៊ើបអង្កេតបន្ថែម លើប្រតិបត្តិការសង្ស័យរបស់ក្រុមហ៊ុន GoldFX នេះ ព្រមទាំងបញ្ចូលការដោះស្រាយពាក្យបណ្តឹងទាំងអស់ ដែលប្តឹងក្រុមហ៊ុន GoldFX ជាមួយសំណុំរឿងព្រហ្មទណ្ឌដែលមានការពាក់ព័ន្ធគ្នានេះ និងដែលបាន និងកំពុងស្ថិតក្រោមចំណាត់ការរបស់ស្ថាប័នអយ្យការ ដើម្បីពន្លឿនការដោះស្រាយជូនទៅម្ចាស់បណ្តឹងទាំងអស់ ស្របតាមនីតិវិធីច្បាប់ជាធរមាន។
ដូចនេះ ចំពោះអតិថិជនរបស់ក្រុមហ៊ុន GoldFX ទាំងឡាយណាដែលមានបំណងដាក់ពាក្យបណ្តឹងមក ន.ម.ក. នៅតែអាចដាក់ពាក្យបណ្តឹងតាមរយៈអ៊ីម៉ែល [email protected] ឬដោយផ្ទាល់នៅទីស្តីការ ន.ម.ក. ដោយត្រូវអនុវត្តតាមវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ជាពិសេសប្រកាន់យកការអនុវត្តនូវវិធានការ “៣ការពារ ៣កុំ” ដែលជាអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕