ដោយៈគង់ សូរិយា
ភ្នំពេញៈ អភិបាលខេត្តកំពង់ឆ្នាំង លោកស៊ុន សុវណ្ណារិទ្ឋបានធ្វើការឹតបន្តឹងលើការចុះបញ្ជីរដីធ្លី ពិសេសអាជីវកម្មដីឡូត៍ទាំងអស់ទូទាំងខេត្ត ដើម្បីជម្រុញការអភិវឌ្ឍន៍ដោយនិរន្តរភាព។
លោកអភិបាល បានជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមចុះប្រមូលទិន្នន័យ ចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព គម្រោងអាជីវកម្មអភិវឌ្ឍដីឡូតិ៍ទាំងអស់ទូទាំងខេត្ត ដើម្បីឈានទៅរកការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការលើកកម្ពស់ការវិនិយោគ និងកិច្ចការការពារអតិថិជន។
លោកបានមានប្រសាសន៍ក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុនថា គោលដៅសំខាន់ៗនៃកិច្ចប្រជុំ “សំដៅលើការផ្សព្វផ្សាយអំពីខ្លឹមសារច្បាប់ និងគោលការណ៌ណែនាំពាក់ព័ន្ធនានា ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានយកទៅអនុវត្តដោយមានប្រសិទ្ធភាពខ្ពស់”។
លោកបានបន្តថា អាជ្ញាធរពាក់ព័ន្ធ ត្រូវតែផ្តល់សេវាដោយមានតម្លាភាព គុណភាព និងភាពស្របច្បាប់ សម្រាប់ទាំងអ្នកអភិវឌ្ឍ និងអតិថិជន។ ដូច្នេះអាជ្ញាធរមូលដ្ឋានត្រូវមានទិន្នន័យក្នុងដៃគ្រប់គ្រាន់ ដើម្បីអាចជំរុញការអភិវឌ្ឍន៍បានប្រសិទ្ឋភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ លោកស៊ុន សុវណ្ណារិទ្ឋបានជំរុញឱ្យមន្រ្តីត្រូវគោរព តាមប្លង់គោលប្រើប្រាស់ដីនៅថ្នាក់ក្រុងស្រុក និងផែនការប្រើប្រាស់ដីនៅឃុំសង្កាត់ ដើម្បីជំរុញឱ្យការរៀបចំប្រើប្រាស់ដីឱ្យបានត្រឹមត្រូវ ចំទិសដៅ និងធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕