ដោយៈ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ដើម្បីឆ្លើយតបនឹងភាពរីកចម្រើនរបស់រាជធានីភ្នំពេញពីមួយថ្ងៃទៅមួយថ្ងៃ តំបន់កណ្តាលក្រុងភ្នំពេញ នឹងប្រែក្លាយជាតំបន់ ដែលបណ្តុំដោយអាគារពាណិជ្ជកម្ម និងការិយាល័យខ្ពស់ៗនាពេលអនាគត ខណៈទីក្រុងរណបនឹងដើរតួនាទីសំខាន់សម្រាប់វិស័យលំនៅដ្ឋាន។
មប្រធានសមគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីម បានថ្លែងនៅក្នុងវេទិកាមួយស្តីពី ហេតុអ្វីវិនិយោគិនបរទេសវិនិយោគអចលនទ្រព្យនៅកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ថា តំបន់កណ្តាលក្រុងភ្នំពេញ នឹងក្លាយជាតំបន់ ដែលបណ្តុំដោយអាគារពាណិជ្ជកម្ម និងការិយាល័យ ដោយសាររដ្ឋាភិបាលគាំទ្រឱ្យមានការអភិវឌ្ឍអាគារខ្ពស់ៗនៅទីក្រុងភ្នំពេញ ជាពិសេសទីក្រុងចាស់ ហើយរដ្ឋាភិបាលមានគោលនយោបាយ ក្នុងការពង្រីកទីក្រុងរណបថ្មីៗ។
លោកបានថ្លែងថា “យើងមើលឃើញថា រាជធានីភ្នំពេញបានពង្រីកចូលទៅតំបន់មួយចំនួននៅកណ្តាល និងនៅតាមបណ្តោយផ្លូវជាតិលេខ៥ និងលេខ៦ ត្រូវបានពង្រីកការប្រើប្រាស់ដី នៅជុំវិញរាជធានីភ្នំពេញ។ ការដូច្នេះគឺដើម្បីបំពេញតម្រូវការវិនិយោគរបស់វិនិយោគិន ដែលបានចូលវិនិយោគនៅកម្ពុជា”។លោកបានថ្លែងថា “ដូច្នេះ ទីក្រុងភ្នំពេញ (ទីក្រុងចាស់នេះ) នឹងក្លាយតំបន់សម្បូរដោយអាគារពាណិជ្ជកម្ម និងអាគារការិយាល័យនាពេលអនាគត ហើយទីក្រុងថ្មី(ទីក្រុងរណប) នឹងក្លាយជាតំបន់លំនៅដ្ឋាន ដែលវាធ្វើឡើងដើម្បីឆ្លើយតបនឹងការអភិវឌ្ឍ និងកាត់បន្ថយការកកស្ទះនាអនាគត”។
ជាមួយគ្នានេះ លោកខន គង្គាអគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA Cambodia បានថ្លែងប្រាប់ថា អាគារពាណិជ្ជកម្មបែបចម្រុះ (mixed-use development) មានលក្ខណៈពិសេសជាច្រើន រួមបញ្ចូលទាំងខុនដូ ការិយាល័យ ផ្សារទំនើប និងសេវាកម្មជាច្រើនទៀត ហើយភាគច្រើនត្រូវបានអភិវឌ្ឍន៍ នៅតំបន់កណ្តាលក្រុង។
ទាក់ទងនឹងអាគារពាណិជ្ជកម្មបែបចម្រុះនេះ លោកបានលើកឡើងថា ប្រទេសជិតខាង ដូចជា ប្រទេសសិង្ហបុរី និងថៃជាដើមបានអភិវឌ្ឍន៍អាគារពាណិជ្ជកម្មច្រើនរួចទៅហើយ ហើយបច្ចុប្បន្នអ្នកអភិវឌ្ឍន៍ បាននាំមកការអភិវឌ្ឍបែបនេះមកកម្ពុជាដែរ ដូចជាគម្រោង Bridge គម្រោង The Peak និងគម្រោងជាច្រើនចាប់ផ្តើមមានការអភិវឌ្ឍន៍ជាអាគារពាណិជ្ជកម្មបែបចម្រុះជាបន្តបន្ទាប់។
លោកបានថ្លែងថា “មូលហេតុដែលអ្នកអភិវឌ្ឍន៍ធ្វើការអភិវឌ្ឍ អាគារពាណិជ្ជកម្មបែបចម្រុះបែបនេះ គឺដោយសារ វាមានភាពងាយស្រួលសម្រាប់អ្នកធ្វើការ អ្នករស់នៅ និងអ្នកប្រកបអាជីវកម្ម នៅកន្លែងគម្រោងអាគារពាណិជ្ជកម្មតែម្តង។ វាថែមទាំងជួយសន្សំពេលវេលា”។
លោកបានឱ្យដឹងទៀតថា ឧទាហរណ៍ បើសិនជាយើងធ្វើការ ឬរកស៊ី យើងស្នាក់នៅ និងធ្វើការក្នុងអាគារ ដែលមានសេវកម្មចម្រុះនៅនឹងមួយកន្លែងតែម្តង ដូច្នេះវាធ្វើឱ្យយើងចំណេញពេលវេលាក្នុងការធ្វើដំណើរ។ លោកបានបន្តថា គោលបំណងរបស់អ្នកអភិវឌ្ឍន៍អាគារពាណិជ្ជកម្មបែបចម្រុះ ដើម្បីបម្រើសេវាកម្មដល់ទាំងអ្នកធ្វើការ និងអ្នករស់នៅក្នុងគម្រោងរបស់ខ្លួន។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលបានដាក់ចេញលក្ខខណ្ឌចំាបាច់ សម្រាប់ទទួលយកនូវការសាងសង់អាគារខ្ពស់ៗ នៅកណ្តាលក្រុងភ្នំពេញ ដោយទាមទារឱ្យការសាងសង់ ឬការអភិវឌ្ឍទាំងនោះ ឆ្លើយតបនឹងទេសភាពនគរូបនីយកម្មក្រុង។
យោងតាមតប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ២០៣៥ ដែលបានចេញផ្សាយកាលពីថ្មីៗនេះ បានឱ្យដឹងថា ការសាងសង់អាគារខ្ពស់ៗនៅរាជធានីភ្នំពេញ គឺជាប្រធានបទដ៏រសើបមួយ តាមពិតទៅទីក្រុង មានកម្ពស់កើនឡើងតាំងពីច្រើនឆ្នាំមកហើយ យោងទៅតាមការវិវត្តនៃដង់ស៊ីតេ។ កំណើនសេដ្ឋកិច្ចរបស់រាជធានីភ្នំពេញ ដែលក្នុងនោះមានអ្នកធ្វើវិនិយោគទុនបានចូលរួមផងដែរ នឹងត្រូវបង្ខំឱ្យមានទោះយូរ ឬឆាប់នូវការសាងសង់អាគារខ្ពស់ៗនានា។
បញ្ហាមិនមែនបដិសេធ ការសាងសង់អគារខ្ពស់ៗនោះទេ ក៏ប៉ុន្តែគឺធ្វើយ៉ាងណារៀបចំទីតាំងរបស់វាឱ្យឆ្លើយតបទៅនឹង សេចក្តីត្រូវការរបស់អ្នកធ្វើវិនិយោគទុន តែជំរុញនូវគុណសម្បត្តិ នៃទេសភាពនគរូបនីយកម្មក្រុង មិនត្រូវឱ្យការសាងសង់អាគារខ្ពស់ៗ ដែលធ្វើឱ្យធ្លាក់តម្លៃទីកណ្តាលក្រុង ធ្វើឱ្យថយចុះនូវតម្លៃ របស់ទេសភាពទីក្រុង ឬស្ថានភាពនៃការធ្វើចរាចរណ៍នានានោះទេ៕