មហាយក្សចិន អនុម័តគម្រោងវិនិយោគអចលនទ្រព្យចំនួន៧ដែលមានតម្លៃ ៦ពាន់លានដុល្លារ

0

ដោយៈសុខុម

ប៉េកាំងៈ ទោះបីជាស្ថិតក្នុងសម័យកូវីដ ដែលបានរុញច្រានប្រទេសនានាជុំវិញពិភពលោកឱ្យធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរ សេដ្ឋកិច្ចដាំក្បាលចុះ ហើយគម្រោងអភិវឌ្ឍន៍នានាត្រូវជាប់គាំង ឬពន្យារពេលយ៉ាងណាក្ដី ក៏ប្រទេសចិន ដែលជាមហាយក្សនៅអាស៊ី នៅតែបន្លឿនការអភិវឌ្ឍឥតឈប់ឈរ។

តួយ៉ាង គណៈកម្មការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ (National Development and Reform Commission) របស់មហាយក្សចិន បានប្រកាសនៅថ្ងៃច័ន្ទ ទី១៩ កក្កដា នេះថា នៅក្នុងខែមិថុនា កន្លងទៅ ខ្លួនបានអនុម័តគម្រោងវិនិយោគអចលនទ្រព្យចំនួន៧ដែលមានតម្លៃរហូតដល់ទៅ៦ពាន់លានដុល្លារអាមរិក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

លោកYuan Da មន្ត្រីមួយរូបមកពីស្ថាប័នធ្វើផែនការរដ្ឋខាងលើនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែតថា ជាការពិតណាស់ថា ការងើបឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសចិន នៅតែប្រឈមការលំបាក និងបញ្ហាប្រឈមនានា។

លោកបានបន្ថែមទៀតថា “ទោះជាយ៉ាងណា ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំង នឹងអនុវត្តវិធានការដ៏មានប្រសិទ្ធភាព និងទាន់ពេលវេលានានា ដើម្បីឆ្លើយតបទៅនឹងបញ្ហាថ្មីៗទាំងនេះ នៅក្នុងការងើបឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសចិន”។

ប្រទេសចិន ជាប្រទេសដែលមានប្រជាជនច្រើនបំផុត ក្នុងពិភពលោកជាមួយនឹងចំនួនប្រជាជនជាង១,៤ពាន់លាននាក់នៅក្នុងឆ្នាំ២០២១នេះ ហើយប្រទេសនេះក៏ជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកផងដែរបន្ទាប់ពីសហរដ្ឋអាមេរិក។

ក្រុមអ្នកជំនាញមើលឃើញថា ប្រទេសនេះបានប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនទាំងផ្នែកសេដ្ឋកិច្ច ការទូត និងយោធាដើម្បីដណ្ដើមតំណែងរបស់សហរដ្ឋជាបងធំទី១ របស់ពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here