ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលគ្រោងបង្កើតឱ្យមានទីក្រុងធំទី២បន្ទាប់ពីរាជធានីភ្នំពេញ ដើម្បីសម្រាលនូវសម្ពាធនៃកំណើនហួសហេតុប្រជាជនក្នុងតំបន់ប្រមូលផ្ដុំតែមួយ។ នេះបើយោងតាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ ចេញផ្សាយកាលពីថ្មីនេះ។
ទំហំនៃការរៀបចំដែនដី រាជធានីភ្នំពេញជាទីក្រុងរាជធានីសំខាន់តែមួយគត់របស់កម្ពុជា ដែលហ៊ុមព័ទ្ធដោយតំបន់ ជនបទនៅឡើយ។ ភ្នំពេញ និងទីប្រជុំជនជុំវិញ មានប្រជាជន១០%នៃប្រជាជនសរុបរបស់ ប្រទេស១៣ ៣៨៨ ៩១០នាក់ (តាមជំរឿន២០០៨របស់វិទ្យាស្ថានជាតិស្ថិតិ) ស្មើនឹង៥៣% នៃ ប្រជាជននៅតាមទីប្រជុំជនក្នុងប្រទេស។
មានតែទីប្រជុំជនខេត្តបាត់ដំបង សៀមរាប និងមង្គលបុរី (សិរីសោភ័ណ)ទេ ដែលមានប្រជាជនលើសពី១០០ ០០០នាក់ ទីក្រុងព្រះសីហនុ (ខណ្ឌមិត្តភាព) កំពុងមានកំណើនប្រជាជនយ៉ាងឆាប់រហ័ស (ស្មើ១៤%ក្នុងមួយឆ្នាំ) ហើយនឹងតាមទាន់ទីក្រុងធំៗ ទីពីរ ទាំងបីនៅពេលឆាប់ៗខាងមុខនេះ។ ទីប្រជុំជនជាងដប់ទៀតមានប្រជាជន នៅចន្លោះ ពី២៥ ០០០ ទៅ៦០,០០០នាក់ និងស្ថិតនៅលើអ័ក្សទំនាក់ទំនងធំៗ ដែលកំណត់បានជារចនា សម្ព័ន្ធទំនាក់ទំនងរបស់ប្រទេស។
យោងតាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញបានឱ្យដឹងថា គោលនយោបាយរៀបចំដែនដី នឹងជំរុញនូវការគ្រោងឱ្យមានទីក្រុងធំទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដើម្បីបង្កើតឱ្យមានការអភិវឌ្ឍប្រកបដោយសមភាព តុល្យភាព រួមចំណែក ទទួលចែករំលែកនូវបន្ទុកសេវាកម្មសាធារណៈ ឲ្យមានកម្រិតប្រសើរឡើង សម្រាប់ដែនដី ទាំងមូលរបស់ប្រទេស។
នេះជាមធ្យោយោបាយមួយដើម្បីសម្រាលនូវសម្ពាធនៃកំណើនហួសហេតុប្រជាជនក្នុងតំបន់ប្រមូលផ្ដុំតែមួយ ជាពិសេសក្នុងទីកណ្ដាលរាជធានីភ្នំពេញ ដែលត្រូវតែគ្រប់គ្រងការពង្រាយការអភិវឌ្ឍឱ្យបានល្អ។ ការអភិវឌ្ឍដោយផ្អែកលើប៉ូលនានានៅលើអ័ក្ស រាជធានីភ្នំពេញ-ក្រុងព្រះស៊ីហនុ គឺជាគោលការណ៍អភិវឌ្ឍន៍មួយនៅក្នុងតំបន់និរតីនៃប្រទេស។
តំបន់វាលទំនាបហាក់ដូចជាមានទំហំថយចុះពី៥១% ក្នុងពេលសព្វថ្ងៃនេះ មក៤៨%នៅ ឆ្នាំ២០៣៤។ ឯទីក្រុងភ្នំពេញអាចនឹងមានកំណើនយឺតជាងទីក្រុងទី២ផ្សេងៗទៀត។ លទ្ធផល រំពឹងទុកសំខាន់នៃការអភិវឌ្ឍប្រទេស នឹងស្ថិតលើការរៀបចំទីក្រុងទី២ទាំងនោះដែលនឹងមាន ប្រជាជនកើនឡើង៤ដងនៅពេលដែលរាជធានីភ្នំពេញមានប្រជាជនកើនឡើងតពីរដងប៉ុណ្ណោះ៕