មហាយក្សចិនចាប់ផ្ដើមដំណើរការផលិតរថភ្លើងល្បឿលឿនបំផុតដំបូងបង្អស់របស់ពិភពលោក

0

ដោយៈ សុខុម

ប៉េកាំង: រថភ្លើងមហាសែនលឿនមួយខ្សែដែលអាចរត់ក្នុងល្បឿនដល់ទៅ៦០០គីឡូមែត្រក្នុងមួយម៉ោងដំបូងបង្អស់របស់ពិភពលោកត្រូវបានដាក់ឱ្យដំណើរការផលិតនៅក្រុងឈីងតាវ (Qingdao) ខេត្តសានតុង (Shandong) ប្រទេសចិន នៅថ្ងៃអង្គារ ទី២០ កក្កដា នេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតចិន Global Times។

ក្រុមហ៊ុនផលិតរថភ្លើងល្បឿនលឿននៅប្រទេសចិន CRRC Qingdao Sifang Co., Ltd និយាយថា រថភ្លើងល្បឿនលឿនដែលអភិវឌ្ឍដោយប្រទេសចិន នេះគឺជាសមិទ្ធផលឈានមុខគេផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងវិស័យដឹកជញ្ជូនផ្លូវដែកទូទាំងពិភពលោក។

លោក Liang Jianying ដែលជាអគ្គនាយករង និងជាប្រធានវិស្វករនៃក្រុមហ៊ុនខាងលើនេះបានបញ្ជាក់ថា រថភ្លើងល្បឿនលឿនដែលដំណើរការដោយកម្លាំងអេឡិចត្រូម៉ាញ៉េទិច (electromagnetic force) នេះមានលក្ខណៈពិសេសជាច្រើនដូចជា មានសុវត្ថិភាពខ្ពស់ មិនបញ្ចេញសំឡេងខ្លាំង មិនបង្ករំញ័រខ្លាំង ដឹកអ្នកដំណើរបានច្រើន ចំណេញពេលវេលាធ្វើដំណើរ និងត្រូវការថែទាំតិចតួច។

លោកបានធ្វើការកត់សម្គាល់ថា រថភ្លើងនេះគឺពិតជាលឿនអស្ចារ្យណាស់ បើធៀបនឹងហោះដែលហោះហើរក្នុងល្បឿនចន្លោះពី៨០០គីឡូម៉ែត្រទៅ៩០០គីឡូម៉ែត្រក្នុងមួយម៉ោង។

នោះមានន័យថា ការធ្វើដំណើរពីរដ្ឋធានីប៉េកាំង ទៅកាន់ទីក្រុងសៀងហៃ ក្នុងចម្ងាយផ្លូវប្រមាណ១.៥០០គីឡូម៉ែត្រត្រូវប្រើពេលចន្លោះពី១៥ម៉ោងទៅ១៩ម៉ោង ហើយបើតាមរថភ្លើងល្បឿនលឿននេះត្រូវប្រើពេលប្រហែល៣ម៉ោង ខណៈការធ្វើដំណើរតាមយន្តហោះប្រើពេល២ម៉ោងទៅ២ម៉ោងកន្លះ។

ទោះបីជាម៉ូតគំរូនៃរថភ្លើងល្បឿនលឿននេះត្រូវបានដាក់ឱ្យដំណើរការផលិតនៅថ្ងៃនេះក្ដី ក៏នៅក្នុងប្រទេសចិន មិនទាន់មានបណ្ដាញផ្លូវដែកសម្រាប់រថភ្លើងល្បឿនលឿន៦០០គីឡូមែត្រក្នុងមួយម៉ោងនេះនៅឡើយទេ។

ប៉ុន្តែទីក្រុងមួយចំនួនកំពុងមានគម្រោងសាងសង់បណ្តាញផ្លូវដែកល្បឿងលឿន ហើយបានឈានដល់ដំណាក់កាលសិក្សាស្រាវជ្រាវ និងធ្វើបទបង្ហាញហើយ ដោយក្នុងនោះរួមមានទាំងបណ្ដាញផ្លូវដែកល្បឿនលឿន សៀងហៃ-ហាងចូវ (Shanghai-Hangzhou Maglev Line) និងបណ្ដាញផ្លូវដែកល្បឿនលឿន ឈឹងទូ-ឆុងឈីង (Chengdu-Chongqing Maglev Line) ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here