ដោយៈ សាវុធ
ភ្នំពេញៈ មន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ពីមូលហេតុដែលតម្លៃប្រេងឥន្ធនៈកើនឡើងនៅរយៈពេលចុងក្រោយនេះ បន្ទាប់មហាជនមានចម្ងល់ និងមានជជែកវែកញែកពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនេះ។
ក្រសួងពាណិជ្ជកម្ម នាពេលថ្មីៗនេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ដោយសាំងធម្មតាត្រូវលក់តម្លៃ៤,១០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ៣,៦៥០រៀល ក្នុង១លីត្រ។
លោកប៉ែន សុវិជាតិអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះថា ការឡើងថ្លៃនៃតម្លៃប្រេងនេះ ដោយសារតែតម្លៃប្រេង នៅលើទីផ្សារពិភពលោកមានការឡើងថ្លៃ ហើយមានតម្រូវការច្រើន។
លោកបានឱ្យដឹងទៀតថា “កម្ពុជាមិនមែនជាប្រទេសផលិតប្រេងនោះទេ គឺកម្ពុជានៅទិញប្រេង ដែលចម្រាញ់រួច ពីប្រទេសសិង្ហបុរី និងពីប្រភពផ្សេងៗ ហើយប្រេង ដែលកម្ពុជាទិញ គឺផ្អែកទៅលើការឡើងចុះ នៃតម្លៃប្រេងឆៅអន្ដរជាតិ”។លោកបានបញ្ជាក់ថា “តម្លៃប្រេងឆៅអន្ដរជាតិក្នុងមួយរយៈនេះ ជាពិសេសនៅក្នុងមិថុនា និងកក្កដាមានការកើនឡើង”។
លោកបានឱ្យដឹងថា ការកើនឡើងតម្លៃប្រេងនេះ ដោយសារតែក្រុមប្រទេសOPECបានកាត់បន្ថយការផលិតកម្មប្រេង ហើយប្រភពធំៗ២ ដែលនាំចេញប្រេងឆៅ គឺប្រទេសអារ៉ាប៊ី សាអូឌីត និងប្រទេសអារ៉ាបរួម ក៏បានកាត់បន្ថយការផលិតប្រេងរបស់ខ្លួនដែរ។
លោកប៉ែន សុវិជាតិបានបន្ថែមទៀតថា តម្រូវការប្រេងឥន្ទនៈនៅលើទីផ្សារអន្ដរជាតិ មានការកើនឡើងក្នុងរយៈពេល២ខែចុងក្រោយនេះ ក្រោយពីប្រទេសនៅតំបន់អ៊ឺរ៉ុបមួយចំនួន បានបិទបញ្ចប់ការ LOCK DOWN ប្រទេសខ្លួន ហើយក្រុមប្រទេស OPEC នៅរក្សារលំនឹង នៃការផលិតប្រេង ដែលធ្វើឲ្យតម្លៃប្រេងមានការកើនឡើង។
បន្ថែមពីនោះទៀត លោកប៉ែន សុវិជាតិបានបន្ដថា ទន្ទឹមគ្នានេះប្រទេសធំៗ ដូចជា ប្រទេសអារ៉ាប៊ី សាអូឌីត និងប្រទេសអារ៉ាបរួមជាដើម -ល- ដែលនៅក្នុងតំបន់ OPEC នោះ បានកាត់បន្ថយការផលិតប្រេងរបស់ខ្លួនទៀត ដែលធ្វើឲ្យតម្លៃប្រេងកាន់តែហក់ឡើងខ្ពស់។