ដោយៈ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញលើកឡើងថា គម្រោងបង្កើតឱ្យមានទីក្រុងធំទី២របស់រដ្ឋាភិបាល បន្ទាប់ពីរាជធានីភ្នំពេញ នឹងអាចសម្រាលនូវសម្ពាធ នៃកំណើនហួសហេតុនៃចំនួនប្រជាជន ក្នុងតំបន់ប្រមូលផ្ដុំតែមួយ ដោយសារពីមួយឆ្នាំទៅមួយឆ្នាំចំនួនប្រជាជនរស់នៅកណ្តាលក្រុងកើនឡើងកាន់ច្រើនៗឡើង។
លោកប៉ូ អ៊ាវគង់ប្រធានក្រុមហ៊ុនអចលនទ្រព្យ Advance បានថ្លែងប្រាប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ថា ការអភិវឌ្ឍន៍ទីក្រុងធំទី២ បន្ទាប់ទីក្រុងអាចធ្វើទៅបាន ដោយសារចំនួនប្រជាជនរស់នៅកណ្តាលក្រុង កើនឡើងកាន់ច្រើនៗឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ វាទាមទារឱ្យការពង្រីក្រុង ឬបង្កើតតំបន់ក្រុងរណបថ្មីៗជាដើម។
ជាគ្នានេះដែរលោកបានថ្លែងបន្តថា ការពង្រីកក្រុង ឬការរៀបចំទីក្រុងថ្មីមួយ ទាមទារឱ្យការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ដូចជាមានប្រព័ន្ធផ្លូវ ទឹក លូរ និងភ្លើង។
យោងតាមប្លង់គោលប្រើប្រាស់ដី រាជធានីភ្នំពេញបានឱ្យដឹងថា គោលនយោបាយរៀបចំដែនដី នឹងជំរុញនូវការគ្រោងឱ្យមានទីក្រុងធំទី២ បន្ទាប់ពីរាជធានីភ្នំពេញ ហើយទីក្រុងទីក្រុងធំទី២នេះ អាចនឹងស្ថិតនៅលើអ័ក្ស រាជធានីភ្នំពេញ-ក្រុងព្រះស៊ីហនុ។
លោកបានឱ្យដឹងថា ការរៀបចំទីក្រុងធំទី២ បន្ទាប់ទីក្រុងភ្នំពេញ ដែលអាចនឹងស្ថិតនៅលើអ័ក្ស រាជធានីភ្នំពេញ-ក្រុងព្រះស៊ីហនុអាចធ្វើទៅរួច ដោយសារទីតាំងនៅទីនោះមានដីធំ សម្រាប់ការអភិវឌ្ឍន៍ ប៉ុន្តែតាមអ្វីដែលលោកដឹង គឺថា គម្រោងទីក្រុងថ្មីមួយ នឹងកើតឡើងនៅតំបន់ជ្រោយចង្វារ ព្រោះតំបន់នេះត្រូវបានមើលឃើញថា មានការអភិវឌ្ឍជាបន្តបន្ទាប់ ដូចជាការរៀបចំក្រុងរណបជាដើម។
យោងតាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញបានឱ្យដឹងថា គោលនយោបាយរៀបចំដែនដី នឹងជំរុញនូវការគ្រោងឱ្យមានទីក្រុងធំទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដើម្បីបង្កើតឱ្យមានការអភិវឌ្ឍប្រកបដោយសមភាព តុល្យភាព រួមចំណែក ទទួលចែករំលែកនូវបន្ទុកសេវាកម្មសាធារណៈ ឲ្យមានកម្រិតប្រសើរឡើង សម្រាប់ដែនដី ទាំងមូលរបស់ប្រទេស។
នេះជាមធ្យោយោបាយមួយ ដើម្បីសម្រាលនូវសម្ពាធនៃកំណើនហួស ហេតុប្រជាជនក្នុងតំបន់ប្រមូលផ្ដុំតែមួយ ជាពិសេសក្នុងទីកណ្ដាលរាជធានីភ្នំពេញ ដែលត្រូវតែគ្រប់គ្រងការពង្រាយការអភិវឌ្ឍឱ្យបានល្អ។ ការអភិវឌ្ឍដោយផ្អែកលើប៉ូលនានានៅលើអ័ក្ស រាជធានីភ្នំពេញ-ក្រុងព្រះស៊ីហនុ គឺជាគោលការណ៍អភិវឌ្ឍន៍មួយនៅក្នុងតំបន់និរតីនៃប្រទេស។
លោកសាស្ត្រាចារ្យទួស សាភឿនអគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជាធ្លាប់ថ្លែងប្រាប់ថា ភ្នំពេញគឺជាបណ្តុំនៃសេដ្ឋកិច្ច ហើយជាចំណុចកណ្តាលមួយ ដែលមានការវិនិយោគ ការរស់នៅ និងការធ្វើពាណិជ្ជកម្មច្រើន ដូច្នេះតម្រូវការទីផ្សារខ្ពស់។
លោកបានថ្លែងថា “យើងគិតថា ទីក្រុងភ្នំពេញមានទំហំធំ ប៉ុន្តែសម្រាប់ខ្ញុំគិតថា វាមិនធំនោះទេ។ ពីមួយថ្ងៃទៅមួយថ្ងៃ ឥទ្ធិពលនៃទីក្រុងភ្នំពេញ បានរីកសាយទៅតំបន់ជិតខាង ដែលនឹងធ្វើឱ្យទីក្រុងភ្នំពេញ ត្រូវការពង្រីកខ្លួនបន្ថែម ដើម្បីឆ្លើយតបនឹងតម្រូវការទាំងអស់ទាំងនេះ”។ លោកលើកបែបនេះ សំដៅកាន់តម្រូវការទីផ្សារ កំណើនប្រជាជន និងកំណើនសេដ្ឋកិច្ច៕