លោកវង្សី វិស្សុតៈ រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើផែនការមេដើម្បីឱ្យការអភិវឌ្ឍក្រុងមានប្រសិទ្ធភាព

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុយកចិត្តទុកដាក់ខ្ពស់មិនត្រឹមតែលើប្រភពហិរញ្ញប្បទាន និងតម្លៃប៉ាន់ស្មានប៉ុណ្ណោះទេ ថែមទាំងផ្តោតការយកចិត្តទុកដាក់ផងដែរលើផែនការមេ ផែនការអភិវឌ្ឍន៍ និងផែនការវិនិយោគនៃទីក្រុង ដើម្បីធានាឱ្យការអភិវឌ្ឍន៍មានប្រសិទ្ធភាព។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកវង្សី វិស្សុតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអនុគណ:កម្មាធិការសិក្សាអំពីការស្រង់ថ្លៃដើម (Cost Recovery) ដើម្បីកំណត់ថ្លៃសេវា និងរៀបចំយន្តការបង់ថ្លៃប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Virtual Meeting) ជាមួយតំណាងប្រទេសអូស្ត្រាលី លោក Andreas Zurbrugg អនុប្រធានបេសកកម្មការទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងលោក Nam Le ប្រធានក្រុមទីប្រឹក្សានៃកម្មវិធីភាពជាដៃគូដើម្បីហេដ្ឋារចនាសម្ព័ន្ធ (P4I) ក្រោមជំនួយបច្ចេកទេសពីរដ្ឋាភិបាលអូស្ត្រាលី។

ក្នុងកិច្ចពិភាក្សានេះ លោកវង្សី វិស្សុតបានលើកឡើងថា តម្រូវការខាងហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់នៅកម្ពុជានាពេលបច្ចុប្បន្នមានការកើនឡើងយ៉ាងខ្លាំង ក៏ដូចជាអនុវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈដទៃទៀត ខណៈពេលដែលធនធានហិញ្ញវត្ថុរបស់រាជរដ្ឋាភិបាល សម្រាប់វិនិយោគលើវិស័យនេះ នៅមានកម្រិតនៅឡើយ។

លោកបានថ្លែងថា វាបានក្លាយជាបញ្ហាប្រឈមកាន់តែខ្លាំងសម្រាប់រាជរដ្ឋាភិបាលក្នុងការផ្តល់ហិរញ្ញប្បទានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់ ដើម្បីរត់ប្រដេញតាមឱ្យទាន់តម្រូវការមានអនាម័យកាន់តែប្រសើរ, ការដោះស្រាយបញ្ហាបរិស្ថាន, និងការឆ្លើយតបទៅនឹងកំណើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃទីក្រុង និងទីប្រជុំជន។

លោកបានថ្លែងដូច្នេះថា “ជាគោលការណ៍ ក្នុងការធ្វើសេចក្តីសម្រេចលើគម្រោងវិនិយោគនៅទីក្រុងណាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុយកចិត្តទុកដាក់ខ្ពស់មិនត្រឹមតែលើប្រភពហិរញ្ញប្បទាន និងតម្លៃប៉ាន់ស្មានប៉ុណ្ណោះទេ ថែមទាំងផ្តោតការយកចិត្តទុកដាក់ផងដែរលើផែនការមេ, ផែនការអភិវឌ្ឍន៍ និងផែនការវិនិយោគនៃទីក្រុង និងជាពិសេស គឺនិរន្តរភាពនៃការងារទាំងនេះ ព្រមទាំងការអភិវឌ្ឍស្ថាប័នផងដែរ ដោយសារតែទំហំរបស់វាកាន់តែធំឡើង និងកាន់តែស្មុគស្មាញឡើង”។

លោករដ្ឋមន្រ្តីប្រតិភូក៏បានបន្ថែមថា សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់ ត្រូវមានផែនការ និងយន្តការហិរញ្ញប្បទាន និងការស្រង់ថ្លៃដើមច្បាស់លាស់ដើម្បីធានាពីប្រសិទ្ធភាពនៃការប្រើប្រាស់ថ្លៃដើម និងនិរន្តរភាពរបស់គម្រោង។

លោកបានគូសបញ្ជាក់បន្ថែមទៀតថា ក្រៅពីបញ្ហាថវិកា គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់នៅមានបញ្ហាមួយចំនួនទៀត ដែលត្រូវដោះស្រាយដូចជា ការរៀបចំ និងបង្កើនសមត្ថភាព ស្ថាប័ន ការគ្រប់គ្រង និងគោលនយោបាយស្តីពីការបង់ថ្លៃសេវាប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ព្រមទាំងការជំរុញការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់គ្នា។

លោកបានថ្លែងបន្តថា ខុសគ្នាពីសេវាសាធារណៈដទៃទៀត ដូចជា សេវាទឹកស្អាត អគ្គិសនី ជាដើម ហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់រងការលំបាកដោយសារម្ខាងបណ្តាលមកពីទស្សនៈអាចគេចវេសបាន និងមានកម្រៃសេវាទាប និងម្ខាងទៀត ហិរញ្ញប្បទានសម្រាប់វិស័យនេះនាំឱ្យបាត់បង់ឱកាសក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងទៀត។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ អនុគណៈកម្មាធិការស្រង់ថ្លៃដើមមានភារកិច្ចរៀបចំក្របខ័ណ្ឌស្រង់ថ្លៃដើម និងហិរញ្ញប្បទានលើហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់ ដែលជាគោលការណ៍ណែនាំមួយសម្រាប់ការធ្វើសេចក្តីសម្រេចលើគម្រោងវិនិយោគសាធារណៈនាពេលអនាគត ដើម្បីធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គម ហើយមាននិរន្តរភាព ទាំងក្នុងក្របខ័ណ្ឌរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here