ក្រុមហ៊ុនFreeport Indonesiaចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិនTsingshan សាងសង់រោងចក្រតម្លៃ៣ពាន់លានដុល្លារ

0

ដោយៈ សុខុម

ហ្សាការតា: ក្រុមហ៊ុនរ៉ែមាស និងទង់ដែងឥណ្ឌូនេស៊ី PT Freeport Indonesia (PTFI) បានចុះកិច្ចព្រមព្រៀងមួយដែលមានតម្លៃ៣ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រចម្រាញ់រ៉ែទង់ដែនមួយ។

យោងតាមសារព័ត៌មាន Jakarta Post ចុះផ្សាយនៅថ្ងៃទី២១ កក្កដា នេះឱ្យដឹងថា គម្រោងសាងសង់រោងចក្រនេះធ្វើឡើងនៅក្នុងទីក្រុង Gresik ខេត្តជ្វាខាងកើត (East Java) ប្រទេសឥណ្ឌូនេស៊ី ដោយបញ្ចប់នូវមន្ទិលសង្ស័យរយៈពេលរាប់ឆ្នាំជុំវិញផែនការរបស់ក្រុមហ៊ុនរ៉ែមួយនេះ។

តាមរយៈសេចក្តីថ្លែងការណ៍មួយចេញកាលពីថ្ងៃទី១៥ កក្កដា ក្រុមហ៊ុន Freeport Indonesia បានបញ្ជាក់ថា ខ្លួនបានចុះកិច្ចព្រងព្រៀងវិស្វកម្ម លទ្ធកម្ម និងសាងសង់ (EPC) មួយជាមួយក្រុមហ៊ុនជប៉ុន PT Chiyoda International Indonesia (PTCII) ដើម្បីសាងសង់រោងចក្រចម្រាញ់រ៉ែទង់ដែងនៅសួនឧស្សាហកម្ម Java Integrated Industrial and Port Estate (JIIPE) នៅក្នុងទីក្រុង Gresik ខេត្តជ្វាខាងកើត (East Java)។

រោងចក្រចម្រាញ់នេះនឹងផលិតបន្ទះស្ពាន់ ដែលជាវត្ថុធាតុដើមមួយក្នុងចំណោមវត្ថុធាតុដើមសំខាន់ៗដែលត្រូវប្រើប្រាស់នៅក្នុងការផលិតអាគុយ និងខ្សែភ្លើង។ រ៉ែដែលត្រូវចម្រាញ់នឹងត្រូវផ្គត់ផ្គង់ដោយអណ្ដូងរ៉ែ Grasberg mine របស់ក្រុមហ៊ុន Freeport Indonesia នៅខេត្តប៉ាពួ (Papua) ដែលជាអណ្ដូងរ៉ែមាស និងទង់ដែងធំបំផុតមួយក្នុងពិភពលោក។

ក្រុមហ៊ុនបានបញ្ជាក់ថា ក្រោយសាងសង់រួចរាល់ជាស្ថាពរ រោងចក្រចម្រាញ់នេះនឹងមានសមត្ថភាពចម្រាញ់រ៉ែទង់ដែងបានរហូតដល់ទៅ១,៧លានតោនក្នុងមួយឆ្នាំៗ។

ប្រទេសឥណ្ឌូនេស៊ី ជាសមាជិកមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន។ ជាមួយចំនួនប្រជាជនជាង២៧០លាននាក់ ប្រទេសនេះជាប់ឈ្មោះជាប្រទេសដែលមានប្រជាជនច្រើនបំផុតទី៤ ក្នុងពិភពលោក និងជាប្រទេសមានអ្នកកាន់សាសនាអ៊ីស្លាម ច្រើនបំផុតក្នុងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here