ដោយគង់ សូរិយា
ភ្នំពេញ: ការសិក្សាថ្មីមួយដែលធ្វើឡើងដោយសេដ្ឋវិទូនៃOxford Economicsបានព្យាករណ៍ថា ទំហំពាណិជ្ជកម្មរបស់កម្ពុជា នឹងកើនឡើងក្នុងរង្វង់១០ភាគរយនៅឆ្នាំនេះ និងឆ្នាំជាបន្តបន្ទាប់នាពេលខាងមុខ។
យោងតាមការសិក្សាដដែលបានបង្ហាញថា ទំហំនៃការនាំចេញ នាំចូលដែលរំពឹងនឹងសម្រេចបានកំនើន៩,៩ភាគរយនៅឆ្នាំនេះ និងកើនដល់១០ភាគរយក្នុងបណ្តាឆ្នាំខាងមុខ គឺដោយសារការនាំចេញសម្លៀកបំពាក់ វាយណភ័ណ្ឌរបស់កម្ពុជា ដែលបាននិងកំពុងទទួលបានអត្ថប្រយោជន៍ ពីគោលនយោបាយអនុគ្រោះពន្ឋរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
ការសិក្សាដែលត្រូវបានដកស្រង់ដោយក្រុមហ៊ុនCBRE Cambodiaក៏បានរកឃើញផងដែរថា ក្រៅពីកោះតៃវ៉ាន់ កម្ពុជាគឺជាប្រទេសដែលបាននាំចេញកង់ច្រើនជាងគេទៅអឺរ៉ុបកាលពីឆ្នាំមុន ដែលមានទំហំទឹកប្រាក់រហូតដល់១,៤២លានដុល្លារ។
លោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា ប្រសិនជាយើងពិនិត្យមើលស្ថានភាព និងកំលាំងចលករសេដ្ឋកិច្ចកម្ពុជា ទំហំសេដ្ឋកិច្ចកម្ពុជាមិនមានការប្រែប្រួលនោះទេ ហើយទំហំសេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងនៅរយៈពេល១ឆ្នាំទៅ៣ឆ្នាំខាងមុខទៀត ដោយសារសេដ្ឋកិច្ចរបស់យើងនឹងនៅតែមានការលូតលាស់ ដោយសារការចូលមកវិនិយោគរបស់ចិន ការទទួលបានប្រាក់ចំណូលរបស់រដ្ឋាភិបាលកើនឡើង ដែលធ្វើឲ្យរដ្ឋអាចបែងចែកដោយសមធ៌ម និងធ្វើឲ្យប្រជាពលរដ្ឋបានទទួលផលគ្រប់គ្នា។
លោកបន្តថា “ទោះបីជាសហគមន៍អឺរ៉ុប និងអាមេរិកចង់ដាក់សម្ពាធលើកម្ពុជាក្តី ប៉ុន្តែបញ្ហានេះនឹងមិនអាចកើតមាននោះទេ នៅពេលចិនលូកដៃចូលបញ្ហានេះ ព្រោះចិននៅតែមានអំណាចក្នុងការនិយាយជាមួយអាមេរិក ដើម្បីសម្រាលស្ថានការណ៍នេះ”៕