ធនាគារកណ្ដាលថៃដាក់ចេញនូវផែនការថ្មីដើម្បីកាត់បន្ថយកម្រិតបំណុលរបស់ពលរដ្ឋ

0

ដោយៈសុខុម

បាងកក: ធនាគារកណ្ដាលថៃ (BoT) បានពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីរិះរកវិធីកាត់បន្ថយបំណុលគ្រួសារ (Household Debt) ក្នុងប្រទេសនេះ ដោយចាប់ផ្តើមពីឥណទានសហករណ៍ (Co-operative Loan) និងឥណទាននិស្សិត (Studen Loan)  ជាមួយនឹងគោលដៅពង្រីកការគ្របដណ្ដប់ លើឥណទានកសិករ (Farmer Loan) នៅឆ្នាំក្រោយ។

យោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃទី២២ កក្កដា នេះឱ្យដឹងថា បំណុលគ្រួសាររបស់ប្រទេសនេះ មានប្រភពចម្រុះគ្នាដូចជាប្រភពហិរញ្ញវត្ថុ និងប្រភពឥណទាន ដែលរួមបញ្ចូលទាំងប្រភព មិនស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារថៃផងដែរ​។ ជាលទ្ធផល ធនាគារកណ្តាលថៃ ត្រូវការកិច្ចសហការពីអាជ្ញាធរដទៃទៀតផងដែរ ដើម្បីកាត់បន្ថយបំណុលគ្រួសារ។

លោកស្រី Thanyanit Niyomkarn ជំនួយការទេសភិបាលនៃធនាគារកណ្ដាលថៃ លើកឡើងថា ក្នុងដំណាក់កាលដំបូង ធនាគារកណ្ដាលថៃ មានបំណងផ្តោតលើបំណុលគ្រួសារ ដែលជាប់ពាក់ព័ន្ធនឹងទីភ្នាក់ងាររបស់រដ្ឋាភិបាល ដោយចាប់ផ្តើមពីឥណទានសហករណ៍ និងឥណទាននិស្សិត។

លោកស្រីបន្ថែមទៀតថា “ធនាគារកណ្តាលថៃ គ្រោងនឹងពិភាក្សាជាមួយសហករណ៍គ្រូបង្រៀន សហការណ៍នគរបាល និងមូលនិធិឥណទាននិស្សិត (Student Loan Fund)ដើម្បីស្វែងរកដំណោះស្រាយបំណុលសម្រាប់អ្នកខ្ចីប្រាក់”។ លោកបន្តថា “លើសពីនេះទៅទៀត ធនាគារកណ្តាលថៃ នឹងជួយរៀបចំរចនាសម្ព័នសងបំណុលរបស់ស្ថាប័នទាំងនេះ ដើម្បីឱ្យស្របទៅនឹងប្រាក់ចំណូល បន្ទុកបំណុល និងកត្តាពាក់ព័ន្ធដទៃទៀតរបស់ក្រុមអ្នកខ្ចីប្រាក់នីមួយៗផងដែរ”។

ជាឧទាហរណ៍ ធនាគារកណ្ដាលថៃ ចាំបាច់ត្រូវផ្លាស់ប្តូរគំរូសងបំណុលរបស់មូលនិធិឥណទាននិស្សិត ឬ Student Loan Fund ពីការសងបំណុលប្រចាំឆ្នាំ ដែលមានស្រាប់ទៅជាការសងរំលស់បំណុលប្រចាំខែ ដើម្បីបន្ធូរបន្ថយបន្ទុកបំណុលរបស់អ្នកខ្ចីប្រាក់។

លើសពីនេះទៀត លោកស្រី Thanyanit Niyomkarn បានថ្លែងថា ធនាគារកណ្ដាលថៃ ក៏មានផែនការពង្រីកកិច្ចសហការជាមួយ “ធនាគារកសិកម្ម និងសហករណ៍កសិកម្ម” (Bank for Agriculture and Agricultural Cooperatives (BAAC)) ផងដែរដើម្បីកាត់បន្ថយបំណុលរបស់កសិករ។ ដោយសារអ្នកខ្ចីស្ថិតក្នុងផ្នែកខុសៗគ្នា ការវាយតម្លៃអំពីហានិភ័យ គំរូសងបំណុលនៃឥណទានកសិករ ដែលពឹងផ្អែកលើរដូវប្រមូលផល ធនាគារកណ្តាលថៃ ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីពិចារណាស្វែងរកដំណោះស្រាយបំណុលរបស់កសិករ។

ក្នុងត្រីមាសទី១ ដើមឆ្នាំនេះ បំណុលគ្រួសាររបស់ប្រទេសថៃ បានកើនឡើងដល់១៤,១ទ្រីលានបាត (៤២៩ពាន់លានដុល្លារអាមេរិក) ឬស្មើនឹង៩០.៥%នៃផលិតផលក្នុងស្រុកសរុប (GDP)។ បំណុលគ្រួសារភាគច្រើន គឺជំពាក់ធនាគារពាណិជ្ជដែលស្មើនឹង៤៣%នៃបំណុលសរុប បន្ទាប់មកស្ថាប័នហិរញ្ញវត្ថុឯកទេសចំនួន២៩% សហករណ៍ចំនួន១៥% ក្រុមហ៊ុនជួលរថយន្តចំនួន៦% ប័ណ្ណឥណទាន និនឥណទានផ្ទាល់ខ្លួនចំនួន៤% និងផ្សេងៗទៀតចំនួន៣%។

ក្រៅពីវិធានការរៀបចំឥណទានឡើងវិញ ធនាគារកណ្តាលថៃ ក៏បានអនុវត្តដំណោះស្រាយបំណុលផ្សេងៗទៀត រួមទាំងគម្រោងសម្របសម្រួលបំណុលផងដែរ។ គម្រោងនេះ ទទួលបានការឆ្លើយតបជាវិជ្ជមានពីអ្នកខ្ចីប្រាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here