ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញជាតិ អន្តរជាតិបាននិងកំពុងមើលឃើញសក្តានុពលនៃការរីកចម្រើនរបស់ខេត្តកំពតនាពេលអនាគត ខណៈពេលនេះ ទឹកដីជាប់ជើងភ្នំដ៏វែងអន្លាយ ជាប់ទឹកសមុទ្រខៀវស្រងាត់នេះ កំពុងបង្ហាញវត្តមាននូវគំរោងធំៗជាច្រើន។
ទីក្រុងបូកគោថ្មី
ជាមួយនឹងផែការពង្រីកសក្តានុពល និងបញ្រ្ជាបចរន្តសាច់ប្រាក់កាន់តែច្រើនទៅកាន់មូលដ្ឋាននានា ប្រមុខរដ្ឋាភិបាលបានប្រកាសអនុម័តគំរោងផែនការមេ ដើម្បីកសាងទីក្រុងបូកគោជាទីក្រុងឆ្លាតវៃ ដែលបានធ្វើឲ្យទឹកដី ខេត្តកំពតកាន់តែមានភាពទាក់ទាញថែមទៀត។
បច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ឋស្នូល បាននិងកំពុសាងសង់ ខណៈមន្រ្តីរដ្ឋបាលទីក្រុងនេះ កំពុងចាប់ផ្តើមឃោសនាបោះឆ្នោត ដើម្បីជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុងនេះ ខណៈមន្រ្តីក្រុងត្រូវបានរៀបចំដោយក្រសួងមហាផ្ទៃរូចហើយ។
គ្រាន់តែប្រកាសភ្លាមបានធ្វើឲ្យតម្លៃដីធ្លី នៅតំបន់នេះដែលមានហាងឆេងស្រាប់ បានកើនតម្លៃមួយកម្រិតទៀតរួចទៅហើយ។
ការបញ្ចប់ការស្ថាបនាផ្លូវជាតិលេខ៣
ការប្រកាសពង្រីក រហូតដល់ផ្លូវនេះបានសាងសង់ចប់ បានធ្វើឲ្យអ្នកជំនាញនិងអ្នកស្វែងរកការវិនិយោគដីធ្លី ដើម្បីរកផលចំណេញបានឈានចូលទៅកាន់ខេត្តនេះ ដោយសារសក្តានុពល ត្រូវបានគេមើលឃើញរួចទៅហើយ។
ជាមួយនឹងការសាងសង់បញ្ចប់១០០ភាគរយ ដែលអាចអនុញ្ញាត្តឲ្យអ្នកធ្វើដំណើរបើកបរបានលឿនជាងមុន ខេត្តកំពត ភ្នំពេញចំណាយពេលត្រឹម២ម៉ោងកន្លះប៉ុណ្ណោះនឹងទៅដល់ ដែលវាជាការកាត់បន្ថយពេលវេលា និងជួយសម្រូលដល់ការធ្វើដំណើរងាយស្រួលជាងមុន។
អ្នកជំនាញមើលឃើញសក្តានុពលខេត្តនេះ នឹងមានការរីកចម្រើនលឿនបន្ទាប់ពីខេត្តព្រះសីហនុនាពេលអនាគត។
អាគារពាណិជ្ជកម្មកប់ពពក
ក្នុងប្រវត្តិសាស្រ្តរាប់រយឆ្នាំមកនេះ ខេត្តកំពតមិនដែលមានវត្តមានអាគារកប់ពពកនោះទេ ប៉ុន្តែបច្ចុប្បន្ននេះក្រុមហ៊ុនថៃ ប៊ុនរ៉ុងបាននិងកំពុងសាងសង់អាគារពាណិជ្ជកម្មលំដាប់អន្តរជាតិកំពស់កម្ពស់៤២ជាន់ ក្រោមទុនវិនិយោគប្រមាណ៩៥លានដុល្លារ បាននិងកំពុងចាប់ផ្តើមសាងសង់ហើយ ដែលវត្តមានមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងរួមចំណែកលើកកំពស់ការអភិវឌ្ឍ ក្នុងក្រុងនេះកាន់តែមានសក្តានុពលថែមទៀត។
វត្តមានអាគារនេះ នឹងផ្លាស់ប្តូរមុខមាត់របស់ខេត្តកំពត និងជម្រុញ ហើយទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិជាច្រើនទៀតទៅកាន់ខេត្តនេះ។
អភិបាលខេត្តកំពត លោក ជាវ តាយ ធ្លាប់បានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញពីកំណើនយ៉ាងខ្លាំង នៃប្រភពអចលនទ្រព្យក្នុងស្រុក ហើយជាប្រទេសមានសេដ្ឋកិច្ច លូតលាស់លឿន ដែលវិស័យឧស្សាហកម្ម សំណង់ និងសេវាកម្ម នៅតែជាកម្លាំងចលករយ៉ាងសំខាន់។
លោកបានបញ្ជាក់ថា “គម្រោងសាងសង់អគារពាណិជ្ជកម្មបែបទំនើប ថៃ ប៊ុនរ៉ុង កំពត បៀលឌីង នាពេលនេះ ជាការបើកទំព័រប្រវត្តិសាស្ត្រ សំណង់អគារលំដាប់អន្តរជាតិជាលើកដំបូង និងខ្ពស់ជាងគេនៅខេត្តកំពត ដែលបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តកំពត ហើយសម្រាប់បំពេញតម្រូវការរបស់វិនិយោគិន ភ្ញៀវជាតិ និងអន្តរជាតិ ធ្វើការបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តកំពត”។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ទេព ធន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅតែបន្តអនុវត្តនូវកម្មវិធី យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និតិកាលទី៦ នៃរដ្ឋសភា ដើម្បីជាគន្លឹះត្រីវិស័យក្នុងការ ទ្រទ្រង់និងអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។
វិស័យទេសចរណ៍
ជាមួយភាពអំណោយផលនៃតំបន់ឆ្នេរ ព្រៃភ្នំ ពិសេសភ្នំបូកគោ ដងព្រែក ធូរ៉េនដ៏មានឳជារស និងផលិតផលកសិកម្មជាច្រើនទៀត ពិសេសស្រែអំបិល ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ចូលទស្សនា ខេត្តកំពតក៏មិនទាន់ប្រើប្រាស់អស់ធនធាន និងសក្តានុពលរបស់ខ្លួនដែរ។
លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា ក្នុងអំឡុងពេលនៃការគ្របដណ្តប់ដោយវិបត្តិជំងឺរាតត្បាត វិស័យទេសចរណ៍បានផ្លាស់ប្តូរយ៉ាងច្រើន។ ភ្ញៀវទេសចរភាគច្រើនកំពុងស្វែងរកគោលដៅទេសចរណ៍ធម្មជាតិ ដែលក្នុងនោះ ខេត្តកំពតគឺ ជាខេត្តមានអំណោយផលល្អបំផុត សម្រាប់សកម្មភាពទេសចរណ៍ជាច្រើនទីតាំង និងផ្តល់ឱកាសដល់ការបង្កើតអាជីវកម្មថ្មីៗ ដើម្បីបំពេញតម្រូវការទេសចរណ៍ក្នុងស្រុក។វិស័យអចលនទ្រព្យ
ក្រៅពីវត្តមានអាគារកប់ពពក ខេត្តកំពតក៏ទាក់ទាញគំរោងអភិវឌ្ឍន៍ធំៗជាច្រើនផងដែរ ពិសេសការវិនិយោគលើរមណីយដ្ឋានលំហែរកាយ ដូចជាគំរោងនៅតាមដងស្ទឹងព្រែកកំពង់បាយ ការពង្រីកឆ្នេរ និងគំរោងកំពតឋានសួគ៌ជាដើម។
ជាមួយនឹងកំនើននៃការវិនិយោគអចលនទ្រព្យ និងការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ពិសេសនៅពេលបញ្ចប់ការស្ថាបនាផ្លូវជាតិលេខ៣ នឹងធ្វើឲ្យខេត្តកំពតក្លាយជាមេដែកឆក់មួយ ដែលស្រូបទាញកំនើននៃការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិបន្ថែមទៀត។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យលោកច្រឹក សុខនីមបានមានប្រសាសន៍ថា ខេត្តកំពតគឺជា ខេត្តដែលមានសក្តានុពលទេសចរធម្មជាតិ ដែលខេត្តដទៃទៀតមិនមាន ហើយក៏ជាទិសដៅនៃអ្នកទេសចរនៅក្នុងស្រុក ផងដែរ ព្រោះពួកគាត់មិនសូវចង់ទៅខេត្តផ្សេងប៉ុន្មានទេ ជាពិសេសទេសចរដែលមានលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ។
លោកបន្តថា “នៅក្នុងមួយរយៈចុងក្រោយនេះ រដ្ឋាភិបាលបានចាប់ផ្តើមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាលក្ខណៈទ្រង់ទ្រាយធំ នៅតាមខេត្តគោលដៅជាខេត្តដែលមានសក្តានុពលខ្ពស់។លោកបន្តថា “រដ្ឋាភិបាលបាននិងកំពុងដើរតាម Model Pickup ដោយជ្រើសរើសខេត្តធំៗ និងមានសក្តានុពលសេដ្ឋកិច្ច អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ខេត្តព្រះសីហនុ ខេត្តសៀមរាប ហើយខេត្តបន្ទាប់អាចជាខេត្តកំពត និងមានខេត្តបន្តបន្ទាប់ទៀត”។
សារគន្លឹះពីប្រមុខរដ្ឋាភិបាល
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីឆ្នាំមុនធ្លាប់បានស្នើដល់រដ្ឋបាលខេត្តកំពត សិក្សាទៅលទ្ធភាពនៃការរៀបចំជាតំបន់រដ្ឋបាលប្រមូលផ្តុំ រួមជាមួយគម្រោងសាងសង់ជាពហុកីឡាដ្ឋានថ្មីមួយ ប្រចាំនៅក្នុងខេត្តបន្ថែមពីលើគម្រោងសិក្សាពីការសាងសង់ស្ពានចំនួន២ផ្សេងទៀត។
លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា យោងតាមការណែនាំផ្ទាល់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្នើទៅឱ្យរដ្ឋបាលខេត្តកំពតសិក្សាពីលទ្ធភាពរៀបចំតំបន់រដ្ឋបាលប្រមូលផ្តុំ ដោយមានមន្ទីរអង្គភាពពាក់ព័ន្ធមានទីកន្លែងធ្វើការរួមគ្នា និងសាងសង់ពហុកីឡាដ្ឋានថ្មីមួយទៀត។
លោកបញ្ជាក់ថា “ក្រៅពីនេះ បច្ចុប្បន្ន គម្រោងសិក្សាស្ពានឆ្លងព្រែកកំពង់បាយចាស់ សិក្សាដោយក្រុមហ៊ុន China Road និងគម្រោងសិក្សាស្ពានថ្មី សិក្សាដោយកងវិស្វកម្មក្រសួងការពារជាតិបានប្រមាណជា៧០ភាគរយ ដោយក្រោយពីសិក្សាចប់សព្វគ្រប់ នឹងដាក់គម្រោងទាំងនេះ ឆ្លងដល់ថ្នាក់ដឹកនាំមន្ត្រីរាជការខេត្តកំពត រួចហើយនឹងយកសំណើគម្រោងនេះ ដាក់ស្នើសុំគោលការណ៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រេច”។
ជាមួយគ្នានេះ ខេត្តកំពតក៏មានកំពង់ផែទេសចរណ៍ដ៏ស្រស់ស្អាតផងដែរ ដែលកំពង់ផែនេះ អាចពង្រីកការតភ្ជាប់ច្រករបៀងទេសចរណ៍ ជាមួយប្រទេសវៀតណាម ថៃនាពេលអនាគតផងដែរ ប៉ុន្តែគួរឲ្យសោកស្តាយកំពង់ផែនេះ ត្រូវបានពន្យាពេលលើការសាងសង់៕