គម្រោងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលកំពុងលើកកំពស់តម្លៃអចលនទ្រព្យ តាមបណ្ដាខេត្ត

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានៅតែកំពុងបង្កើនល្បឿនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ដែលបានជម្រុញឲ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យនៅតាមតំបន់ទាំងនោះ។

ជាមួយនឹងផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ទេសចរណ៍ និងការវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែមនេះ វិស័យអចលនទ្រព្យនៅតាមបណ្ដាខេត្តរំពឹងថា នឹងមានសក្ដានុពលមួយកម្រិតទៀតនៅពេលអនាគត ជាពិសេសខេត្តមួយចំនួន ដែលកំពុងមានសក្ដានុពលស្រាប់នៅពេលនេះ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីនៃក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលបានសន្សំសំចៃថវិកាមួយចំនួនដើម្បី សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សម្រួលដល់ការធ្វើដំណើរពីភ្នំពេញ ទៅបណ្ដាខេត្តនិងពីខេត្តមួយទៅខេត្តមួយទៀត។

លោកបន្តថា ផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ បានបញ្ចប់ទាំងស្រុងហើយ ហើយផ្លូវ៣៨ខ្សែនៅសៀមរាប ក៏កំពុងសាងសង់និងគ្រោងបញ្ចប់ នៅក្នុងឆ្នាំ២០២១នេះដែរ ដែលជាសក្ដានុពលបន្ថែមទៀតសម្រាប់ខេត្តទាំងពីរនេះ។

ហេដ្ឋារចនាសម្ព័ន្ឋធំៗដែលបាន និងកំពុងសាងសង់ និងគ្រោងនឹងពង្រីកនាពេលខាងមុខរួមមាន ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ១០ និងគ្រោងពង្រីកផ្លូវជាតិលេខ៤៨ ស្តារ​ផ្លូវជាតិលេខ៤១ ផែនការពង្រីកផ្លូវជាតិលេខ៧ ពីស្គន់ ទៅកាន់ក្រុងកំពង់ចាមជាដើម។

បើតាមអ្នកជំនាញ នៃវិស័យអចលនវត្ថុជាច្រើន បានបង្ហាញពីសុទិដ្ឋនិយមចំពោះសក្ដានុពល នៃការអភិវឌ្ឍអចនទ្រព្យតាមបណ្ដាខេត្តនាពេលអនាគត ជាក់ស្ដែងខេត្តកំពត កែប និងខេត្តព្រះសីហនុ ត្រូវបានគេរំពឹងថា នឹងកាន់តែទទួលការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀតនៅពេលអនាគត ខណៈតំបន់ទាំងនេះ មានហេដ្ឋារចនាសម្ព័ន្ធពីភ្នំពេញយ៉ាងស្រួល ក្នុងនោះផ្លូវជាតិលេខ៣ពីភ្នំពេញ ទៅកំពតត្រូវសាងសង់រួចរាល់ស្ទើរតាំងស្រុងហើយ ហើយនឹងដាក់ដំណើរការបណ្ដោះអាសន្ននៅពេលខាងមុខនេះ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានលើកឡើងផងដែរថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺជាការទាក់ទាញបន្ថែមដល់វិនិយោគិនក្នុងការវិនិយោគនៅតំបន់ណាមួយ ហើយជាទូទៅយើងឃើញថាតំបន់ណា ដែលមានការកសាងហេដ្ឋារចនាសម្ប័ន្ធច្រើនតំបន់នោះ នឹងទទួលបានគម្រោងវិនិយោគច្រើនទាំងគម្រោងវិនិយោគក្នុងស្រុកនិងអន្តរជាតិ ។

លោកបន្តថា “ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ មានឥទ្ធិពលដល់ការស្រូបទាញវិនិយោគិនបែបនេះ ទើបរដ្ឋាភិបាលលោកបានខិតខំចំណាយថវិកាយ៉ាងច្រើន សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមខេត្ត និងតភ្ជាប់ពីភ្នំពេញទៅបណ្ដាខេត្តផងដែរ”។

បើយោងតាមរបាយការណ៍ស្ថិតិ បំណុលរបស់រដ្ឋាភិបាលចេញផ្សាយកាលពីពេលកន្លងទៅឱ្យដឹងថា ឥណទានភាគច្រើនដែលកម្ពុជាខ្ចីពីបរទេស ក៏ដូចជា ក្នុងស្រុកគឺយកទៅវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ ស្ពាន ជាដើម ដើម្បីសម្រួលការធ្វើពាណិជ្ជក្នុងស្រុកនិងក្រៅស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here