ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលនៅតែមានគោលជំហរច្បាស់លាស់ ជាក់លាក់ និងប្រាកដប្រជា ដោយទោះជាស្ថិតក្នុងវិបត្តិកូវីដ១៩ក្តី ប៉ុន្តែកម្ពុជានៅរក្សាទុនបំរ៉ុងអន្តរជាតិ ២០,៨ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ។
យោងតាមរបាយការណ៍សន្និបាត បូកសរុបការងារឆមាសទី១ ឆ្នាំ ២០២១ កាលពីថ្ងៃទី២២ ខែកក្កដា ២០២១ ធនាគារជាតិកម្ពុជាបានបញ្ជាក់ថា នៅឆមាសទី១ឆ្នាំ២០២១ នេះ សេដ្ឋកិច្ចកម្ពុជាបន្តទទួលរងឥទ្ធិពល ពីការរាលដាលនៃជំងឺកូវីដ-១៩ ទាំងក្នុងស្រុកនិងតំបន់ ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យចម្បងៗដូចជា វិស័យទេសចរណ៍ កម្មន្តសាល និង វិស័យសំណង់ តែកសិកម្មបន្តមានវឌ្ឍនភាពល្អ។
របាយការណ៍ដដែលបានឲ្យដឹងថា ទោះបីយ៉ាងណាទុនបំរុងអន្តរជាតិរបស់កម្ពុជា គឺបន្តស្ថិតក្នុងកម្រិតខ្ពស់ ដែលធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាន់បានប្រមាណជាង១០ខែ ព្រមទាំងបានពង្រឹងជំនឿទុកចិត្តរបស់សាធារណជន មកលើប្រាក់រៀលផងដែរ។
ធនាគារជាតិកម្ពុជាបានឲ្យដឹងថា អត្រាប្តូរប្រាក់នៅក្នុងប្រទេសកម្ពុជា បន្តមានស្ថិរភាពក្នុងរង្វង់ ៤,០៨៥ រៀលក្នុង១ ដុល្លារអាមេរិក និងបានរួមចំណែកយ៉ាងសំខាន់ ដល់ការរក្សាអតិផរណាឲ្យមានកំរិតទាប ដែលអាចគ្រប់គ្រងបានគឺ ២,៥%។
ចំពោះប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុវិញគឺនៅបន្តមានភាពធន់ និងបានផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ ទ្រព្យសកម្មប្រព័ន្ធធានាគារបានកើនឡើង ១៨% ,ឥណទានអតិថិជនមានកំណើន២៣,៤% និងប្រាក់បញ្ញើអតិថិជនកើន ២០,៧% ។ ជាមួយគ្នានេះ ស្ថានភាពដើមទុនក៏មានភាពរឹងមាំ ដោយអនុបាតសោធនភាពមានកម្រិតខ្ពស់១៥៩,៨% សម្រាប់គ្រឹះស្ថានធនាគារ និង១៧២,៦% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។
ដោយឡែកអនុបាតឥណទាន មិនដំណើរការមានកម្រិតទាបគឺ២,៤% សម្រាប់វិស័យធនាគារ និង២% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ស្របពេលដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយកូវីដ-១៩ ដោយមានការរៀបចំឥណទានឡើងវិញ ចំនួន ៣៦៧ ២៣៩ គណនី ស្មើនឹង៥,៥ពាន់ លានដុល្លារ ។
ទុនបម្រុងអន្តរជាតិ (Foreign Exchange Reserves) គឺជាទ្រព្យសម្បត្តិរបស់ប្រទេសមួយ ដែលទទួលស្គាល់ជាអន្តរជាតិ និងគ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុ ទុកប្រើប្រាស់ក្នុងករណីចាំបាច់ ដូចជា ការផ្តល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់ ប្រសិនបើមានតម្រូវការ, ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីគ្រប់គ្រងការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាជំនឿទុកចិត្តលើរូបិយវត្ថុនិងសេដ្ឋកិច្ចជាតិ៕