សម្តេចតេជោ : ខ្ញុំនឹងនាំប្រទេសចេញពីភាពក្រីក្រហើយក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់

0

ដោយ : គង់ សូរិយា

ភ្នំពេញ : សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា សម្តេចនឹងនាំ​ប្រទេស​ចេញពីភាពក្រីក្រ ហើយក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០ខាងមុខ។

ថ្លែងក្នុងពិធីបិទយុទ្ឋនាការឃោសនាបោះឆ្នោត នាព្រឹកថ្ងៃទី២៧ កក្កដា នៅចំពោះមុខ​អ្នកគាំទ្រគណបក្សចំនួន២៥ម៉ឺននាក់សម្តេចតេជោហ៊ុន សែនបានថ្លែងថា នៅដំណា​ក់​កាលចុងក្រោយនេះ កំនើនសេដ្ឋកិច្ចកម្ពុជាមិនបានធ្លាក់ចុះនោះទេ ប៉ុន្តែអត្រាភាព​ក្រីក្រ​បានធ្លាក់ចុះជាបន្តបន្ទាប់។ យើងនឹងមិនឲ្យមានសង្រ្គាមកើតឡើងជាថ្មីទេ យើង​ត្រូវ​ការ​ពារសន្តិភាព សន្តិភាពសម្រាប់យើងទាំងអស់គ្នា ហើយយើងទាំ​ងអស់គ្នាត្រូវ​ការពារសន្តិភាព។

សម្តេចបន្តថា “រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន នឹងបន្តបញ្ចុះតម្លៃ​អគ្គិសនីថែមទៀត ហើយប្រាក់ចំណេញដែលបានមកពីការបញ្ចុះតម្លៃអគ្គិសនី នឹង​ក្លាយ​ទៅជាអត្ថប្រយោជន៍សម្រាប់ការដំឡើងប្រាក់ឈ្នួលដល់កម្មករ”។

ជាមួយនឹងទំនុក​ចិត្តលើជ័យជំនះក្នុងការបោះឆ្នោត សម្តេចបានអំពាវនាវឲ្យរោងចក្រ សហគ្រាសត្រៀមរៀបចំការបើកប្រាក់ខែជូនកម្មករ និយោជិតរៀងរាល់២​សប្តាហ៍ម្តង។

តម្លៃអគ្គិសនី និងការដឹកជញ្ជូនខ្ពស់ ព្រមទាំងកង្វះហេដ្ឋារចនាសម្ព័ន្ឋជាបញ្ហាប្រ​ឈ​មធំជាងគេក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែបញ្ហាទាំងអស់នេះត្រូវបានរដ្ឋាភិ​បាលបាននិងកំពុងគិតគូរដោះស្រាយហើយ។

ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥បានដាក់ទិសដៅ​សំខាន់ ដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ឋ ការរៀបចំតំបន់ឧស្សាហកម្ម ការ​បណ្តុះបណ្តាលជំនាញ ការបញ្ចុះតម្លៃអគ្គិសនី និងប្រេងឥន្ឋនៈ និងការបណ្តុះបណ្តាល​ធនធាន​មនុស្សជំនាញ ដើម្បីផ្លាស់ប្តូរទីផ្សារពលកម្មពីអតិពលកម្ម ទៅជាការប្រើ​ប្រាស់​កំលាំងពលកម្មជំនាញ។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបាន​ថ្លែងថា គោលនយោបាយដោះស្រាយបញ្ហាតម្លៃអគ្គិសនី ថ្លៃទឹក តម្លៃដឹកជញ្ជូនខ្ពស់នៅតែជា​បញ្ហា​ប្រឈម ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុងខិតខំដោះស្រាយបណ្តើរៗហើយ ប៉ុន្តែ​លទ្ឋផលជាក់ស្តែងមិនអាចមើលឃើញភ្លាមៗនោះទេ ដោយសារវាត្រូវការពេលវេលា​ក្នុង​ការសាងសង់ និងរៀបចំគោលនយោបាយនានា។

លោកបន្តថា “កម្ពុជាកំពុងវិវត្តន៍ទៅមុខជាវិជ្ជមាន ហើយខ្ញុំជឿថាកម្ពុជានឹងក្លាយជា​ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ តាមការចង់បានរបស់​រដ្ឋាភិបាល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here