ក្រុមអ្នកជំនាញសេដ្ឋកិច្ច: កំណើនសេដ្ឋកិច្ចពិភពលោកនឹងនៅតែរឹងមាំ ប៉ុន្តែវីរុសកូវីដ-១៩ ជាហានិភ័យកំពូល

0

ដោយៈសុខុម

អន្តរជាតិៈ ចក្ខុវិស័យអំពីកំណើនសេដ្ឋកិច្ចពិភពលោក នឹងនៅតែរឹងមាំសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ ទោះបីជាអ្នកជំនាញសេដ្ឋកិច្ចភាគច្រើន ដែលក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters ព្រមានថា វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីបង្កហានិភ័យធំបំផុតដល់ទស្សនវិស័យនោះក្ដី។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី២៧ កក្កដា នេះឱ្យដឹងថា ការស្ទង់មតិជាសកល លើអ្នកជំនាញសេដ្ឋកិច្ចជិត៥០០រូប ដែលបានធ្វើនៅក្នុងខែនេះក៏បានសន្និដ្ឋានដែរថា អតិផរណាដែលកើនឡើងកាលពីពេលថ្មីៗនេះ នៅក្នុងបណ្ដាសេដ្ឋកិច្ចធំ​ៗទូទាំងពិភពលោកគ្រាន់តែប៉ុណ្ណោះអាសន្នប៉ុណ្ណោះ។

សេដ្ឋកិច្ចពិភពលោកពេលនេះត្រូវបានព្យាករថា នឹងទទួលបានកំណើន៦,០%ក្នុងឆ្នាំនេះដែលជាកំណើនលឿនបំផុត ក្នុងរយៈពេលជិតកន្លះសតវត្សរ៍មកនេះ ហើយបន្ទាប់មកកំណើននឹងធ្លាក់មកនៅត្រឹម៤,៥%ឆ្នាំ២០២២។ កំណើនទាំង២ឆ្នាំនេះសុទ្ធតែបានកើនឡើង បើធៀបនឹងការស្ទង់មតិកាលពីខែមេសា។

ជាងពាក់កណ្តាលនៃសេដ្ឋកិច្ចចំនួន៤៨ ដែលត្រូវបានស្ទង់មតិក្នុងត្រីមាសនីមួយៗ សុទ្ធតែមានភាពប្រសើរឡើងសម្រាប់ឆ្នាំទាំង២។

ប៉ុន្តែការកើនឡើងយ៉ាងឆាប់រហ័សនូវវីរុសកូវីដ-១៩ បំប្លែងថ្មីចុងក្រោយបង្អស់ ដែ​លបានធ្វើឱ្យព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រុងតូក្យូឆ្នាំ២០២០ (Tokyo 2020 Olympics) ដែលត្រូវបានពន្យារពេលអាចប្រព្រឹត្តទៅបាន ដោយគ្មានអ្នកចូលរួមទស្សនានោះ ឆ្លុះបញ្ចាំងឱ្យឃើញថា យុទ្ធនាការចាក់វ៉ា់ក់សាំងប្រហែល ជាមានភាពប្រសើរឡើង ប៉ុន្តែការឆ្លងរាលដាលមិនទាន់បាត់ទៅណាឡើយ។

និយាយពីហានិភ័យចំពោះសេដ្ឋកិច្ចពិភពលោក អ្នកជំនាញសេដ្ឋកិច្ចជិត៨០% បានលើកឡើងថា បញ្ហាធំបំផុតគឺការរីករាលដាលនៃវីរុសកូវីដ-១៩ បំប្លែងថ្មី។ អ្នកជំនាញសេដ្ឋកិច្ចជាង៧០%និយាយថា អតិផរណាពិភពលោកនាពេលបច្ចុប្បន្ន គ្រាន់តែប៉ុណ្ណោះ​អាសន្នប៉ុណ្ណោះ។

ខណៈក្រុមអ្នកជំនាញសេដ្ឋកិច្ចរំពឹងថា ធនាគារកណ្ដាលអាមេរិក (Federal Reserve) នឹងបញ្ចប់កម្មវិធីទិញប័ណ្ណបំណុលរបស់ខ្លួន នៅត្រឹមដំណាច់ឆ្នាំ២០២២ មានអ្នកវិភាគមួយចំនួនតូចព្យាករថា អត្រាប្រមូលទិញប័ណ្ណបំណុល នឹងកើនឡើងនៅឆ្នាំក្រោយ ដោយធនាគារកណ្ដាលជប៉ុន និងធនាគារកណ្ដាលអង់គ្លេស ត្រូវបានព្យាករថានឹងរក្សាគោលនយោបាយរបស់ខ្លួន ឱ្យនៅដដែលដោយគ្មានការផ្លាស់ប្ដូរ ដល់ដំណាច់ឆ្នាំក្រោយ។

ទន្ទឹមនឹងនេះដែរ ធនាគារកណ្តាលអឺរ៉ុប នឹងចាប់ផ្តើមកាត់បន្ថយការទិញទ្រព្យសកម្មដែលទាក់ទង នឹងការឆ្លងរាលដាលវីរុសកូវីដ-១៩ នៅពេលណាមួយក្រោយកិច្ចប្រជុំរបស់ខ្លួននៅខែកញ្ញា ហើយនឹងឈប់ទិញយកប័ណ្ណបំណុល នៅត្រឹមដំណាច់ខែមីនា។

ខណៈបណ្តាសេដ្ឋកិច្ចអភិវឌ្ឍន៍ បានដោះស្រាយការរីករាលដាលនៃវីរុសកូវីដ-១៩ ជាមួយនឹងការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ បណ្ដាលសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សនៅតែប្រឈមនឹងកង្វះវ៉ាក់សាំង។

នៅក្នុងប្រទេសចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក កំណើនសេដ្ឋកិច្ចបានដាំក្បាលចុះមកដល់ត្រឹម៨,១%ក្នុងត្រីមាសទី២ ពីអត្រាខ្ពស់បំផុតមិនធ្លាប់មាន១៨,៣%ក្នុងត្រីមាសទី១ នៅពេលការផ្ទុះការឆ្លងវីរុសកូវីដ-១៩ រលកថ្មីបានធ្វើឱ្យការចំណាយរបស់អ្នកប្រើប្រាស់ធ្លាក់ចុះខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here