ដោយៈគង់ សូរិយា
ភ្នំពេញៈ លោក អ្នកបានឃើញអាគារខុនដូខ្ពស់ៗនៅកម្ពុជា កាន់តែលូតលាស់ច្រើនរៀងរាល់ថ្ងៃ ប៉ុន្តែមិនដឹងតម្លៃសំណង់ឬថ្លៃសាងសង់អស់ប៉ុន្មាននោះទេ តើវាថ្លៃខ្ពស់ដូចយូនីតដែលបានលក់ចេញឬទេ?។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពី ល្ងាចថ្ងៃទី២៧ កក្កដាកន្លងមកថា ការសាងសង់ខុនដូសម្រាប់លក់ តម្លៃសំណង់មានចន្លោះពី៤០០ទៅ៦០០ដុល្លារប៉ុណ្ណោះ ដោយតម្លៃនេះមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយទេ ប៉ុន្តែបើដីមួយម៉ែត្រការ៉េថ្លៃ២០០០ ទៅ៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ តែអាចសាងសង់បានកំពស់៣០ទៅ៤០ជាន់ ហេតុនេះតម្លៃដីនៅសល់ត្រឹម២០០ទៅ៣០០ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។
ហេតុនេះបើបូកបញ្ចូលគ្នាលើថ្លៃសំណង់ ថ្លៃដី ខុនដូមួយម៉ែត្រការ៉េមានតម្លៃចន្លោះ៦០០ទៅ៨០០ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា បើគិតលើតម្លៃនេះ គឺការលក់មិនគួរបារម្ភទេ បើដាក់លក់មួយម៉ែត្រការ៉េតម្លៃ២០០០ទៅ២៥០០ដុល្លារ លក់តែមួយម៉ែត្រការ៉េត្រឹម១២០០ក៏លក់បាន និងចំណេញច្រើនផងដែរ។
លោកបន្តថា “អ្វីដែលសំខាន់នៅត្រង់ថា អ្នកវិនិយោគសាងសង់ខុនដូលក់ គឺតែងតែឡើងថ្លៃ មិនឃើញចុះ បើឡើងបាន តែបញ្ហាស្ថិតត្រង់ឡើងបាន តែចុះមិនបាន”។លោកបន្តថា “ហេតុនេះទីផ្សារខុនដូមិនគួរបារម្ភនោះទេ បើលក់មួយម៉ែត្រការ៉េ១២០០ នឹងមានអ្នកទិញច្រើនមិនខាន ហើយតម្លៃនេះក៏នៅទទួលបានផលចំណេញខ្ពស់”។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តទៀតថា អ្វីដែលលោកមើលឃើញគឺការសាងសង់ខុនដូ និងធ្វើឲ្យមានទីផ្សារមិនពិបាកពេកទេ សំខាន់លក់តម្លៃសមរម្យ៕