តើអាគារពាណិជ្ជកម្មនៅកម្ពុជាដើរតួនាទីនិងផ្តល់ប្រយោជន៍អ្វីខ្លះដល់អ្នករស់នៅ?

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ អាគារពាណិជ្ជកម្ម សំដៅទៅគម្រោងអភិវឌ្ឍន៍ អចលនទ្រព្យទាំងឡាយណា ដែលប្រើសម្រាប់ការធ្វើអាជីវកម្ម ដែលរួមសណ្ឋាគារ ផ្សារទំនើប អគារការិយាល័យ ហាងលក់ទំនិញដុំនិងរាយ អាគារសេវាកម្មចម្រុះ និងអគារអាផាតមិនជាដើម។

ក្នុងរយៈកាលចុងក្រោយនេះ គម្រោងសំណង់អគារបានកើនឡើងយ៉ាងច្រើន នៅទីក្រុងភ្នំពេញ។ បច្ចុប្បន្ន វិស័យសំណង់អចលនទ្រព្យ ពិសេស អាគារពាណិជ្ជកម្ម បាននិងកំពុងរីកដុះដាលយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ពិសេសទីក្រុងភ្នំពេញ និងក្រុងពះសីហនុ។

ទាក់ទងនឹងអាគារពាណិជ្ជកម្មបែបចម្រុះនេះ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA Cambodia លោកខន គង្គា បានថ្លែងប្រាប់កាលពីថ្មីៗនេះ អាគារពាណិជ្ជកម្មបែបចម្រុះ (mixed-use development) មានលក្ខណៈពិសេសជាច្រើន រួមបញ្ចូលទាំងខុនដូ ការិយាល័យ ផ្សារទំនើប និងសេវាកម្មជាច្រើនទៀត។

ជាមួយគ្នានេះដែរ លោកបានលើកឡើងថា ប្រទេសជិតខាង ដូចជាប្រទេសសិង្ហបុរី និងថៃជាដើម បានអភិវឌ្ឍន៍អាគារពាណិជ្ជកម្មច្រើនរួចទៅហើយ ហើយបច្ចុប្បន្នអ្នកអភិវឌ្ឍន៍ បាននាំមកការអភិវឌ្ឍបែបនេះមកកម្ពុជាដែរ ដូចជាគម្រោង Bridge គម្រោង The Peak និងគម្រោងជាច្រើនចាប់ផ្តើម មានការអភិវឌ្ឍន៍ជាអាគារពាណិជ្ជកម្ម បែបចម្រុះជាបន្តបន្ទាប់។

លោកបានលើកឡើងថា មូលហេតុដែលអ្នកអភិវឌ្ឍន៍ ធ្វើការអភិវឌ្ឍពាណិជ្ជកម្មបែបចម្រុះបែបនេះ គឺដោយសារ វាមានភាពងាយស្រួលសម្រាប់អ្នកធ្វើការ អ្នករស់នៅ និងអ្នកប្រកបអាជីវកម្ម នៅកន្លែងគម្រោងអាគារពាណិជ្ជកម្មតែម្តង។ វាថែមទាំងជួយសន្សំពេលវេលា។

លោកបានឱ្យដឹងទៀតថា “ឧទាហរណ៍ បើសិនជាយើងធ្វើការ ឬរកស៊ី យើងស្នាក់នៅ និងធ្វើការក្នុងអាគារ ដែលមានសេវកម្មចម្រុះនៅនឹងមួយកន្លែងតែម្តង ដូច្នេះវាធ្វើឱ្យយើងចំណេញពេលវេលាក្នុងការធ្វើដំណើរ”។
លោកខន គង្គាបានបន្តថា គោលបំណងរបស់អ្នកអភិវឌ្ឍន៍ អាគារពាណិជ្ជកម្មបែបចម្រុះ ដើម្បីបម្រើសេវាកម្មដល់ទាំងអ្នកធ្វើការ និងអ្នករស់នៅក្នុងគម្រោងរបស់ខ្លួន។

ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ គេអាចសង្កេតឃើញមានវត្តមានអគារពាណិ​ជ្ជកម្មជាច្រើន កំពុងត្រូវបានសាងសង់ និងលេចជារូបរាងបណ្ដើរៗ តួយ៉ាងដូចជា អាគារ The Prince Happiness Plaza អគារ The Peak និង អគារ Prince International Plaza ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here