ដោយៈសុខុម
បាងកក: ក្រុមហ៊ុន Centara Hotels and Resorts ដែលជាប្រតិបត្តិករសណ្ឋាគារឈានមុខគេរបស់ប្រទេសថៃ និងក្រុមហ៊ុនសំណង់Ibn Saleh Al Hashmi Construction (ISAHC) របស់ប្រទេសអូម៉ង់ បានប្រកាសចុះកិច្ចព្រមព្រៀងគ្រប់គ្រងសណ្ឋាគារ Al Hail Waves ដែលនឹងត្រូវគ្រប់គ្រងដោយ Centara។
យោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី២១ កក្កដា ឱ្យដឹងថា កិច្ចព្រមព្រៀងគ្រប់គ្រងនេះ នឹងចូលជាធរមាននៅថ្ងៃទី១ មករា ដើមឆ្នាំ២០២២ ហើយបន្ទាប់ពីនោះក្រុមហ៊ុន Centara នឹងចាប់ផ្ដើមជួសជុលកែលម្អអគារសណ្ឋាគារ ដើម្បីឱ្យស្របទៅនឹងម៉ាកយីហោ និងស្តង់ដារប្រតិបត្តិការរបស់ខ្លួន។
រដ្ឋាភិបាលនៃប្រទេសអូម៉ង់ បានបញ្ចេញផែនទីបង្ហាញផ្លូវ ប្រកបដោយមហិច្ឆតាដើម្បីសម្រេចគោលដៅរយៈពេលវែង ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រទេសចរណ៍របស់ខ្លួន។
លោក Thirayuth Chirathivat នាយកប្រតិបត្តិក្រុមហ៊ុន Centara Hotels and Resorts បានលើកឡើងថា “ដោយមានក្រុមហ៊ុន ISAHC ជាដៃគូសហការរបស់យើង យើងមានទំនុកចិត្តថា នឹងអាចទាក់ទាញភ្ញៀវទេសចរ បានកាន់តែច្រើនជាមួយនឹងគុណតម្លៃចែករំលែក និងយកចិត្តទុកដាក់របស់យើង”។
លោកបន្ថែមទៀតថា “យើងពិតជាមានមោទនភាព និងរំភើបរីករាយក្នុងការបើកដំណើរការសណ្ឋាគារទី៣ របស់យើងនៅប្រទេសអូម៉ង់ ជាប្រទេសដែលមានធម្មជាតិដ៏ស្រស់បំព្រង តំបន់ប្រវត្តិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប”។
បង្កើតឡើងក្នុងឆ្នាំ១៩៩៤ ក្រុមហ៊ុន ISAHC បានស្ថិតក្នុងចំណោមក្រុមហ៊ុនសំណង់ ដែលរីកចម្រើនយ៉ាងឆាប់រហ័សបំផុតនៅប្រទេសអូម៉ង់ ដោយបានទទួលសាងសង់គម្រោងជាច្រើន រួមមាន ទាំងសណ្ឋាគារ ភូមិគ្រឹះឯកជន និងអគារលំនៅដ្ឋានជាដើម។ សណ្ឋាគារ Al Hail Waves នឹងក្លាយជាគម្រោងទី៣ របស់ក្រុមហ៊ុន ISAHC ដែលប្រគល់ឱ្យក្រុមហ៊ុន Centara ជាអ្នកគ្រប់គ្រង បន្ទាប់ពីគម្រោងសណ្ឋាគារ Muscat Dunes Hotel និងសណ្ឋាគារ Centara Muscat Hotel Oman។
លោក Abdullah Saleh Saif Al Hashmi ប្រធានក្រុមហ៊ុន ISAHC បានលើកឡើងថា “សម្រាប់គម្រោងបដិសណ្ឋារកិច្ចចុងក្រោយ របស់យើងនៅប្រទេសអូម៉ង់ យើងរីករាយនឹងសហការជាថ្មីម្តងទៀត ជាមួយក្រុមហ៊ុន Centara Hotels and Resorts។ យើងជាម្ចាស់គ្រប់គ្រងស្មើភាពគ្នាលើអ្វីៗ ដែលយើងធ្វើជាមួយគ្នា ជាមួយនឹងចក្ខុវិស័យរួម ពោលគឺទទួលបានកំណើនប្រកបដោយនិរន្តរភាព”។
លោកបន្តថា “យើងមានទំនុកចិត្តលើការលក់ និងទំនាញទីផ្សារអន្ដរជាតិរបស់ក្រុមហ៊ុន ហើយបោះជំហានឆ្ពោះទៅរកភាពជោគជ័យបន្តទៀត និងផ្តល់ជូនភ្ញៀវនូវជម្រើសដ៏គួរឱ្យទាក់ទាញ ពោលគឺសណ្ឋាគារលំដាប់កំពូលៗនៅក្នុងប្រទេសអូម៉ង់”៕