ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបន្តអោយពលរដ្ឋកម្ពុជាជិះកាណូតដឹកជញ្ជូនអ្នកដំណើរសាធារណៈពីព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ មិនគិតថ្លៃសេវារហូតដល់ចុងឆ្នាំ ២០១៨ ពោល គឺរហូតដល់ខែមករាឆ្នាំ ២០១៩ទើបចាប់ផ្តើមគិតថ្លៃសេវាឡើងវិញ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការសេវាដឹកអ្នកដំណើរតាមផ្លូវទឹក នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង ថា “ ខ្ញុំសម្រេចការប្រើប្រាស់ ជិះកាណូតនេះ ពីព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ដែលគ្រោងនឹងយកប្រាប់នៅថ្ងៃនេះតែម្តង ឥឡូវនេះសូមពន្យារហូតដល់ដាច់ឆ្នាំ ២០១៨ ពលរដ្ឋជិះដោយមិនចាំបាច់បង់ថ្លៃ តែ ចាប់ពីដើមខែមករា ឆ្នាំ ២០១៩ ទៅ នឹងដំណើរការយកថ្លៃ”។
សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងបន្តថាការបង្កើតឱ្យមានសេវានេះមានគោលបំណងដើម្បីពង្រីកវិស័យដឹកជញ្ជូនឱ្យមានច្រើនជម្រើស ពន្លឿនការដឹកជញ្ជូន កាត់បន្ថយការកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ និងប្រើឱ្យអស់លទ្ធភាព និងសក្ដានុពលនៃទន្លេនៅក្នុងប្រទេស។
លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានគូសបញ្ជាក់ផងដែរថា នាវាដឹកជញ្ជូនអ្នកដំណើរសាធារណៈព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ត្រូវឆ្លងកាត់ចំណតនាវា ចំនួនប្រាំរួមមាន ចំណតឫស្សីកែវ ចំណតផ្សារចាស់ ចំណតចតុមុខ ចំណតច្បារអំពៅ និងចំណតក្រុងតាខ្មៅ។
បច្ចុប្បន្ន មាននាវាចំនួន៤គ្រឿងបានកំពុងប្រតិបត្តិការ ដែលនាវានីមួយៗអាចផ្ទុកអ្នកដំណើរចន្លោះពី៥៤នាក់ទៅ៦០នាក់ បើកបរក្នុងល្បឿន៤០គីឡូម៉ែត្រ ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ៦:៣០ នាទីល្ងាច ជារៀងរាល់ថ្ងៃ ពីចំណតដើមដល់ចំណតចុងប្រើរយៈពេលតិចជាង១ម៉ោង។
ចាប់តាំងពីថ្ងៃដាក់ឱ្យប្រតិបត្តិការជាបណ្ដោះអាសន្ននៅ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ រហូតដល់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ មានអ្នកប្រើប្រាស់សេវានេះចំនួន ៣០ ៦៤៧នាក់ គិតជាមធ្យម ២០០នាក់ក្នុង១ថ្ងៃ លើសពីនេះទៀត អ្នកប្រើប្រាស់សេវានេះ ទាំងជាតិនិងអន្តរជាតិបានសម្តែងសេចក្តីសាទរចំពោះសមិទ្ធផលដ៏ថ្មីស្រឡាងមួយនេះរបស់ប្រទេសជាតិ៕