ដោយៈ ម៉ាណេត
ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងវិនិយោគធំៗចំនួន៥ ដែលត្រូវបានដឹងថា ចំណាយទុនរាប់ពាន់លានដុល្លារ នឹងចូលរួមលើកកម្ពស់មុខមាត់ប្រទេសកម្ពុជា ហើយគម្រោងទាំងនេះនឹងជំរុញវិស័យអចលនទ្រព្យកម្ពុជាផងដែរ។ នេះបើយោងតាមការលើកឡើងរបស់ក្រុមហ៊ុន CBRE Cambodia កាលពីថ្មីៗនេះ។
១ ផ្លូវក្រវ៉ាត់ទី៣
សម្រេចបាន៥០%ហើយ ហើយគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំនេះ នឹងជួយសម្រួល ដល់ការតភ្ជាប់ការដឹកជញ្ជូននៅជុំវិញរាជធានី ខណៈគម្រោងនេះបាននិងកំពុងបន្តសាងសង់ និងឆ្ពោះទៅរកការបញ្ចប់នាពេលមុខនេះ។
២ តំបន់ស្ថិតនៅតាមផ្លូវជាតិលេខ៦អា
តំបន់នេះបាន និងកំពុងទាក់ទាញការវិនិយោគលើលំនៅដ្ឋានប្រណីតៗ មជ្ឈមណ្ឌលពាណិជ្ជកម្ម អាគារសហកម្មសិទ្ឋ និងគំរោងមជ្ឈមណ្ឌលកំសាន្ត និងហេដ្ឋារចនាសម្ព័ន្ឋធំៗៗជាច្រើនទៀត។
តំបន់នេះ នឹងត្រៀមរៀបចំព្រឹត្តិការណ៍សំខាន់មួយ ក្នុងការរៀបចំស៊ីហ្គេមឆ្នាំ២០២៣។ គិតត្រឹមខែសីហាឆ្នាំ២០២១ វឌ្ឍនភាពនៃពហុកីឡដ្ឋានមរតកតេជោសម្រេចបាន១០០% ហើយក្រោយបញ្ចប់ការសាងសង់ពហុកីឡដ្ឋាននេះ នឹងក្លាយជាកីឡដ្ឋានធំជាងគេនៅកម្ពុជា។
៣, ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
បើទោះបីជាមានបញ្ហាជំងឺកូវីដ១៩ ប៉ុន្តែការស្ថាបនាផ្លូវជាប្រវត្តិសាស្រ្តនេះនៅតែ
បន្តឆ្ពោះទៅមុខយ៉ាងសកម្ម ដែលរហូតមកទល់ពេលនេះ ការសស្ថាបនាផ្លូវនេះសម្រេចបានជាង៦០ភាគរយហើយ។
គម្រោងផ្លូវល្បឿនលឿន ដែលចំណាយទុនសាងសង់ជិត២០០០លានដុល្លារនេះ រំពឹងនឹងបញ្ចប់ មុនកាលកំណត់ ហើយគ្រោងនឹងបញ្ចប់ នៅខែកញ្ញា ឆ្នាំ ២០២២។
៤ ការសាងសង់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
ព្រលានយន្តហោះលំដាប់អន្តរជាតិ ដែលគ្រោងចំណាយទឹកប្រាក់សាងសង់១៥០០លានដុល្លារនេះ នៅតែដំណើរឆ្ពោះទៅមុខ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ក៏ដោយ។ គម្រោងនេះត្រូវបានរំពឹងថានឹងសម្រេចបាន៦០% នៅចុងឆ្នាំ២០២១។
ព្រលានយន្តហោះនេះ នឹងលាតសន្ធឹងលើផ្ទៃដី២.៦០០ហិកតា ដែលមានទីតាំងស្ថិតនៅខាងត្បូងរាជធានីភ្នំពេញក្នុងខេត្តកណ្តាល។ ការបញ្ចប់គម្រោងនេះនៅឆ្នាំ២០២៣ ត្រូវបានរំពឹងថា នឹងជំរុញការអភិវឌ្ឍភាគខាងត្បូងរាជធានីភ្នំពេញ ជាចង្កោមនៃតំបន់សេដ្ឋកិច្ចនាពេលអនាគត។
៥, ការបើកការដ្ឋានសម្រាប់គម្រោងកាស៊ីណូ និងសណ្ឋាគារណាហ្គា៣
គំរោងមជ្ឈមណ្ឌលកំសាន្តធំជាងគេនៅកម្ពុជានេះ បាននិងកំពុងបុកគ្រឹះសាងសង់យ៉ាងសកម្ម។ អាគារកំពស់៧៥ជាន់នេះ នឹងរំលេច
គម្រោងនេះត្រូវគេដឹងថា នឹងចំណាយទុនប្រមាណ៣,៥ពាន់លានដុល្លារ។ គម្រោងនេះត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៤។
អ្នកជំនាញជាច្រើនបានលើកឡើងថា ប្រាកដណាស់ នៅពេលណាមានការអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ឬមានគម្រោងវិនិយោគធំៗនៅតំបន់ណាមួយ វានឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច ពិសេសចូលរួមចូលរួមជំរុញកំណើនសេដ្ឋកិច្ចបន្ថែម។
លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល (GRA) បានថ្លែងប្រាប់ថា ជាធម្មតា នៅពេលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ណាមួយ វាតែងតែងលើកកម្ពស់ដល់ចរន្តសេដ្ឋកិច្ចនៅតំបន់នោះ ពិសេសវានឹងជួយទាក់ទាញគម្រោងអភិវឌ្ឍន៍អចលនទ្រព្យតែងម្តង៕