ដោយៈវឌ្ឍនៈ
ភ្នំពេញៈ សក្ដានុពលវិនិយោគនៅតំបន់ជុំវិញរាជធានីភ្នំពេញ ត្រូវបានមើលឃើញថានៅតែមានសកម្មភាព វិនិយោគជាបន្តបន្ទាប់ ទោះស្ថិតនៅក្នុងវិបត្តិយ៉ាងណាក្ដី ក្នុងនោះដែរ តំបន់ជ្រោយចង្វាក៏ត្រូវបានមើលឃើញថា ក្លាយជាចំណាប់អារម្មណ៍មួយរបស់វិនិយោគិក្នុងការដាក់ទុនលើអចលនទ្រព្យ។
មានកត្តាធំៗ៣ដែលបាន និងកំពុងជំរុញឱ្យតំបន់ជ្រោយចង្វារ ទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនក្នុងវិស័យអចលនទ្រព្យ។
ទី១ ក្រុងរណបធំៗចំនួនបី
នៅតំបន់ជ្រោយចង្វាគេឃើញថា មានក្រុងរណបរហូតដល់ទៅបី និងសុទ្ធសឹងតែមានផ្ទៃដីធំៗ រួមមាន ក្រុងរណបជ្រោយចង្វារ និងក្រុងរណបឌឺបូតានិកស៊ីធី និងទីក្រុងរណបតេជោមរកត។ ក្រុងរណបទាំងបីនេះ បាននិងកំពុងមានការអភិវឌ្ឍយ៉ាងមមាញឹក ក្នុងនោះ ក្រុងរណបជ្រោយចង្វារ បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងចាប់ផ្ដើមមានសំណង់រីកដុះដាលជាបន្តបន្ទាប់ផងដែរ ដែលធ្វើឱ្យទីក្រុងរណបមួយនេះ កាន់តែមានភាពទាក់ទាញដល់ការវិនិយោគ។
ក្រុងរណបឌឺបូតានិកស៊ីធី បាននិងកំពុងពង្រីកសក្តានុពលជាមួយលំនៅដ្ឋានបែបលំហែរលំដាប់កាយអភិជន រមណីយដ្ឋាន និងផ្ទអាជីវកម្មជាច្រើនទៀត។
ចំណែកទីក្រុងរណបតេជោមរកត បាននិងកំពុងទាក់ទាញការអភិវឌ្ឈដ៏ច្រើនផងដែរ ដូចជា ពហុកីឡដ្ឋានមរតកតេជោ វិមានឈ្នះ ឈ្នះ សួនទឹកលំដាប់អន្តរជាតិ សួនសត្វសាហហវារីវើលដ៏ ស្របពេលតំបន់នេះ កំពុងទាក់ទាញគំរោងបុរីធំៗជាច្រើន ដែលបាននិងកំពុងសាងសង់យ៉ាងសកម្ម។
ទី២. បណ្ដុំដោយលំនៅឋានលំដាប់ខ្ពស់ៗ
នៅតំបន់ជ្រោយចង្វាជាពិសេស នៅតាមផ្លូវជាតិលេខ៦អា មានបណ្ដុំលំនៅឋានជាច្រើននិងសុទ្ធសឹងតែជាក្រុមហ៊ុនវិនិយោគធំៗ និងមានតម្លៃខ្ពស់ទាំងក្រុមហ៊ុនក្នុងនិងក្រុមហ៊ុនអន្តរជាតិ ។
អ្នកជំនាញអចលនទ្រព្យជាច្រើនបានបញ្ជាក់ថា តំបន់តាមបណ្ដោយផ្លូវជាតិលេខ៦អា ត្រូវបានចាត់ទុកថាជាតំបន់អភិវឌ្ឍន៍ លំនៅឋានដ៏មានសក្ដានុពល និងកំពុងមានការទាក់ទាញវិនិយោគិន អភិវឌ្ឍន៍លំនៅឋានជាបន្តបន្ទាប់ផងដែរ។
ទី៣ ទីតាំងភូមិសាស្ត្រជ្រោយចង្វានេះដែរត្រូវបានចាត់ទុកជាទីតាំងពិសេសជាងគេ
តំបន់នេះ មានសំណង់អគាររដ្ឋជាច្រើន និងសំណង់ប្រវត្តិសាស្ត្រជាធំៗពីរគឺវិមានឈ្នះឈ្នះ និងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាសំណង់ធំទាក់ទាញដល់ការវិនិយោគពីឯកជនជាច្រើន ។ តំបន់ជ្រោយចង្វាកាន់តែនៅជិតរាជធានីភ្នំពេញ ដោយសារតែមានស្ពានតភ្ជាប់ពីត្រើយ ទៅត្រើយខាងលិច ទៅជ្រោយចង្វាកាន់តែច្រើនខ្សែ ធ្វើឱ្យចរាចរណ៍កាន់តែមានភាពងាយស្រួល។
មានទន្លេអមសងខាង
ជាមួយលក្ខខ័ណ្ឌភូមិសាស្រ្តអំណោយផល តំបន់នេះក៏ជាទីតាំងមាមលក្ខណៈពិសេសផងដែរ ដោយមានទន្លេរអមសងខាង គឺទន្លេសាប និងទន្លេមេគង្គ នឹងប្រឡាយធម្មជាតិ ដែលធ្វើឲ្យបរិយាកាសនៅតំបន់នេះមានភាពត្រជាក់ និងខ្យល់អាកាសបរិសុទ្ឋ។
វាជាតំបន់មានសក្តានុពល និងខ្យល់អាកាសត្រជាក់ស្រេប ដែលផ្តល់បរិយាកាសសំរាប់ការរស់នៅ ដែលទទួលបានសុខភាពល្អ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើន បានលើកឡើងស្រដៀងគ្នាថា តំបន់ណាដែលមានអគាររដ្ឋច្រើន និងមានការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធ ហើយតំបន់ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន នឹងទាក់ទាញការវិនិយោគពីវិនិយោគិនច្រើនផងដែរ ហេតុនេះហើយទើបរដ្ឋាភិបាលបានខិតខំប្រឹងប្រែង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងនៅទូទាំងប្រទេសកម្ពុជា៕