ដោយៈសុជាតា
ភ្នំពេញៈ បើយោងតាមការផ្សព្វផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី9 ខែកញ្ញា ឆ្នាំ2021 បានអោយដឹងថា រដ្ឋាភិបាលបានសម្រេចដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីស្រុកបរិប៍ណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ តម្រូវការការអភិវឌ្ឍលំនៅឋានគ្រប់វិស័យ។
ក្នុងគោលដៅធានាការគ្រប់គ្រង និងការអភិវឌ្ឍស្រុកបរិបូណ៌ប្រកបដោយចីរភាព គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ខេត្តកំពង់ឆ្នាំង និងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មស្រុកបរិបូណ៌ បានរៀបចំនូវប្លង់គោលប្រើប្រាស់ដីស្រុកបរិបូណ៌ចក្ខុវិស័យឆ្នាំ2030 ដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រង និងតម្រង់ទិសអភិវឌ្ឍន៍ដែនដីស្រុកបរិបូណ៌ទាំងមូល ស្របតាមចក្ខុវិស័យនៃគោលនយោបាយជាតិស្តីពី ការរៀបចំដែនដី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយតាមវិស័យសំខាន់ៗជាច្រើនទៀត។
ចក្ខុវិស័យដល់ឆ្នាំ ២០៣០នៃប្លង់គោលប្រើប្រាស់ដី ស្រុកបរិបូរណ៍ គឺសំដៅរៀបចំ និង អភិវឌ្ឍស្រុកបរិបូរណ៍ ជាស្រុកគំរូក្នុងតំបន់បឹងទន្លសាប លើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង បរិស្ថានល្អប្រសើរប្រកបដោយចីរភាព តុល្បភាព និង បរិយាបន្ន តាមរយៈការជំរុញ១.ការអភិវឌ្ឍតំបន់ទីប្រជុំជន និងតំបន់ជនបទប្រកបដោយសោភ័ណ អត្តសញ្ញាណ វប្បធម៍ និងធម្មជាតិល្អប្រសើរ ក្នុងភូមិសាស្រ្តតំបន់បឹងទន្លេសាប។
២. ការអភិវឌ្ឍកសិកម្ម និង ជលផលប្រកបដោយចំណេះដឹង ការច្នៃប្រឌិត។ ៣.ការអភិវឌ្ឍពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្មសិប្បកម្មកែច្នៃ។ ៤ ការអភិវឌ្ឍទេសចរណ៍ វប្បធម៌ និងធម្មជាតិ។ ៥. ការលើកកម្ពស់អភិបាលល្អ ការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ និង ការអភិវឌ្ឍបៃតង។
ក្ខុងវិស័យនៃប្លង់គោលប្រើប្រាស់ដី ស្រុកបរិបូណ៌មានលក្ខណៈទូលំទូលាយគ្របដណ្តប់ទាំងឯកសារគតិយុត្ត និងបច្ចេកទេសសម្រាប់ធ្វើការ សម្របសម្រួលជាមួយនឹងវិស័យនានា ដែលជាកម្លាំងចលករសេដ្ឋកិច្ចសំដៅធ្វើការ តម្រង់ទិសការអភិវឌ្ឍប្រកបដោយចីរភាព ឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ តម្រូវការក្នុងការប្រើប្រាស់ដី ការអភិវឌ្ឍលំនៅឋាន និងការអភិវឌ្ឍគ្រប់កម្រិតក្នុងពេលបច្ចុប្បន្ន និងទៅអនាគតដោយធានាបាននូវការការពារ ធនធានដី ធនធានទឹកក្រោមដី ប្រព័ន្ធអេកូឡូស៊ី បរិស្ថាន និងធនធានធម្មជាតិ ជាពិសេសការអភិរក្ស ធនធាន ធម្មជាតិតំបន់បឹងទន្លេសាប តំបន់ឆ្នុកទ្រដែលរងការបំផ្លាញ ដោយសារសកម្មភាពអភិវឌ្ឍខុសបទដ្ឋានបច្ចេកទេស ឬដោយសារការប្រែប្រួលអាកាសធាតុ ដូចជា ការបំភាយឧស្ម័នផ្ទះកញ្ចក់ ការកើនឡើងនៃកម្ដៅនៅក្នុងទីប្រជុំជន របបទឹកភ្លៀងមិនទៀងទាត់ ទឹកជំនន់ ភាពរាំងស្ងួត និងខ្យល់ព្យុះជាដើម។
ដើម្បីកំណត់ចក្ខុវិស័យដល់ឆ្នាំ២០៣០ ប្លង់គោលប្រើប្រាស់ដីស្រុកបរិបូណ៌ត្រូវបានសិក្សានូវក្របខណ្ឌ សេដ្ឋកិច្ច សង្គម ដោយផ្អែកតាមរបាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនទូទៅ នូវប្រជាសាស្ត្ររបស់ប្រទេសកម្ពុជាឆ្នាំ2008 និងឆ្នាំ 2019 របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ។ តាមរយៈការសិក្សាខាងលើនេះ ស្រុកបរិបូណ៌មានផ្ទៃដី42, 309 ហិកតា ចំនួនប្រជាជននៅឆ្នាំ 2008 មានចំនួន 54, 714 នាក់ ឆ្នាំ 2018 មានចំនួន 58, 417នាក់ និងនៅឆ្នាំ 2030 នឹងកើនឡើងដល់ 63, 194 នាក់ ផ្អែកតាមការគណនាអត្រាកំណើនប្រចាំឆ្នាំ៕