គម្រោងអភិវឌ្ឍន៍ផ្លូវថ្មីៗបន្ថែមទៀតទៅកាន់តំបន់ឆ្នេរនឹងជំរុញសក្ដានុពលវិនិយោគអចលនទ្រព្យកាន់តែខ្លាំង

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ផ្លូវសំខាន់ៗ ទៅកាន់តំបន់ឆ្នេរនៃកម្ពុជាបាននិងកំពុងជំរុញសក្ដានុពល និងទាក់ទាញការវិនិយោគ លើវិស័យអចលនទ្រព្យកាន់តែខ្លាំងបន្ថែមទៀត ជាពិសេសសកម្មភាពនៃការទិញលក់ដីធ្លី នៅក្នុងអំឡុងនៃការរីកដាលនៃជំងឺកូវីដ១៩នេះ។

បើតាមមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើផងដែរថា រាជរដ្ឋាភិបាលគ្រោងនឹងជួសជុល និងលើកកម្ពស់ផ្លូវជាច្រើនខ្សែទៀត តភ្ជាប់ទៅកាន់តំបន់ឆ្នេរជាពិសេសខេត្តកំពត និងកែបដែលជាតំបន់ទាក់ទាញថ្មីនៃការអភិវឌ្ឍអចលនទ្រព្យ។

លោកគង់ ចាន់ណាអគ្គនាយកអចលនទ្រព្យនៃក្រុមហ៊ុនគង់ វង្សប្រណិតរៀលអ៊ីស្ទេតបានឱ្យដឹងថា កំពត និងកែប គឺជាខេត្តអេកូទេសចរណ៍ ដ៏មានសក្ដានុពលនិងកំពុងត្រូវការអ្នកវិនិយោគ សម្រាប់ផ្គត់ផ្គង់សេវាកម្មទៅលើវិស័យទេសចរណ៍ ។ ដោយសារតែខេត្តនេះ មានសក្ដានុពលទៅលើការវិនិយោគអចលនទ្រព្យ សម្រាប់វិស័យទេសចរណ៍ដូច្នេះដី៤ប្រភេទ ដែលមានហាងឆេងនិងទាក់ទាញជាងគេ រួមមាន១.ដីជាប់សមុទ្រ ២.ដីជាប់មាត់ព្រែកធំៗ ទី៣ ដីជាប់ជើងភ្នំ និងទី៤ ដីស្ថិតនៅទីតាំងដែលងាយស្រួលឱ្យវិនិយោគិនធ្វើរីសតបាន ។

លោកបន្តថា ពីព្រោះតែសក្ដានុពល នៃការវិនិយោគយូរអង្វែងនេះហើយ ទើបរដ្ឋាភិបាលលោកបានអភិវឌ្ឍ ហេដ្ឋារចនាសម្ប័ន្ធពីភ្នំពេញ ទៅកាន់ខេត្តទាំងពីរនេះ ដើម្បីងាយស្រួល ដល់ការធ្វើដំណើររបស់ទេសចរ និងវិនិយោគិនទៅកាន់តំបន់ទាំងពីរ”។

បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោកស៊ុន ចាន់ថុលកាលពីពេលថ្មីៗនេះ ក៏បានឱ្យដឹងផងដែរថា កម្ពុជាបានសាងសង់ផ្លូវជាតិល៣ តភ្ជាប់ពីចោមចៅទៅបែកគុសជា៤គន្លង ពីបែកគុសទៅទីរួមខេត្តកំពត ជាពីរគន្លងនិងសម្រេចជិត១០០ភាគរយទៅហើយ។ រដ្ឋាភិបាលក៏មានគម្រោងជួសជុល និងលើកកម្ពស់ផ្លូវជាតិលេខ៤១ពីផ្លូវជាតិលេខទៅផ្លូវជាតិលេខ៣ ឆ្ពោះទៅទីរួមខេត្តកំពត ផ្លូវជាតិលេខ៣១ពី បែកគុសទៅកំពង់ត្រាចឆ្ពោះទៅខេត្តកែប និងផ្លូវជាតិលេខ៣៣ពីទីរួមខេត្តកំពតទៅក្រុងកែប។

លោកបន្តថា “ការអភិវឌ្ឍផ្លូវនេះ នឹងនាំភ្ញៀវទេសចរទៅកម្សាន្ត នៅខេត្តទាំងពីរកាន់តែច្រើន និងនាំវិនិយោគិនជាតិនិងអន្តរជាតិ ទៅកាន់ខេត្តទាំងពីរកាន់តែច្រើនផងដែរនាពេលអនាគត”។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ឋ បានក្លាយជាមូលដ្ឋាននៃការរីកចម្រើនសេដ្ឋកិច្ច និងអចលនទ្រព្យ ហេតុនេះទើបរដ្ឋាភិបាល បាននិងកំពុងចំណាយទុនវិនិយោគរាប់រយលានដុល្លារ ជារៀងរាល់ឆ្នាំ ដើម្បី​កសាងហេដ្ឋារចនាសម្ព័ន្ឋចាំបាច់ និងអាទិភាពជាមុន។

លោកបន្តថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលផ្តល់ផលប្រយោ​ជន៍សំខាន់ៗជាច្រើន ទី១ ជួយជម្រុញការរីកចម្រើនសេដ្ឋកិច្ចរយៈពេលវែង តាមរយៈការកាត់បន្ថយពេលវេលាដឹកជញ្ជូន ធ្វើដំណើរ ទី២ ជួយជម្រុញការរអភិវឌ្ឈន៍អចលនទ្រព្យ ក៏ដូចជាវិស័យផ្សេងៗទៀត ទី៣ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្ខិតជនបទកាន់តែមកកៀកនឹងរាជធានីភ្នំពេញ ដែលជាចំណុចកណ្តាលនៃសេដ្ឋកិច្ច សង្គមរបស់ប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here