លោកឧកញ៉ាចេង ខេងៈវិស័យសំណង់និងដីធ្លីមានសក្តានុពលដូចគ្នាក្នុងការវិនិយោគ

0

ដោយៈតារា

ភ្នំពេញៈ លោក​ឧកញ៉ា ចេ​ង ខេ​ង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ស៊ី​ភី​អិ​ល បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ ទាំង​វិស័យ​សំណង់ និង​ដីធ្លី គឺ​សុទ្ធតែ​មាន​សក្ដានុពល​វិនិយោគ​ដូច​គ្នា។

លោកបន្តថា គេ​សង្កេត​ឃើញ​ថា វិនិយោគ​ដែល​មិនសូវ​មាន​ធនធាន រឺ​ទុន​ច្រើន​នោះ ពួក​គេ​ចាប់​យក​ការ​វិនិយោគ​ទៅ​លើ​ដីធ្លី និង​ពុះ​ជា​ឡូត៍​លក់​ជូន​ទៅ​ប្រជាពលរដ្ឋ ​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​សម្រាប់​សង់ផ្ទះ​នៅ​ពេល​អនាគត ហើយ​សម្រាប់​អ្នក​ដែល​មាន​ធនធាន​និង​ទុន​ច្រើន គេ​ក៏​បោះទុន​វិនិយោគ​ ទៅ​លើ​សំណង់​អគារ​នានា​ ដែល​គេ​បានឃើញ​ថា នៅ​ភ្នំពេញ​មាន​សំណង់​អគារ​ខ្ពស់​ៗ​ច្រើន​ កំពុង​រីក​ដុះដាល​ដូច​ផ្សិត។

លោក​ឧកញ៉ា​បន្ត​ថា ក្រោយ​ពេល​វិស័យ​ដីធ្លី​បាន​ហក់​ឡើង​ខ្លាំង នៅ​រយៈពេល​ក្រោយ​នេះ យើង​ក៏​បាន​សង្កេត​ឃើញ​ថា មិនមែន​មាន​តែ​អ្នក​ដែល​មានចំណេះ​ដឹង និង​បទ​ពិសោធន៍​ក្នុង​វិស័យ​នេះ ដាក់​ទុន​វិនិយោគ​នោះ​ទេ តែ​គេ​ក៏​បានឃើញ​ថា​មាន​អ្នក​វិនិយោគ​ក្នុង​វិស័យ​ផ្សេង ​ក៏​បាន​ងាក​មក​រក​វិស័យ​ដីធ្លី​នេះ​ដែរ។ ជាក់ស្ដែង ដូច​ជា​អ្នកសិល្បៈ​ជា​ច្រើ​ន​ បាន​ងាក​ទៅ​រក​ការ​វិនិយោគ​ក្នុង​វិស័យ​ដីធ្លី ដោយ​ពុះ​ជា​ដី​ឡូត៍​សម្រាប់​លក់ ដែល​វា​ជា​ព្រួយបារម្ភ​មួយ​នៅ​ពេល​អនាគត។

លោក​ឧកញ៉ាចេ​ង ខេ​ង មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា តែ​យ៉ាងណា​ក៏​ដោយ ក៏​យើង​បានឃើញ​ថា ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់ ​បាន​ទប់ស្កាត់​នូវ​សកម្មភាព​មួយ​ចំនួន ពី​ការ​ពុះ​ដី​ឡូត៍ ដូច​ជា​រៀបចំ​ជា​ប្លង់​មេ​មួយ និង​តម្រូវ​អោយ​មានការ​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​ផង​ដែរ។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា នៅ​ប្រទេស​មួយ​អាច​រីក​ចម្រើន​ទៅ​បាន​លើ​វិស័យ​ណាមួយ គឺ​ត្រូវការ​មាន​ធនធានមនុស្ស ​ក្នុង​វិស័យ​នោះ​បាន​ច្បាស់លាស់ ជាក់ស្ដែង​វិស័យ​ដីធ្លី​ និង​អចលនទ្រព្យ​ទាំងមូល​នេះ​ជាដើម បើ​ចង់អោយ​រីក​ចម្រើន​ទៅ​បាន គឺ​ត្រូវការ​អ្នក​វិនិយោគ ដែល​មានចំណេះ​ដឹង​ជំនាញ​ និង​បទ​ពិសោធន៍​ទើប​មិន​ធ្វើ​អោយ​វិស័យ​នោះ មាន​ហានិភ័យ តែ​បើសិនជា​អ្នក​វិនិយោគ​ទាំងនោះ មិន​មានបទពិសោធន៍ មិន​មាន​ជំនាញ​និង​ចំណេះដឹង គឺ​អាច​នឹង​ប្រឈម​ហានិភ័យ​ខ្លាំង​ណាស់។

លោកឧកញ៉ាចេង ខេងបានបន្ត​ថា បើសិនជា​ធនធានមនុស្ស​ ដែល​មាន​ជំ​ណេះ​ដឹង ដោយ​បាន​ឆ្លងកាត់ ​សាលា​បណ្ដុះបណ្ដាល​ត្រឹមត្រូវ​ហើយ តែ​ពួក​គាត់​មិន​យកចំណេះ​ដឹង​នោះ ទៅ អនុវត្ត​ជាក់ស្ដែង ក៏​មិន​អាច​ធ្វើ​អោយ​វិស័យ​នេះ មា​នាករ​រីក​ចម្រើន​បាន​ដែរ ដូច្នេះ​អ្នក​ដែល​មានចំណេះ​ដឹង​ផ្នែក​ណាមួយ ​គួរតែ​យកចំណេះ​ដឹង​នោះ​ ទៅ​អនុវត្ត​ក្នុង​ការងារ​ជាក់ស្ដែង ដើម្បី​អោយ​ក្លាយជា​ជំនាញ ដើម្បីរក​លុយ​សម្រាប់​គ្រួសារ និង​សង្គម​ជាតិ​យើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here