ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ផ្លូវលេខ៤៣ ក្នុងទឹកដីខេត្តកំពត ដែលជាគម្រោងអភិវឌ្ឍន៍ផ្លូវថ្មី បាននិងកំពុងទាក់ទាញវិនិយោគិនជាច្រើន ចូលទៅបណ្ដាក់ទុនវិនិយោគ ធ្វើជាគំរោងតំបន់លំហែកាយ ដូចជា ការទិញដីសម្រាប់សង់ផ្ទះលំហែ និងការទិញដីធំៗសម្រាប់ពុះជាចំការលំហែកាយជាដើម ។
លោក កែវ សុជាតិប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពតបានឱ្យដឹងនារសៀលថ្ងៃទី១៦ កញ្ញានេះថា ផ្លូវនេះជាផ្លូវថ្មីមួយក្នុងខេត្តកំពត ហើយក៏កំពុងទាក់ទាញ នូវការវិនិយោគទៅលើការអភិវឌ្ឍជាផ្ទះលំហែ និងចំការលំហែ ។ លោកថា បច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួន បានចូលទៅកាន់តំបន់នោះ ដើម្បីធ្វើការអភិវឌ្ឍគម្រោងរបស់ខ្លួនបណ្ដើរៗហើយ និងធ្វើឱ្យតម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវនោះ បានស្ទុះងើបមួយកម្រិតថែមទៀតផងដែរ។
លោកបន្តថា “អ្នកដែលមានដីផ្ទាល់ខ្លួននៅតំបន់នោះ ដែលទិញយូរមកហើយនោះក៏ចាប់ផ្ដើមធ្វើសកម្មភាពអភិវឌ្ឍន៍ជាចំការ ឬអភិវឌ្ឍន៍ជាផ្ទះលំហែ។ ចំណែកវិនិយោគិនផ្សេងទៀតក៏ទិញដីធំៗ ពុះជាឡូត៏ប្រភេទដីលំហែ សម្រាប់លក់ជូនអតិថិជននៅពេលខាងមុខនេះ”។ លោកបន្តថា “អ្នកអភិវឌ្ឍន៍ភាគច្រើននៅតំបន់មួយនេះ ជាវិនិយោគិនក្នុងស្រុក ដោយមិនទាន់មានវិនិយោគិនក្រៅប្រទេស បណ្ដាក់ទុនវិនិយោគក្នុងតំបន់មួយនេះនៅឡើយ”។
លោកបន្ថែមថា កាលពីមុនតម្លៃនៅតាមបណ្ដោយផ្លូវមួយនេះ មានតម្លៃត្រឹមពីរបីដុល្លារ ឬយ៉ាងច្រើនត្រឹម៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែពេលនេះវាបានហក់ឡើងចាប់ពី៥ដុល្លារអាមេរិកឡើងទៅហើយ គឺអាស្រ័យលើស្ថានភាពដីធ្លី ទីតាំង។
មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា រដ្ឋាភិបាលបានកំណត់យកតំបន់ឆ្នេរ ជាទិសដៅអភិវឌ្ឍន៍ ដូច្នេះរដ្ឋាភិបាលបានយកចិត្តទុកដាក់អភិវឌ្ឍន៍ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធទៅកាន់តំបន់ឆ្នេរឱ្យកាន់តែងាយស្រួល សម្រាប់ទេសចរធ្វើដំណើរ ក៏ដូចជា សម្រួលដល់វិនិយោគិនទៅកាន់ទឹកដីខេត្តមាត់សមុទ្រផងដែរ ។
ជាការកត់សម្គាល់នៅពេលគម្រោងរបស់រដ្ឋាភិបាលប្រកាស ក៏ដូចជាចាប់ផ្ដើមអភិវឌ្ឍន៍ គេសង្កេតឃើញថា តែងតែមានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិន ក៏ដូចជាធ្វើឱ្យតម្លៃដីធ្លីនៅតំបន់អភិវឌ្ឍន៍នោះ តែងមានកំណើនជាបន្តបន្ទាប់ ដូច្នេះហើយទើបរដ្ឋាភិបាលបានជំរុញការអភិវឌ្ឍគម្រោងផ្សេងៗ ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្ទាល់តែម្ដង។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ខេត្តកំពតជាតំបន់មានសក្តានុពលខ្ពស់ លើការវិនិយោគរមណីយដ្ឋានសម្រាប់លំហែរកាយ និងផ្ទះលំហែរ ដោយសារខេត្តមានសម្បូរធនធានធម្មជាតិមានដងព្រែក ជួរភ្នំ សមុទ្រ ពិសេសមានចម្ងាយជិតរាជធានីភ្នំពេញ បើធៀបនឹងក្រុងព្រះសីហនុ។
លោកបន្តថា “ដោយសារលក្ខខ័ណ្ឌអំណោយផលទាំងនេះហើយ ទើបធ្វើឲ្យខេត្តកំពតទាក់ទាញការវិនិយោគលើវិស័យដីធ្លី និងទីផ្សារផ្ទះលំហែរ ពិសេសខេត្តនេះមានចំណុចពិសេសជាច្រើន ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ”៕