ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ភូមិផ្កាត្រកួនដែលគេដឹងថា ជាគម្រោងអភិវឌ្ឍន៍លំនៅឋានលំហែកាយមួយនៅជាយរាជធានីភ្នំពេញ កំពុងទទួលបានការចាប់អារម្មណ៍ ពីអ្នកដែលមានផ្ទះជាអចិន្ត្រៃយ៍មួយនៅរាជធានីភ្នំពេញ ហើយទោះបីជាក្នុងវិបត្តិកូវីដ១៩ក្ដី ក៏គម្រោងអភិវឌ្ឍន៍ភូមិផ្កាត្រកួននៅតែ ទទួលបានការទាក់ទាញពីពលរដ្ឋផងដែរ។
លោកឌិន សុមេធារឹទ្ធ ស្ថាបនិកភូមិផ្កាត្រកួនបានឱ្យដឹងក្នុងកិច្ចសម្ភាសន៍ពិសេសនាព្រឹកថ្ងៃទី១៦ កញ្ញានេះថា មានកត្តាពីរដែលជំរុញឱ្យភូមិផ្កាត្រកួន នៅតែមានភាពទាក់ទាញនៅក្នុងបរិបទកូវីដ១៩ ។ ទី១ . នៅពេលភ្នំពេញ មានការបិទខ្ទប់ឬមានការរីករាលដាលមនុស្សជាច្រើន ត្រូវការរស់នៅដាច់ដោយឡែក។ ដូច្នេះពួកគាត់ត្រូវផ្ទះមួយនៅជាយក្រុងនិងឆ្ងាយពីទីប្រជុំ ។
សម្រាប់អ្នកដែលមានផ្ទះស្រាប់ក្នុងភូមិផ្កាត្រកួន ក៏បានចូលស្នាក់នៅហាត់ប្រាណ និងដាំដំណាំក្នុងដីដែលពួកគាត់បានទិញ។ ហើយអ្នកដែលមិនទាន់មានក៏ចាប់ផ្ដើមសង់ដើម្បីរស់នៅសម្រាប់លំហែកាយចុងសប្ដាហ៍ ក៏ដូចជា គេចពីកូវីដ១៩ផងដែរ ។ កត្តាទី២ ទោះបីជាកម្ពុជាជួបវិបត្តិជំងឺកូវីដ១៩យ៉ាងណាក្ដី ក៏ភូមិផ្កាត្រកួនមិនបានបញ្ឈប់ការអភិវ ឌ្ឍរបស់ខ្លួនឡើយ ពោលគឺមានតែបន្តនិងសម្រុកអភិវឌ្ឍបន្ថែមទៀត ដូចជាការចាក់កៅស៊ូក្នុងគម្រោងផ្លូវទាំងអស់ក្នុងភូមិផ្កាត្រកួនជាដើម ។
លោកឌិន សុមេធារិទ្ឋបានបន្តថា មានកត្តាផ្សេងៗទៀតដែលធ្វើឱ្យគម្រោងរបស់យើង នៅតែទទួលបានការចាប់អារម្មណ៍ពីសាធារណជន ដោយក្នុងគម្រោងមានបឹងដ៏ធំមួយទំហំប្រមាណ៣ហិចតា មានប្រឡាយ មានព្រែក មានសួន មានភោជនីយដ្ឋាន មានសាលប្រជុំ និងមានផ្សារភូមិសម្រាប់ប្រជាពលរដ្ឋ ចូលលក់ដូរជូនភ្ញៀវទៅលេងកម្សាន្តនៅថ្ងៃសៅរ៍អាទិត្យជាដើម ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឱ្យដឹងថា នៅថ្ងៃអនាគតផ្ទះលំហែកាយ នឹងក្លាយជាផ្ទះដែលពេញនិយមសម្រាប់ប្រជាពលរដ្ឋ ដែលមានជីវភាពធូរធា ហើយការអភិវឌ្ឍលំនៅឋានលំហែកាយនេះដែរ ក៏នឹងមានការរីករាលដាល ទៅកាន់តំបន់ខេត្តដែលសំបូររមណីយដ្ឋានជាច្រើនផងដែរ ។
លោកបន្តថា “ការអភិវឌ្ឍលំនៅឋានលំហែកាយនៅពេលបច្ចុប្បន្ននេះ គេមើលឃើញថា ភាគច្រើនត្រូវអភិវឌ្ឍនៅជាយរាជធានីភ្នំពេញ ហើយនៅថ្ងៃសៅរ៍ អាទិត្យឬក៏ថ្ងៃឈប់សម្រាក ពួកគាត់ក៏នាំគ្រួសារទៅសម្រាកកម្សាន្ត និងលំហែហើយចូលក្រុងវិញនៅថ្ងៃធ្វើការ”។
ប៉ុន្តែនៅថ្ងៃអនាគគតខេត្តណា ដែលមានរមណីយដ្ឋានច្រើន នឹងទាក់ទាញការអភិវឌ្ឍលំនៅឋានប្រភេទនេះកាន់តែច្រើន ខណៈរដ្ឋាភិបាលក៏បានអភិវឌ្ឍន៍រចនាសម្ព័ន្ធទៅកាន់បណ្ដាខេត្តកាន់តែច្រើន និងកាន់តែងាយស្រួលធ្វើដំណើរ៕