ដោយៈវឌ្ឍនៈ
ភ្នំពេញៈ គម្រោងវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានអគារខ្ពស់ៗជាច្រើននៅតំបន់អរិយក្សត្រ របស់លោកឧកញ៉ាឃុន សៀ មិនទាន់ចេញជារូបរាងនៅឡើយមកដល់ពេលនេះ ប៉ុន្តែតាមរយៈគម្រោងមួយនេះបានធ្វើឱ្យតម្លៃដីធ្លី និងទីផ្សារអចលនទ្រព្យនៅតំបន់គម្រោងមួយនេះ បន្តងើបឡើងនិងមានហាងឆេងល្អ។
គំរោងអភិវឌ្ឍន៍ដ៏ធំនេះ លាតសន្ឋឹងលើផ្ទៃដី៧៥ហិកតា ដែលបច្ចុប្បន្នទីតាំងនេះ
កំពុងចាក់ខ្សាច់ និងថ្មប្របតាមដងទន្លេមេគង្គលើ ដែលតំបន់នេះនឹងមើលឃើញច្បាស់ ប្រសិនជាមើលពីទីក្រុងកោះពេជ្រ និងស្ថិតនៅទល់មុខនឹងទីក្រុងកោះនរា ដែលវិនិយោគដោយក្រុមហ៊ុនOCIC។
ទោះជាយ៉ាងណាក្រុមហ៊ុនឃុន សៀមិនទាន់បង្ហើបឲ្យដឹងពីព៌តមានលំអិតរបស់គំរោងនេះថា នឹងចាប់ផ្តើមសាងសង់ និងចំណាយថវិកាប៉ុន្មានរយលានដុល្លារ ដើម្បីអភិវឌ្ឍន៍លើគំរោងនេះនៅឡើយទេ។
អ្នកជំនាញអចលនវត្ថុកម្ពុជាបានលើកឡើងថា នៅពេលមានគម្រោងអភិវឌ្ឍន៍អ្វីធំៗ តែងតែធ្វើមានឥទ្ធិពលទៅលើតម្លៃអចលនទ្រព្យ ជាក់ស្ដែងគម្រោងអភិវឌ្ឍអគារខ្ពស់របស់ក្រុមហ៊ុនឧកញ៉ាឃុន សៀ នៅតំបន់អរិយក្ស័ត្រ បើទោះបីមិនទាន់លេចជារូបរាងក្ដីតែតម្លៃក្នុងតំបន់នេះ បានផ្ទុះឡើងតាំងពីការប្រកាសគម្រោងដំបូងម្ល៉េះ ។
លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានលើកឡើងថា ចាប់តាំងពីប្រកាសគម្រោង រហូតមកដល់ពេលនេះ តម្លៃដីនៅតំបន់អរិយក្ស័ត្រ តំបន់ដែលមានគម្រោងអភិវឌ្ឍន៍ គឺនៅតែមានកំណើនជាបន្តបន្ទាប់។ ជាក់ស្ដែងមកដល់ពេលនេះតម្លៃដីនៅអរិយក្ស័ត្រ ទល់មុខកោះពេជ្រ វាបានហក់ឡើងដល់ពី១០០០ដុល្លារទៅ១៥០០ដុល្លារអាមេរិក ទៅហើយក្នុងមួយម៉ែត្រការ៉េ ។
លោកបន្តថា “តម្លៃនេះបើយើងនិយាយចំពោះតំបន់នៅជាប់ទន្លេរ ដែលជាប្រភេទដីកម្រ ហើយដីនៅតំបន់មិនជាប់ទន្លេ និងមានទីតាំងនៅក្បែរៗនោះដែរ ក៏មានតម្លៃប្រមាណ៨០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ”។
លោកបន្តថា ដោយឡែកតំបន់ផ្សេងៗ ក៏តាមបណ្ដោយផ្លូវ៣៨០ក្នុងភូមិសាស្ត្រទល់នឹងមុខកោះពេជ្រ ក៏មានតម្លៃពី៦០០ដុល្លារអាមេរិក ទៅ១០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
លោកសំ សុខនឿនបានបន្តថា លោកមិនទាន់ច្បាស់សម្រាប់ការអភិវឌ្ឍ ក៏ដូចជាគម្រោង ផែនការអភិវឌ្ឍរបស់ឧកញ៉ាឃុន សៀលើការអភិវឌ្ឍអគារខ្ពស់នោះដែរ ប៉ុន្តែបច្ចុប្បន្នឃើញបន្តចាក់ដី ដើម្បីពង្រាបឱ្យស្មើនឹងត្រៀមអភិវឌ្ឍន៍នៅពេលខាងមុខ។ តំបន់នេះ បើសិនជាមានការតភ្ជាប់ស្ពានពីកោះពេជ្រ កោះនរាហ៍ ឬតំបន់ណាមួយពីរាជធានីភ្នំពេញទៅកាន់តំបន់អរិយក្ស័ត្រ នឹងធ្វើឱ្យសន្ទុះនៃការអភិវឌ្ឍនៅតំបន់នោះ នឹងកាន់តែខ្លាំងឡើង។
លោកបន្ថែមថា “វាជាឧបសគ្គឬជាការរាំងស្ទះ ដល់ការអភិវឌ្ឍនៅតំបន់អរិយក្ស័ត្រគឺគ្មានស្ពានសម្រាប់ធ្វើដំណើរតែម្ដង។ បើសិនជាមានស្ពានឆ្លងទៅកាន់តំបន់នោះ ពលរដ្ឋកាន់តែងាយស្រួលធ្វើដំណើរ អ្នកវិនិយោគនឹងសម្លឹងទៅតំបន់នេះ ក្នុងការអភិវឌ្ឍ ហើយវានឹងមានគម្រោងខុនដូ អគារខ្ពស់ៗ លំនៅឋានតម្លៃខ្ពស់ៗជាដើម ដោយសារតែវានៅជិតរាជធានីភ្នំពេញ គ្រាន់តែបច្ចុប្បន្ននេះ ការធ្វើដំណើររបស់ពលរដ្ឋ គឺត្រូវជិះសាឡាងឆ្លងទន្លេ ។
ប្រជាពលរដ្ឋជាច្រើន នៅក្នុងតំបន់អរិយក្សត្រ ក្បែរគម្រោងអភិវឌ្ឍន៍របស់លោកឧកញ៉ាឃុន សៀបានលើកឡើងនាពេលកន្លងមកថា ចាប់តាំងពីមានគម្រោងអភិវឌ្ឍន៍មួយនេះ មានអ្នកដើររកទិញដីច្រើនណាស់នៅអរិយក្ស័ត្រ មានទាំងខ្មែរ មានទាំងចិន និងហ៊ានឱ្យតម្លៃខ្ពស់ៗទៀតផង ជាក់ស្ដែងផ្ទះនៅជាប់ផ្លូវធំក្បាលត្រឹម២០ ឬ៣០ម៉ែត្រប ណ្ដោយ៣០ ទៅ៤០ម៉ែត្រពួកគេហ៊ានឱ្យតម្លៃ២០ ទៅ៣០ម៉ឺនដុល្លារអាមេរិកឯណោះ ។ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនមិនបានសម្រេចចិត្តលក់ទេ ដោយគិតថាលក់ហើយមិនទាន់ដឹងថាទៅធ្វើអ្វី ប្រកបមុខរបរអ្វី ដូច្នេះចេះតែរស់នៅទីនោះសិនទៅ ។
បើតាមអាជ្ញាធរនៅក្នុងតំបន់អរិយក្ស័ត្រ បានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា ការវិនិយោគរបស់ក្រុមហ៊ុនធំៗ នៅក្នុងទឹកដីនៃតំបន់អរិយក្ស័ត្រនឹងផ្ដល់ផលប្រយោជន៍ជាច្រើន ដល់ពលរដ្ឋក្នុងតំបន់នោះ ហើយកូនៗអ្នកស្រុកក៏នឹងទទួលបានការងារនៅជិតផ្ទះ និងមិនបាច់ធ្វើដំណើរទៅធ្វើការឆ្ងាយដែរ។ អ្វីដែលអ្នកស្រុកត្រូវត្រៀមនៅពេលនេះ គឺបញ្ជូនកូនៗទៅរៀនយកជំនាញ ដើម្បីបម្រើការជាមួយក្រុមហ៊ុនជាច្រើនដែលនឹងមកបណ្ដាក់ទុនក្នុងតំបន់អរិយក្ស័ត្រនៅពេលខាងមុខ។
លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលគ្រោងនឹងពង្រីកបន្ថែមនូវផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣នាពេលខាងមុខ ដោយការពង្រីកផ្លូវខ្សែក្រវ៉ាត់ទី៣នេះ នឹងមានការសាងសង់ស្ពានតភ្ជាប់ពីក្តីតាកុយ ទៅតំបន់អរិយក្សត្រ និងស្ពានមួយទៀតតភ្ជាប់ពីតំបន់កោះដាច់ ទៅកាន់ផ្លូវជាតិលេខ៦អាផងដែរ៕