តើអ្នកវិនិយោគអចលនទ្រព្យគួរយល់ដឹងអ្វីខ្លះដើម្បីទទួលបានជោគជ័យ?

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ជាការកត់សម្គាល់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិនិយោគទៅលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថាមានសន្ទុះកាន់តែខ្លាំង ហើយនៅក្នុងវិបត្តិកូវីដ១៩នេះ ក៏សកម្មភាពនៃការវិនិយោគទៅលើអចលនទ្រព្យនៅតែមាន និងមានវិនិយោគិនពីវិស័យផ្សេងៗជាច្រើនទៀត បានចូលមកវិនិយោគក្នុងវិស័យនេះ។

ដូច្នេះដើម្បីឱ្យទទួលបានជោគជ័យឬយ៉ាងហោចណាស់ កាត់បន្ថយនូវហានិភ័យវិនិយោគិនអចលនទ្រព្យគួរយល់ដឹងអ្វីខ្លះ?។

លោកពុធ ចន្ថា អនុប្រធានសមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា និងជានាយកផ្នែកបណ្ដុះបណ្ដាលនៃក្រុមហ៊ុនIQI Cambodia បានឱ្យដឹងនាព្រឹកថ្ងៃទី២០ កញ្ញានេះថា ការវិនិយោគអចលនទ្រព្យ មិនមែននិយាយត្រឹមតែការទិញ លក់ ជួលអចលនទ្រព្យប៉ុណ្ណោះទេ តែក៏សំដៅលើការវិនិយោគ ទៅលើព័ត៌មានស្ដីពីវិស័័យអចលនទ្រព្យ ។

លោកថា “បើសិនជាបងប្អូនប្រជាពលរដ្ឋ មិនបានដឹងព័ត៌មានពីវិស័យអចលនទ្រព្យច្បាស់លាស់នោះទេ បងប្អូនមិនអាចវិនិយោគវិស័យអចលនទ្រព្យ បានដោយជោគជ័យឡើយ”។ លោកបន្តថា “ការវិនិយោគទៅលើអចលនទ្រព្យ ក៏ជាការវិនិយោគទៅលើឱកាសផងដែរ ។ អ្នកដែលចេះមើលពីឱកាស ចេះក្ដាប់ឱកាសបានតែងតែទទួលបានជោគជ័យក្នុងការវិនិយោគលើអចលនទ្រព្យ”។

លោកពុធ ចន្ថាបានបន្តថា ក្រៅពីនេះ ការវិនិយោគអចលនទ្រព្យនាពេលបច្ចុប្បន្ននេះដើម្បីទទួលបានជោគជ័យ និងកាត់បន្ថយនូវហានិភ័យ អ្នកវិនិយោគក៏ត្រូវចេះទៅលើបច្ចេកវិទ្យា ពីព្រោះបច្ចេកវិទ្យានេះ មានសារសំខាន់ណាស់នៅក្នុងពេលនេះ ។ មួយវិញទៀតការទទួលខុសត្រូវ និងភាពស្មោះត្រង់គឺជាកត្តាមួយ ដែលរក្សាការវិនិយោគរបស់យើងបានយូរអង្វែង បើមិនមានភាពស្មោះត្រង់និងទំនួលខុសត្រូវនោះទេ ការវិនិយោគរបស់យើងបានត្រឹមតែរយៈពេលខ្លះប៉ុណ្ណោះ ។

នៅមានកត្តាជាច្រើន ដែលវិនិយោគិនខ្លួនឯងនោះ ត្រូវសិក្សាស្វែងយល់បន្ថែមមុននឹងសម្រេចចិត្តវិនិយោគលើអចលនទ្រព្យ។ ការវិនិយោគដោយតាមគេ និងមិនមានចំណេះដឹងមូលដ្ឋានទាល់តែសោះ នឹងមានហានិភ័យខ្ពស់ទៅលើការខាតបង់ ។

បើតាមអ្នកជំនាញនៃវិស័យអចលនវត្ថុជាច្រើនទៀត ក៏បានឱ្យដឹងផងដែរថា ការវិនិ​យោគអចលនទ្រព្យគឺត្រូវមានការអត់ធ្មត់ និងទាមទារនូវទុនច្រើន ជាឧទាហរណ៍ទិញដីមួយកន្លែងសម្រាប់ចំណេញ វាមិនមែនទិញថ្ងៃនេះ លក់ចេញស្អែកហើយចំណេញនោះទេ គឺទាមទារឱ្យអត់ធ្មត់ និងត្រូវការពេលវេលាដើម្បីឱ្យដីនោះឡើងថ្លៃ ដូច្នេះបើសិនជាទិញដើម្បីចំណេញឆាប់ៗវាកម្រនឹងមានណាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here