ដោយៈវឌ្ឍនៈ
ពោធិសាត់ៈ ក្រោយពេលរដ្ឋាភិបាល បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តភ្ជាប់ពីខេត្តមួយនេះ ទៅកាន់បណ្ដាខេត្តសក្ដានុពលជាច្រើន ដូចជា បាត់ដំបងកោះកុងនិងខេត្តផ្សេងៗទៀត។
ការវិនិយោគលើគំរោងហេដ្ឋារចនាសម្ព័ន្ឋសាធារណៈនេះ ក៏បានទាក់ទាញការវិនិយោគជាបន្តបន្ទាប់ ពីសំណាក់វិនិយោគិនជាតិនិងអន្តរជាតិ ជាក់ស្ដែងគេសង្កេតឃើញ គម្រោងវិនិយោគវិនិយោគរាប់លានដុល្លារ ក៏ចាប់ផ្ដើមសម្លឹងទៅកាន់ខេត្តមួយនេះផងដែរ ។
គម្រោងវិនិយោគធំៗ មួយចំនួនដែលឃើញប្រកាសដាក់ទុនវិនិយោគ នៅក្នុងខេត្តពោធិ៍សាត់រួមមាន គម្រោងបង្កើតរោងចក្រដំឡើងរថយន្តហ្វដ និងសហគ្រាសផលិតកែវក្រដាស ដែលដាក់ដំណើរការជាដើម ព្រមជាមួយនឹងគម្រោងមួយចំនួនទៀតក្នុងទឹកដីនៃខេត្តមួយនេះ ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ខេត្តពោធិ៍សាត់ជាខេត្តមួយ ដែលកំពុងមានសក្ដានុពល ប្រជាពលរដ្ឋក៏ចាប់ផ្ដើមានជីវភាពធូរធា ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏បានធ្វើឱ្យមានការទាក់ទាញកាន់តែខ្លាំង ដល់វិនិយោគិនជាតិ និងអន្តរជាតិ ជាមួយនឹងតំបន់ទេសចរណ៍ក៏កាន់តែទាក់ទាញផងដែរ ។
លោកបន្តថា “តម្លៃដីធ្លីនៅក្នុងខេត្តមួយនេះ មានការប្រែប្រួលខ្លាំង ចាប់ពីតម្លៃត្រឹមតែ១ដុល្លារក្នុងមួយម៉ែត្រការ៉េ ដល់រាប់រយដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។ ប៉ុន្តែសម្រាប់អ្នកវិនិយោគ មានចក្ខុវិស័យរយៈពេលវែង អាចវិនិយោគដីធ្លីនៅក្នុងខេត្តនេះ គឺមិនខុសទេ”។
លោកបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះ គឺជាកត្តាទាក់ទាញមួយសម្រាប់វិនិយោគិន ដូចជា ផ្លូវតភ្ជាប់ទៅកាន់ខេត្តផ្សេងទៀត និងទៅកាន់ព្រំដែនកម្ពុជាថៃ ដែលធ្វើ ឱ្យពលរដ្ឋ កាន់តែមានភាពងាយស្រួល ក្នុងការធ្វើដំណើរទៅកាន់ខេត្តផ្សេងៗ និងសម្រាប់ដឹកជញ្ជូនទំនិញជាដើម ។
លោកម៉ៅ ធនិន្ទអភិបាលខេត្តពោធិ៍សាត់បានថ្លែងថា ការបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់ នឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជា ប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ ជាក់ស្ដែងនៅពេលខេត្តនេះមានរោងចក្រសហគ្រាស គឺពលរដ្ឋដែលមានជំនាញនឹងមានអាទិភាព ហើយកូនចៅអ្នកស្រុកក៏អាចធ្វើការនៅជិតផ្ទះ ដោយមិនចាំបាច់ធ្វើដំណើរ ទៅកាន់ខេត្តផ្សេងតំបន់ផ្សេងឬចំណាកស្រុកឡើយ។
រដ្ឋាភិបាលបាននិងកំពុងស្ថាបនាឡើងវិញ និងពង្រីកផ្លូវជាតិលេខ៥ ដែលមានប្រវែងជាង៤០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងកំពុងស្ថាបនាផ្លួវថ្មីមួយខ្សែ គឺផ្លូវជាតិលេខ១០ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង មកកាន់ខេត្តពោធិសាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង ដើម្បីសម្រួលការដឹកជញ្ជូនទំនិញ និងធ្វើសមាហរណកម្មផ្ទៃក្នុងកម្ពុជា៕