ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ បន្ទាប់ពីបានឈានជើង ចូលមកកាន់ទីផ្សារកម្ពុជារយៈពេល៩ឆ្នាំ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកCentury21 Cambodia បានពង្រីកធនធានមនុស្ស ពិសេសភ្នាក់ងារអចលនទ្រព្យអាជីព ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ ទៅដល់មូលដ្ឋានឃុំនិមួយៗ លើបណ្តារាជធានី ខេត្តចំនួន២៥នៅទូទាំងប្រទេស។
លោកស្រីGrace Rachny Fongនាយិកាក្រុមហ៊ុនCentury21 Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៤ កញ្ញានេះថា ជាមួយនឹងការធ្វើឲ្យមានទំនុកចិត្តដល់ទីផ្សារ និងលើកកំពស់វិជ្ជាជីវៈ ក្នុងវិស័យអចលនទ្រព្យ ស្របតាមស្តង់ដាអន្តរជាតិ បច្ចុប្បន្នយើងមានភ្នាក់ងារអចលនទ្រព្យ ប្រមាណ១០០០នាក់នៅទូទាំងរាជធានីភ្នំពេញ និងគ្រោងពង្រីកទៅដល់បណ្តាឃុំទាំង១៦៤៦ឃុំ នៅទូទាំងប្រទេសនាពេលខាងមុខ។
លោកស្រីបន្តថា “ភ្នាក់ងាររបស់យើង សុទ្ឋតែជាធនធានមនុស្សមានគុណភាព មានការបណ្តុះបណ្តាលត្រឹមត្រូវ ស្មោះត្រង់ និងមានលក្ខណៈអាជីព ដែលជួយដល់ទីផ្សារនេះឲ្យកាន់តែមានភាពរីកចម្រើន និងទាក់ទាញការវិនិយោគពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ”។ លោកស្រីបន្តថា “យុទ្ឋនាការរបស់យើងបានបញ្ចប់ហើយ កាលពីចុងឆ្នាំ២០២០ ប៉ុន្តែដោយសារត្រូវការជ្រើសរើសភ្នាក់ងារថ្មី ក្រុមហ៊ុននឹងបណ្តុះធ្វើការបណ្តុះបណ្តាល ប្រចាំខែជាបន្តទៀត”។
ហេតុអ្វីក្រុមហ៊ុនCentury21 Cambodiaត្រូវពង្រីកដល់មូលដ្ឋាន? លោកស្រីGrace Rachny Fongបានពន្យល់បន្តថា បណ្តាឃុំនិមួយៗ សុទ្ឋតែមានសក្តានុពល ពិសេសផ្នែកដីធ្លី ហេតុនេះទើបយើងតម្រូវឲ្យមានប្រធានសាខាមួយ នៅតាមគ្រប់បណ្តាឃុំទូទាំងប្រទេស និងជ្រើសរើសភ្នាក់ងារ ប្រចាំមូលដ្ឋានទាំងនោះជាច្រើនទៀត ដើម្បីឲ្យពួកគេអាចបង្ហាញសក្តានុពល និងឱកាសវិនិយោគដល់អ្នកវិនិយោគជាតិ អន្តរជាតិដែលអាចចូលរួមចំណែក អភិវឌ្ឍន៍មូលដ្ឋានរបស់ពួកគេបានលឿន និងឆាប់រហ័សតាមរយៈការទាញយកមូលដ្ឋានសក្តានុពលដែលមានស្រាប់។
លោកស្រីបន្តថា “ការរីកចម្រើនរបស់ក្រុមហ៊ុននេះ បាននិងកំពុងបង្ហាញថា យើងកំពុងដើរលើមាគ៌ាត្រឹមត្រូវ ក្នុងការពង្រឹងអាជីពក្នុងវិស័យនេះ និងរួមចំណែកទាក់ទាញការវិនិយោគពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិមកកម្ពុជា ព្រោះក្នុងចំណោមសរសរស្តម្ភទាំង៤ វិស័យអចលនទ្រព្យជាសសរស្តម្ភធំមួយ ដែលរួមចំណែកលើកកំពស់សេដ្ឋកិច្ចជាតិ”៕