ដោយៈសុខុម
ឌូបៃ: មន្ទីរវប្បធម៌ និងទេសចរណ៍ក្រុងអាប៊ូដាប៊ីនិយាយថា ពេលនេះប្រទេសអារ៉ាប់រួមអេមីរ៉ាត កំពុងសម្រុកសាងសង់សារៈមន្ទីរ Guggenheim Abu Dhabi តម្លៃ១ពាន់លានដុល្លារអាមេរិក ដើម្បីឱ្យរួចរាល់ជាស្ថាពរនៅត្រឹមឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃទី៣០ កញ្ញា។
ក្រោយការសាងសង់បញ្ចប់ជាស្ថាពរ សារៈមន្ទីរនេះ ធ្វើឡើងសម្រាប់ដាក់តាំងបង្ហាញស្នាដៃសិល្បៈសម័យទំនើប និងសិល្បៈសហសម័យទូទាំងពិភពលោក ដោយផ្តោតលើអាស៊ីខាងលិច អាហ្វ្រិកខាងជើង និងអាស៊ីខាងត្បូង។
គម្រោងតម្លៃ១ពាន់លានដុល្លារ នេះត្រូវបានប្រគល់ជូនលោក Frank Gehry ជាស្ថាបត្យករអាមេរិក ដើមកំណើតកាណាដា ដ៏ល្បីឈ្មោះសម្រាប់ការឌីហ្សាញសារៈមន្ទីរនេះ។ ដើមឡើយគម្រោងនេះ គ្រោងបើកដំណើរការនៅឆ្នាំ២០១៧ បន្ទាប់ពីត្រូវបានប្រកាសក្នុងឆ្នាំ២០០៦ ប៉ុន្តែត្រូវបានពន្យារពេល។
លោក Mohamed Khalifa Al-Mubarak ប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ក្រុងអាប៊ូដាប៊ីបានថ្លែងថា “សារៈមន្ទីរនេះ នឹងដើរតួនាទីយ៉ាងសំខាន់ តាមរយៈបេសកកម្មរបស់ខ្លួន នៅក្នុងទាក់ទាញចំណាប់អារម្មណ៍ កាន់តែទូលំទូលាយមកលើសិល្បៈសម័យទំនើប និងសិល្បៈសហសម័យទូទាំងពិភពលោក ដោយជំរុញការដាក់បញ្ចូលស្នាដៃសិល្បៈដ៏សម្បូរបែប នៅក្នុងការផ្លាស់ប្តូរវប្បធម៌គ្នា ទៅទៅមកប្រកបដោយអត្ថន័យ”។
យោងតាមសារព័ត៌មានដដែលឱ្យដឹងថា សារៈមន្ទីរ Louvre Abu Dhabi ដែលបានបើកស្វាគមន៍សាធារណជននៅខែវិច្ឆិកា ឆ្នាំ២០១៧ ក៏ស្ថិតនៅក្នុងទីក្រុងអាប៊ូដាប៊ីដែរ។
លោក Mohamed Khalifa Al-Mubarak បានបន្ថែមទៀតថា “ការវិនិយោគលើសារៈមន្ទីរទាំងនេះ ពិតជាមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងទីក្រុងរបស់យើង និងសម្រាប់ការរួមចំណែករបស់យើង ចំពោះពិភពសិល្បៈទូទាំងពិភពលោក”។
សារៈមន្ទីរ Guggenheim មានជាច្រើនកន្លែងក្នុងពិភពលោក ដូចជា នៅក្រុងញូវយ៉ក នៅទូទាំងទ្វីបអាមេរិក និងអឺរ៉ុប៕ Arab News៕